អ្នកវិភាគ៖ ឯកឧត្តម សម រង្ស៊ី មិនអាច​ចូលស្រុក និងឃុំខ្លួន​មនុស្ស១៥នាក់​ ជាដើមចម​ នាំឲ្យអាមេរិក​ សម្លឹង​កម្ពុជា​ក្នុងផ្លូវ​មិនល្អ​

ភ្នំពេញ៖ លោក មាស នី អ្នកវិភាគសង្គមបានថ្លែងថា មូលហេតុដែលនាំឲ្យ សហរដ្ឋអាមេរិក សម្លឹងកម្ពុជាក្នុងផ្លូវមិនល្អ ដោយសារឯកឧត្តម សម រង្ស៊ីមិនអាច ចូលស្រុកខ្មែរវិញបាន ជាពិសេស តំណាងរាស្រ្ត និងសកម្មជនគណបក្សសង្រ្គោះជាតិ១៥កំពុងជាប់ពន្ធនាគារព្រៃស។

ឯកឧត្តម សម រង្ស៊ី មិនហ៊ានចូលស្រុកខ្មែរដោយខ្លួន ព្រោះតែលោកជាប់ពាក្យបណ្តឹង ចំនួន៣ករណីធំៗ ពីសំណាក់មន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល។
ការលើកឡើងរបស់លោកនេះ បានធ្វើឡើងស្របពេលដែលសម្តេចតេជោ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មួយក្រុមទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

អ្នកវិភាគសង្គមរូបនេះ បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃ ១៤  កុម្ភៈ ថា ទំនាក់ទំនងកម្ពុជា-អាមេរិក អាចនឹងមានការផ្លាស់ប្តូរ បន្តិចបន្តួចដែរ ដោយសារស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលថ្ងៃចុងក្រោយ ហាក់មិនមានអំណោយផលល្អ ក្នុងនោះ មានការរំលោភសិទ្ធិមនុស្ស ឯកឧត្តម សម រង្ស៊ី មិនអាចត្រឡប់មកវិញ មន្រ្តីគណបក្សសង្រ្គោះជាតិជាប់ពន្ធនាគារជាដើម។

លោកបញ្ជាក់ថា “ទាំងអស់នេះ ជាលក្ខខណ្ឌដែលបានទាញអាមេរិកមិនឲ្យឃើញកម្ពុជាមានភាពវិជ្ជមាន១០០%។ ប៉ុន្មានថ្ងៃមុននេះ មានការឆ្លើយឆ្លងគ្នា រវាងសមាជិកព្រឹទ្ធសភាអាមេរិក និងរាជរដ្ឋាភិបាលកម្ពុជា ទាក់ទងអំពើអយុត្តិធម៌ក្នុងសង្គមផ្សេងៗ អាហ្នឹងជាលក្ខខណ្ឌមួយ ដែលមិនទាន់អាចជំរុញ ឲ្យទំនាកទំនងរវាង អាមេរិក-កម្ពុជា អាចដំណើរការល្អ ដូចទៅនឹងប្រទេសដ៏ទៃទៀត”។

ដោយឡែកទាក់ទងនឹងជំនួបជាមួយប្រជាពលរដ្ឋខ្មែរនៅអាមេរិកវិញ លោក មាស នី បានលើកឡើងថា ជារឿងធម្មតាទេ នៅពេលដែលថ្នាក់ដឹកនាំ ប្រទេសធ្វើដំណើរទៅដល់ ប្រទេសណាមួយហើយ តែងតែមានជំនួបដើម្បីចង់ដឹងពីសុខទុក្ខរបស់ពលរដ្ឋខ្លួនដែលរស់នៅក្រៅប្រទេស។ លោកបន្តថា “មានការជួបជុំគ្នារវាង សម្តេចតេជោនិងពលរដ្ឋនេះ គឺមិនមានអីប្លែកនោះទេ”។

កាលពីថ្ងៃទី១១ កុម្ភៈ  សមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក ជាន់ខ្ពស់៧រូប បានផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីស្នើឲ្យ ឯកឧត្តម សម រង្ស៊ី ចូលស្រុកវិញ ដោយមិនមានការរាំភ័យខ្លាច និងស្នើឲ្យដោះលែង អ្នកជាប់ពន្ធនាគារ ទាំង១៥រូប របស់គណបក្សប្រឆាំង មួយនេះមានសេរីភាពផងដែរ៕