អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្កើត​ស្ថានីយ​សាក​អាគុយ​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ ដើម្បី​ជួយ​សម្រួល​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​

សៀមរាប: អាជ្ញាធរ​ជាតិ​អប្សរា បាន​បង្កើត​នូវ​ស្ថានីយ​សាក​អាគុយ​ចំនួន​បី​កន្លែង​ក្នុង​តំបន់​អង្គរ ដែល​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​(​បន្ទះ​សូ​ឡា​) ក្រោម​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សហគមន៍ និង​បេតិកភណ្ឌ​អង្គរ​ហៅ​កាត់​ថា ACHA ដែលជា​ជំនួយ​ឧបត្ថម្ភ​របស់​ប្រទេស​ញូ​វ​ហ្ស៊ី​ឡែ​ន ដើម្បី​ចូលរួមចំណែក​ជួយ​សម្រួល​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ឧទ្យាន​អង្គរ​។​

​លោក ទស្ស សុមនា​ថ ប្រធាន​នាយកដ្ឋាន​ស្តីទី​នៃ​នាយកដ្ឋាន​រៀបចំ​ដែនដី​និង គ្រប់គ្រង​លំនៅដ្ឋាន​ក្នុង​ឧទ្យាន​អង្គរ​បាន​ឲ្យ​ដឹងថា អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្កើត​គម្រោង​ស្ថានីយ​នេះ​ចាប់តាំងពី​ឆ្នាំ​២០១២​មកម្ល៉េះ​ដោយ​អនុវត្តបាន​ចំនួន​បី​កន្លែង​ហើយ ទី​១​នៅ​ភូមិ​លាងដៃ​ឃុំ​លាងដៃ ស្រុក​អង្គរធំ មាន​១២​ផ្ទាំង​អាច​សាក​បាន​៣៤​អាគុយ ទី​២​នៅ​ភូមិ​ទួល​ក្រឡាញ់ ឃុំ​ខ្នារ​សណ្តាយ​ស្រុក​បន្ទាយស្រី មាន​១៦​ផ្ទាំង​អាច​សាក​បាន​៤០​អាគុយ​និង​ទី​៣​នៅ​ភូមិ​ល្បើក ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប មាន​១៦​ផ្ទាំង​អាច​សាក​បាន​៤០​អាគុយ​។ ស្ថានីយ​នីមួយៗ​មាន​គណៈកម្មការ​មួយក្រុម​សម្រាប់​គ្រប់គ្រង ហើយ​ចំណាយ​ថវិកា​គម្រោង​អស់​ប្រហែល​ពីរម៉ឺន​ដុល្លារ ដោយ​ប្រជាពលរដ្ឋ​ផ្តល់​ទីតាំង​សម្រាប់​សាងសង់​។​

​លោក រឿង ចាន់ថុល មន្ត្រី​ទទួលបន្ទុក​សម្របសម្រួល​សហគមន៍​សូ​ឡា​នៃ​គម្រោង​ACHA និយាយថា នៅ​ស្ថានីយ​នេះ​សាក​អាគុយ​យក​តម្លៃថោក​ជាង​សាក​ដោយ​ភ្លើងអគ្គិសនី ហើយ​មិន​ធ្វើ​ឲ្យ​អាគុយ​ឆាប់​ខូច ប្រើ​បានយូរ ចំណេញ​ថវិកា​ច្រើន និង​មិន​ប៉ះពាល់​បរិស្ថាន​ថែម​ទៀតផង​។ ម្យ៉ាងវិញទៀត ថវិកា​ទាំងអស់​ដែល​បាន​ពី​ការ​សាក​អាគុយ​នេះ​ប្រើ​ជា​ប្រយោជន៍​សម្រាប់​សហគមន៍​ផ្ទាល់ ដោយ​បែង​ចែកជា​បួន​ផ្នែក​គឺ ម្ចាស់​ទីតាំង​ទទួលបាន​៥០% គណៈកម្មការ​២០% សហគមន៍​១៥%​និង​១៥%​ទុក​សម្រាប់​ជួសជុល​ថែទាំ​។ លោក​បញ្ជាក់ថា កន្លងមក គណៈកម្មការ​ក៏បាន​ដក​ប្រាក់​សហគមន៍​ទិញ​អាគុយ​ជូន​ប្រជាពលរដ្ឋ​ចំនួន​១៤​គ្រួសារ​ដែល​គ្មាន​លទ្ធភាព ដោយ​តម្រូវ​ឲ្យ​ពួកគាត់​បង់​ថវិកា​រំ​លោះ​៧០% ចំណែក​សហគមន៍​ជួយ​៣០%​។​

​លោកស្រី ប៊ី សុខា ម្ចាស់​ទីតាំង​សាក​អាគុយ​បន្ទះ​សូ​ឡា​ភូមិ​លាងដៃ​និយាយថា​ស្ថានីយ​ទទួល​សាក​អាគុយ​ជា​រៀងរាល់ថ្ងៃ ហើយ​មាន​ករណី​ពិសេស​មួយ​គឺ​នៅ​ដើមខែ​ឬ​ចុងខែ​ស្ថានីយ​សាក​អាគុយ​ជូន​ប្រជាពលរដ្ឋ​មួយថ្ងៃ​ដោយ​មិន​យក​ថវិកា​។​

​អាជ្ញាធរ​ជាតិ​អប្សរា​លើកទឹកចិត្ត និង​គាំទ្រ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ប្រើ​សេវា​នេះ​ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ ក៏ដូចជា​ជួយ​ការពារ​បរិស្ថាន​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​មិនអាច​កាត់ថ្លៃ​បាន​៕

អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្កើត​ស្ថានីយ​សាក​អាគុយ​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ ដើម្បី​ជួយ​សម្រួល​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​

អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្កើត​ស្ថានីយ​សាក​អាគុយ​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ ដើម្បី​ជួយ​សម្រួល​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​

អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្កើត​ស្ថានីយ​សាក​អាគុយ​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ ដើម្បី​ជួយ​សម្រួល​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​