សម្ដេចតេជោហ៊ុន សែន នឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែ​រ រស់នៅសហរដ្ឋម៉េរិក ជួបសំណេះសំណាល

ភ្នំពេញ៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដី នឹងអនុញ្ញាតឲ្យ បងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋម៉េរិក ជួបសំណេះសំណាល នៅពេលដែលសម្ដេច និងគណៈប្រតិភូ ជាន់ខ្ពស់កម្ពុជា ទៅដល់សហរដ្ឋអាម៉េរិក នៅរសៀលម៉ោង៤ ម៉ោងនៅអាម៉េរិក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦។ នេះបើតាមការឲ្យ ដឹងពីលោកស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី។

សូមជម្រាបថា សម្ដេចតេជោហ៊ុន សែន នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅចូលរួមកិច្ច ប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាន់នីលែន ទីក្រុងរ៉ែនចូមីរេច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក។

គណៈប្រតិភូអមដំណើរ សម្ដេចតេជោ រួមមានៈលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកអូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងមន្រ្ដីជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត។

លោកស្រ៊ី ថាមរ៉ុង រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី បានឲ្យដឹង ថា នេះជាលើកទី១ហើយ ដែលមានការរៀបចំកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាម៉េរិក បន្ទាប់ពី អាស៊ាន និងអាម៉េរិក បានក្លាយជាដៃគូយុទ្ធសាស្រ្ដ កាលពីខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ការរៀបចំកិច្ចប្រជុំនេះ មានគោលបំណង ដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងដៃគូ រវាងអាស៊ាន និងអាម៉េរិក ពង្រឹងកិច្ចសហប្រតិបត្ដិការ ក្នុងតំបន់ និងផ្ដោតសំខាន់ផងដែរ ទៅលើវិស័យឯកជន ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម។ ក្រៅពីបញ្ហាទាំងអស់នេះ មេដឹកនាំអាស៊ាន-អាម៉េរិក នឹងពិភាក្សាទៅលើបញ្ហា ប្រឈមនៅក្នុងតំបន់ ដូចជាៈបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្ម អំពើជ្រុលនិយម បញ្ហាសុវត្ថិភាពនាវាចរណ៍ បញ្ហាជំងឺឆ្ល និងការប្រែប្រួលអាកាសធាតុជាដើម។  

លោកស្រ៊ី ថាមរ៉ុង បានឲ្យដឹងបន្ដ ថា នៅរសៀលម៉ោង៤ ម៉ោងនៅសហរដ្ឋអាម៉េរិក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដី នឹងអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ពីគ្រប់ទីកន្លែងនៅសហរដ្ឋម៉េរិក ជួបសំណេះសំណាល ពិសេសនៅរដ្ឋកាលីហ្វ័រញ៉ា។ សម្រាប់កម្មវិធី នៅថ្ងៃទី១៥ ខែកុម្ភៈ គឺកិច្ចប្រជុំកំពូលពិសេស អាស៊ាន-សហរដ្ឋអាម៉េរិក ដែលនឹងត្រូវបើកក្រោមសហប្រធាន ដោយលោកប៉ារ៉ាក់ អូប៉ាម៉ា ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោកថងស៊ីង ថាមវង្ស នាយករដ្ឋមន្រ្ដីឡាវ ដែលជាប្រធានអាស៊ានបច្ចុប្បន្ន។

ចំណែកនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ នឹងមានការរៀបចំកិច្ចប្រជុំចង្អៀត។ បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដី និងគណៈប្រតិភូ នឹងធ្វើមាតុភូមិនិវត្ដន៍កាន់ប្រទេសកម្ពុជាវិញ  ហើយគ្រោងមកដល់មុនម៉ោង១១យប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦៕