ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកណ្ដាល​ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី១២ ​កុម្ភៈ ​២០១៦ ប្រតិភូ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដឹកនាំ​ដោយ​លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា ​​ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​មនុស្សធម៌​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ដោយ​អគ្គិភ័យ​​១គ្រួសារ នៅ​ភូមិ​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឫស្សី ក្រុង​តា​ខ្មៅ ​។

តាម​របាយការណ៍​ស្វាគមន៍​លោក ហេង ធៀ​ម ប្រធាន​គណៈកម្មាធិការ​អនុ​សាខា​ក្រុង បាន​បញ្ជាក់​ថា ​កាល​ពី​ថ្ងៃ​ទី១១ ​កុម្ភៈ ​២០១៦ មាន​ករណី​គ្រោះ​អគ្គិភ័យ បណ្តាល​មក​ពី​ទុ​ស្សេ​ចរន្ត​ខ្សែភ្លើង​អគ្គិសនី​ធ្វើ​ឱ្យ​ឆេះអស់​សម្ភារ​មួយ​ចំនួន ឯ​លំនៅ​ឋាន​គ្រាន់តែ​ឆេះ​រោល​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ ដោយសារ​មានការ​ជ្រោមជ្រែង​ជួយ​ពន្លត់​ទាន់​​​ពេល​ពី​​​​ប្រជាពលរដ្ឋ​នៅ​ជិតខាង ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​គ្រោះ​អគ្គិភ័យ​ខាងលើ ថ្វី​ត្បិត​លំនៅ​ឋាន​ពុំ​បាន​ឆេះ​ធ្ងន់ធ្ងរ​ក៏ពិតមែន ប៉ុន្តែ​វា​បាន​បង្ក​ឲ្យ​ម្ចាស់ផ្ទះម្នាក់​ជា​មេ​គ្រួសារ​ឈ្មោះ តាំង ឈុ​ន​លី ភេទ​ស្រី អាយុ៦៦ឆ្នាំ បាន​រង​របួស​ដោយ​រលៀកភ្លើង ។

មាន​ប្រសាសន៍​សំណេះសំណាល​ក្នុង​ពិធី​នោះ​ ​លោក ជាវ តា​យ ក្នុង​នាម​លោក​បណ្ឌិត ម៉ៅ ភិ​រុណ ប្រធានកិត្តិយស​សាខា បាន​នាំ​​ពាំ​​​នូវ​ការ​ផ្តាំផ្ញើ​​ និង​សួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ​ជូន​គ្រួសារ​រង​គ្រោះ​ដោយ​ក្តី​នឹករ​ឭក ។ លោក​បាន​លើក​ឡើង​ថា សម្តេច​កិត្តិ​ព្រឹ​ទ្ឋ បណ្ឌិត​ ​ជា​និច្ចកាល​​តែង​តែ​​បានការ​ណែនាំ​ជា​ប្រចាំ​ដល់​គ្រប់​ស្ថាប័ន​នៅ​ក្រោម​ឱវាទ​ទាំងអស់ ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ​រង​គ្រោះ និង​ងាយ​រង​គ្រោះ​ទាំងអស់​ក្នុង​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដោយមិន​ប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌​សម្បុរ សាសនា ឬ​និន្នាការ​នយោបាយ​ឡើយ ។

លោក​បាន​បន្ត​ថា​ អំណោយ​សរុប​ដែល​គ្រួសារ​រង​គ្រោះ​បាន​ទទួល​មាន អង្ករ២០០គីឡូក្រាម មី១កេស សារុង២ ក្រមា២ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកដោះគោ៤កំប៉ុង ស្ករស១គីឡូក្រាម សម្ភារ​ប្រើប្រាស់​ផ្ទះបាយ​មួយ​ចំនួន​ទៀត​ និង​ប្រាក់​​អាមេរិក​១៩០០ដុល្លារ ​និង​ប្រាក់​ខ្មែរ​៩០​ម៉ឺនរៀល ។​

សូម​បញ្ជាក់​ថា អំណោយ​មនុស្សធម៌​ដែល​ប្រតិភូ​សាខា​បាន​នាំ​មក​ចែក​ជូន​គ្រួសារ​រង​គ្រោះ​ខាងលើ មួយចំណែក​បាន​មក​ពី​ការ​ចូលរួម​របស់​សប្បុរសជន​នានា​មាន​លោក​ជំទាវ គឹ​ង ចាន់​ឌី គន់ គី​ម ​ប្រាក់​៥០០ដុល្លារ ផ្លែ​ឈើ១កន្ត្រក លោក​ជំទាវ​ឧកញ៉ា សៀង ចាន់​ហេង ​ប្រាក់​ ១.០០០ដុល្លារ និង​អង្ករ១០០គីឡូក្រាម ​សាខា​កាក​បាទ​ក្រហម​ខេត្ត ​ប្រាក់​ខ្មែរ​៥០ម៉ឺន​រៀល អង្ករ៥០គីឡូក្រាម និង​សម្ភារ​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន លោក​ជំទាវ ជឹ​ម សុខ​ខុន ​ប្រាក់​១០០ដុល្លារ លោកស្រី ជ វ៉ាង​លី ​ប្រាក់​១០០ ដុល្លារ លោក សុខ អឿ​ន ​​ប្រាក់​១០ម៉ឺន​រៀល លោក​ឧកញ៉ា លឹ​ម ប៊ុ​ន​លាង ​ប្រាក់​២០០ដុល្លារ អនុ​សាខា​កាកបាទក្រហម​ក្រុង​តា​ខ្មៅ ​ប្រាក់​៣០ម៉ឺន​រៀល និងអង្ករ៥០ គីឡូក្រាម ៕​
    ​    ​    ​    ​    ​    ​    ​