ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជ​ធានី​ភ្នំពេញ ​៖ ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​បន្ទាប់​​ពី​កិច្ចប្រជុំ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​កាលពី​ថ្ងៃ​ទី​១២​ កុម្ភៈ​ ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៤​ ​កុម្ភៈ​ ​២០១៦​ បាន​បញ្ជាក់​ថា​ ចំណូល​ពន្ធ​ដើម​ខែមករា ​ឆ្នាំ​២០១៦ ​​​រាជ​រដ្ឋាភិបាល​ទទួល​បាន​ជាង​១១៦​លាន​ដុល្លារ​អា​មេ​រិ​ក ​ក្នុង​ខែមករា​ កើន​ជាង​១០​ភាគរយ ​បើ​ធៀប​​​ចំ​ណួ​ល​ព​ន្ឋ​​​ក្នុង​ខែមករា ​ឆ្នាំ​២០១៥ ​កន្លង​មក ​។

តាម​សេចក្ដី​ប្រកាស​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ទទួល​បាន​នៅ​ថ្ងៃ​ទី​១៤​ កុម្ភៈ​ ​២០១៦​ បាន​បញ្ជាក់​ថា ​កើនឡើង​១០,០៦​ភាគរយ ​​រួម​មាន​ពន្ធលើប្រាក់បៀវត្ស​រ៍​កើន​ឡើង​៩,៥ភាគរយ​ អាករ​លើ​តម្លៃបន្ថែម​កើនឡើង​ប្រមាណ​១៣,៥​ភាគរយ និង​អាករពិសេស កើនឡើង​ប្រមាណ៨៦,៦​ភាគរយ​ ។

អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​លើក​ឡើង​ថា ​​ផលិត​ផល​​ភេសជ្ជៈ​កើនឡើង​ប្រមាណ៥៨​ភាគរយ ផ្នែក​ផលិត​ថ្នាំជក់ កើនឡើង​ប្រមាណ៦៨,៤​ភាគរយ ផ្នែក​ផលិត​គ្រឿង​ប្រើប្រាស់​កើនឡើង​ប្រមាណ៤,៨​ភាគរយ ផ្នែក​សណ្ឋាគារ​និង​ផ្ទះសំណាក់ កើនឡើង​ប្រមាណ១៥,៩​ភាគរយ ផ្នែក​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​កើនឡើង​ប្រមាណ១៥៤​ភាគរយ ។

អគ្គនាយក​ពន្ធដារ​បាន​អះអាង​ថា ​ជាមួយ​គ្នា​នេះ​ ផ្នែកកសិកម្ម​កើនឡើង​ប្រមាណ៨៧,២​ភាគរយ ផ្នែក​សេវា​ថែទាំ​សុខភាព​កើនឡើង​ប្រមាណ១៨២​ភាគរយ ផ្នែក​ដឹក​ជញ្ជូន​និង​ទេសចរណ៍​កើនឡើង​ប្រមាណ២៤,៣​ភាគរយ និង​ផ្នែក​ផលិត​ម្ហូបអាហារ​កើនឡើង​ប្រមាណ៥,២​ភាគរយ​ ផ្នែក​សេវា​សិក្សាអប់រំ​កើនឡើង​ប្រមាណ៣០៨,៧​ភាគរយ ផ្នែក​ផលិត​យានយន្ត​កើនឡើង​ប្រមាណ​២៥,៨​ភាគរយ ផ្នែក​លក់​សម្ភារ​ការិយាល័យ​កើនឡើង​ប្រមាណ៣២,៩​ភាគរយ​ ​ផ្នែក​ដឹក​ជញ្ជូន ​និង​ទេសចរណ៍​កើនឡើង​ប្រមាណ​២៤,៣%​ ​ផ្នែក​ម្ហូបអាហារ​៥,២% ​៕​

ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិភាព​