ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​យ៉ាង​កក្រើក​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ទី​១៣ កុម្ភៈ ត្រូវ​បាន​បញ្ចប់​ដោយ​មានការ​ចាប់អារម្មណ៍​បំផុត ដោយ​កីឡាករ​សុខ សុវណ្ណ បាន​ក្លាយជា​អ្នក​ឈ្នះ​ពាន​ជើងឯក​នៅ​ក្នុង​ព្រឹត្តិការណ៍​កំពូល​អធិរាជ​របស់​ក្រុមហ៊ុន​ស៊ីម៉ង់ត៍​អូដ្ឋ​នៅ​ប៉ុស្ដិ៍​លេខ​៥​។ នេះ​ជា​ការ​ប្រកួត​មួយ​ដែល​ត្រូវ​គេ​កត់​សម្គាល់ថា​កីឡាករ​៤​រូប ទាំង​អ្នក​ដណ្ដើម​យក​លេខ​១ និង​លេខ​៣ ប្រឹងប្រែង​បំផុត​នៅ​លើ​សង្វៀន ។

ចាត់​ទុក​ថា ជា​លើក​ទី​២ ដែល​កីឡាករ​សុខ សុវណ្ណ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ បាន​គ្រង​តំណែង​ជើងឯក​របស់​ព្រឹត្តិការណ៍​អធិរាជ​ស៊ីម៉ងត៍​អូដ្ឋ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​វគ្គ​២ ដែល​ជ័យជម្នះ​នេះ​ក៏​ជា​លើក​ទី​២​របស់​គេ​ផង​ដែរ បន្ទាប់​ពី​ពាក់កណ្ដាល​ឆ្នាំ​២០១៥​គេ​បាន​ទទួល​ជើងឯក​ម្ដង​ហើយ​នៅ​លើ​សង្វៀន ។ ក្នុង​ពេល​ប្រកាស​ថា​ឈ្នះ​ពិន្ទុ​ទៅ​លើ​កីឡាករ សេក គឹ​ម​រួន មក​ពី​ក្លិប​អង្គរ​មាន​ជ័យ ខេត្តសៀមរាប កីឡាករ​រូប​នេះ​លោតកញ្ឆេង​ចុះឡើង​ៗ​ពេញ​រេញ ដោយសារ​តែ​ជ័យជម្នះ​លើក​នេះ គឺ​ក្រៅពី​ទទួល​បាន​កិត្តិយស និង​ប្រាក់​រង្វាន់​នាំមុខ​គេ​ហើយ សុខ សុវណ្ណ ក៏​នឹង​ត្រូវ​តំណាង​ឲ្យ​ប៉ុស្ដិ៍​លេខ​៥ ដើម្បី​ឡើង​ទៅ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​ក្នុង​ប្រទេស​ថៃ​ផង​ដែរ ។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រដាល់​ប្រចាំ​នៅ​ប៉ុស្ដិ៍​លេខ​៥​បាន​អះអាង​ថា កីឡាករ សុខ សុវណ្ណ នឹង​ត្រូវ​បញ្ជូន​ក្នុង​នាម​ជា​តំណាង​កម្ពុជា​ឬ​ប៉ុស្ដិ៍​លេខ​៥ ទៅ​ប្រកួត​ជាមួយ​កីឡាករ​បរទេស​នៅ​ក្នុង​ប្រទេស​ថៃ​ក្នុង​នាម​ជា​ម្ចាស់​ជើងឯក​ម្នាក់​។ ប៉ុស្ដិ៍​លេខ​៥ ក៏​នឹង​អញ្ជើញ​កីឡាករ​ថៃ​ឲ្យ​មក​ប្រកួត​ជាមួយ​កីឡាករ​រូប​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា​ដូច​គ្នា ដើម្បី​លើកកម្ពស់​កីឡាករ​ជើងឯក​ឲ្យ​មានកេរ្តិ៍ឈ្មោះ និង​បាន​ក្លាយជា​កីឡាករ​ល្បីឈ្មោះ​នៅ​ក្នុង​ចង្កោម​អ្នក​ស្នេហា​ការ​ប្រដាល់ ។  លោក​ថា សុខ សុវណ្ណ ក្រោយ​ពី​គ្រង​តំណែង​ជើងឯក​របស់​ក្រុមហ៊ុន​ស៊ីម៉ង់​អូដ្ឋ​ត៍​កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ​នោះ លទ្ធភាព​តំណាង​ឲ្យ​ប៉ុស្ដិ៍​លេខ​៥​ដើម្បី​ប្រកួត​ជាមួយ​កីឡាករ​បរទេស​ទាំង​ក្នុង​សង្វៀន​ប៉ុស្ដិ៍​លេខ​៥ និង​នៅ​ក្នុង​ប្រទេស​ថៃ​របស់​គេ​នឹង​កើត​មាន​ច្រើន បន្ទាប់​ពី​បាន​គ្រង​តំណែង​ជើងឯក​នេះ​ទៅ​។ យ៉ាងណា​ក៏​ដោយ​លោក​ទទូច​ឲ្យ​សុខ សុវណ្ណ ប្រឹងប្រែង​ហ្វឹកហាត់​កុំ​ឲ្យ​ធ្លាក់ដៃ​ដើម្បី​ក្លាយ​ខ្លួន​ជា​ធនធាន​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ក្នុង​ឆ្នាំ​២០២៣​ផង និង​ដើម្បី​ឲ្យ​អ្នកគាំទ្រ​ជាប់​ចិត្តនឹង​ការ​គាំទ្រ​ផង ។

បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ កីឡាករ​ម៉​ន ចាន់​ដា​រ៉ា មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​៤​ប៉ុណ្ណោះ​។ គេ​ទទួល​បាន​ទឹកប្រាក់​៤០០​ដុល្លារ និង​ពាន​កិត្តិយស​មួយ ខណៈ​ដែល​ចំណាត់ថ្នាក់​លេខ​៣​គឺ​បាន​ទៅ​កីឡាករ ឌុ​ម កែវ​ដា មក​ពី​ក្លិប​មកុដ​រាជសីហ៍ ដោយ​ទទួល​បាន​ទឹកប្រាក់​៧០០​ដុល្លារ និង​ពាន​កិត្តិយស​មួយ ។ ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​លើ​កីឡាករ​សេក គឹ​ម​រួន ដោយ​ទទួល​បាន​ទឹកប្រាក់​១៥០០​ដុល្លារ និង​ពាន​កិត្តិយស​មួយ ក្នុង​ពេល​ដែល​ចំណាត់ថ្នាក់​លេខ​១​ទទួល​បាន​ទឹកប្រាក់​៤​ពាន់​ដុល្លារ និង​ពាន​ជើងឯក​មួយ ៕