ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តពោធិ៍សាត់​ ៖​ កាលពី​​វេលា​ម៉ោង​២​រសៀលថ្ងៃ​ទី​១២ ​ខែ​កុ​ម្ភៈ ​ឆ្នាំ​២០១៦ ​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ បាន​​​ឃាត់ខ្លួន​បុរស​​២​នាក់​ដែល​កាប់​ទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់​ក្នុង​ដែន​ជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ​នៅ​ចំណុច​ភូមិ​ដីក្រហម​ ឃុំ​អន្លង់​រាប ស្រុក​វាល​វែង ​រួម​ជាមួយ​វត្ថុ​តាង​រណា​យន្ត​១គ្រឿង​ផង​ដែរ​ ។

​លោក ​ឯម ភូ​រី​បុត្រ​ អនុប្រធាន​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ​បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ទាំង​២​នាក់​នេះ​ ម្នាក់ ​ឈ្មោះ​ នាក់ ហឿ​ម​ ​​អាយុ​៣៥​ឆ្នាំ​ និង​ម្នាក់​ទៀត ​ឈ្មោះ​ មុំ ឌី​ ​​អាយុ​៤៤​ឆ្នាំ ទាំង​២​នាក់​ មាន​ទីលំនៅ​មិន​ពិតប្រាកដ​មក​ស្នាក់​នៅ​បណ្ដោះអាសន្ន​ភូមិ​ឃុំ​ខាងលើ​ ដើម្បី​លួច​កាប់​ព្រៃ​រាន​ដី​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន ​។ ​ជាក់ស្ដែង​នៅ​រសៀល​ថ្ងៃ​ទី​១២ ​ខែ​កុ​ម្ភៈ ​ឆ្នាំ​២០១៦ ​បន្ទាប់​ពី​ទទួល​​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​ មាន​បុរស​២​នាក់​កំពុង​កាប់​ទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់​ក្នុង​​​ភូមិ​សាស្ត្រ​ខាង​លើ ​​​​លោក​បាន​ដឹកនាំ​កម្លាំង​មន្ត្រី​បរិស្ថាន​ដោយ​សហកា​ជាមួយ​កម្លាំង​អាវុធហត្ថ​ និង​នគរបាល​ស្រុក​វាល​វែង​ ចុះ​ទៅ​បង្ក្រាប​ជា​បន្ទាន់​ ។​ ​ខណៈពេល​ទៅ​ដល់​បានឃើញ​ជន​សង្ស័យ​​ទាំង​២​នាក់​កំពុង​ធ្វើ​សកម្មភាព​ប្រើ​រណា​យន្ត​អារ​ផ្ដួល​ដើមឈើ​តូច​ធំ​ដើម្បី​រាន​ដី​ព្រៃ​ធ្វើ​ច​ម្ការ​​​ក៏​បាន​ឃាត់ខ្លួន​តែ​ម្ដង​ ។​

លោក​បន្ត​ថា កន្លង​មកនេះ​ ខាង​មន្ត្រី​បរិស្ថាន​បាន​ខិតខំ​ផ្សព្វផ្សាយ​ច្បាប់​ទាក់ទង​ទៅ​នឹង​ដី​ព្រៃរបស់​រដ្ឋ​ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ប៉ះពាល់​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ព្រមទាំង​បាន​បង្ក្រាប​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ដាក់​ពន្ធនាគារ​ផង​ដែរ​ ។​ អ្នក​ដែល​មក​កាប់​ទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់​នៅ​ស្រុក​វាល​វែង​នេះ​ភាគច្រើន​មិនមែន​អ្នក​រស់នៅ​ក្នុង​ខេត្តពោធិ៍សាត់​នោះ​ទេ​ គឺ​មក​ពី​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ​ដែល​ជា​ជន​ឆ្លៀត​ឱកាស​ ។

​រណា​យន្ត​បាន​រក្សា​ទុក​នៅ​ទីស្នាក់ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស​ ស្រុក​វាល​វែង រីឯ​ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​បង្ក​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​នា​ថ្ងៃ​ទី​១៤ ​កុ​ម្ភៈ ​ដើម្បី​​ចាត់​ការ​តាម​ច្បាប់​ ៕ ​