ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ ឆ្នាំ​២០១៦ មុន​នេះ ក្រុមហ៊ុន​ស៊ីម៉ង់ត៍ K-cement បាន​រួម​សហការ​គ្នា​ជាមួយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ប្រកាស​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​ការ​បើក​ប្រកួត​ដណ្ដើម​ជើងឯក​វគ្គ​៣​របស់​ខ្លួន បន្ទាប់​ពី​ការ​ប្រកួត K-cement វគ្គ​១ និង​វគ្គ​២ បាន​រក​ឃើញ​កីឡាករ​មាស ច័ន្ទ​មាន និង​ឆៃ សា​រ៉ា ឲ្យ​ឈរ​ក្នុង​តំណែង​ជើងឯក​ប្រកបដោយ​កិត្តិយស​។ កីឡាករ​ចាស់​ថ្មី​៨​រូប​ត្រូវ​បាន​សម្រាំង​ឲ្យ​មក​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ដោយ​គ្រោង​ដំណើរការ​ចាប់ពី​ថ្ងៃ​សៅរ៍​ទី​២០ កុម្ភៈ តទៅ នៅ​រៀង​រាល់​ម៉ោង​២​រសៀល​ ។

លោក គិត គឹ​ម​អ៊​ន ប្រធាន​ផ្នែក​លក់​របស់​ក្រុមហ៊ុន​K-cement​បាន​ថ្លែងប្រាប់​ថា ព្រោះតែ​ការ​រៀបចំ​ពីរ​លើក​កន្លង​មក អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុន ក៏​ដូច​ជា​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ជម្រើស​បាន​ជើង​ខ្លាំង​ល្អ​ៗ ទើប​ជំរុញ​ឲ្យ​ក្រុមហ៊ុន​របស់​លោក​បន្ត​រៀបចំ​នូវ​ព្រឹត្តិការណ៍​នេះ​ជា​ថ្មី​ម្ដងទៀត សម្រាប់​ឆ្នាំ​២០១៦ ។ ការ​រៀបចំ​លើក​នេះ​លោក​ថា នឹង​កាន់តែ​ពិសេស​ដោយសារ​តែ​គ្រប់​កីឡាករ​ទាំងអស់​គឺ​ត្រូវ​បាន​សម្រិតសម្រាំង ហើយ​ក៏​ត្រូវ​លើកទឹកចិត្ត​ពី​ក្រុមហ៊ុន​ដើម្បី​ពង្រឹងគុណភាព​។ លោក​ថា ក្រុមហ៊ុន​គឺជា​អ្នក​បោះទុន​ទាំងស្រុង ដោយ​បាន​ទាំង​រៀបចំ​ឲ្យ​មាន​តម្លៃ​ខ្លួន​ល្អ​ប្រសើរ​សម្រាប់​ការ​ប្រកួត​វិល​ជុំ មុន​ឈាន​ទៅ​រក​ជើងឯក​ឃើញ​នោះ​ផង ។ ការ​សម្រេច​នេះ គឺ​ដើម្បី​បន្ត​ផ្ដល់​ការងារ​ដល់​កីឡាករ​គ្រប់​រូប​តាម​រយៈ​ការ​បើកឱកាស​ឲ្យ​ចូល​ប្រកួត និង​លើកទឹកចិត្ត​ពួក​គេ​ឲ្យ​ចង់​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ពាន​នេះ ។

លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា បាន​អះអាង​ថា ការ​ប្រដាល់​ដណ្ដើម​ជើងឯក​២​លើក​កន្លង​មក​របស់​ក្រុមហ៊ុន K-cement បាន​រួមចំណែក​យ៉ាង​ខ្លាំងក្លា​ជួយ​ឲ្យ​វិស័យ​ប្រដាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​មានការ​ស្ទុះ​ឡើង ។ ក្នុង​នោះ​កីឡាករ​ដែល​បាន​បង្ហាញខ្លួន​សម្រាប់​ការ​ចូល​ប្រកួត ក៏​ទទួល​បាន​ទីផ្សារ​នៅ​លើ​សង្វៀន​ផង​ដែរ បើ​ទោះជា​មិន​បាន​ឈរ​ក្នុង​តំណែង​ជើងឯក​ទាំងអស់​ក្ដី ។ ការ​ប្រកួត​វគ្គ​៣​ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​២២ កុម្ភៈ ចុង​ស​ប្ដា​ហ៍​នេះ លោក​ថា កីឡាករ​ដែល​បាន​ចូលរួម​ប្រកួត​គឺ​សុទ្ធតែ​បាន​សម្រាំង​ចេញពី​កីឡាករ​ដែល​មាន​សមត្ថភាព និង​មាន​វិន័យ​ល្អ ។ ក្នុង​នោះ​ពាក់ព័ន្ធ​នឹង​បញ្ហា​ឡើង​ប្រកួត​លក់ខ្លួន ក៏​ត្រូវ​បាន​ធានា​ផង​ដែរ សម្រាប់​សមាសភាព​កីឡាករ​ដែល​បាន​ចូល​ប្រកួត​នៅ​ក្នុង​វគ្គ​ថ្មី​ទាំង​៨​រូប​នោះ​។

យោង​តាម​ការ​ប្រកាស កីឡាករ​ដែល​មានមុខ​ឡើង​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ជើងឯក​វគ្គ​៣​របស់​ក្រុមហ៊ុន K-cement នោះ​រួម​មាន កីឡាករ គង់ សំបូរ ដែល​គេ​ស្គាល់​រួច​មក​ហើយ​ថា​ជា​ជើងឯក​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​បា​កាស កាលពី​ប៉ុន្មាន​ឆ្នាំ​មុន និង​ជា​សិស្ស​គុន​មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២​របស់​ក្រសួងមហាផ្ទៃ​។ ក្រៅពី​នោះ​កីឡាករ​៧​រូប​ផ្សេង​ទៀត​រួម​មាន កីឡាករ វេ​ង សុ​ភ័ក្ត្រ មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១, កីឡាករ ម៉​ន ព្រហ្ម​ម៉ា​ញ មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក​, កីឡាករ​សុខ វាសនា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិ៍សាត់​, កីឡាករ​ង៉ែត រ​ដ្ឋា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​, កីឡាករ​ផា​ន់ សា​រុន មក​ពី​ក្លិប​គជសារ​កីឡា​, កីឡាករ​ហេង វាសនា មក​ពី​ក្លិប​ព្រៃ​ទទឹង​ខេត្តបាត់ដំបង និង​កីឡាករ​ឯក សា​វិ​ន មក​ពី​ក្លិប​ឫ​ទ្ធី​ពោធិ​សែន​ជ័យ​។ កីឡាករ​ទាំង​៨​រូប កម្មវិធី​អត់​មាន​តម្រូវ​ឲ្យ​ចែក​ពូ​ល​គ្នា​ដើម្បី​ប្រកួត​ជម្រុះ​នោះ​ទេ គឺ​តម្រូវ​ឲ្យ​ប្រកួត​វិល​ជុំ​ចុះឡើង​ៗ​ក្នុង​ម្នាក់​ៗ៧​ប្រកួត​តែ​ម្ដង ដើម្បី​ស្វែងរក​អ្នកមាន​ពិន្ទុ​ទាប​ជាងគេ​២​រូប​ឲ្យ​ធ្លាក់​ចេញ ។ អ្នកមាន​ពិន្ទុ​៦​រូប​ក្នុង​ជុំ​ទី​១ នឹង​ត្រូវ​ប្រកួត​ជម្រុះ​គ្នា​តាម​រូបមន្ត​តែ​មួយ​ក្នុង​ជុំ​ទី​២​ទៀត រហូត​រក​ឃើញ​អ្នកមាន​ពិន្ទុ​ខ្ពស់​៤​នាក់​ឲ្យ​ឡើង​ទៅ​ប្រកួត​ដណ្ដើម​ជើងឯក និង​ប្រាក់​លាន​។ ការ​ប្រកួត​នេះ​មិន​តម្រូវ​ឲ្យ​មាន​ពិន្ទុ​ស្មើ​នោះ​ទេ ដោយ​អ្នក​ឈ្នះ​បាន​៣​ពិន្ទុ ហើយ​អ្នក​ចាញ់​បាន​១​ពិន្ទុ​។ អ្នក​ជាប់​ចំណាត់ថ្នាក់​លេខ​១​ទទួល​បាន​ពាន​ជើងឯក​មួយ ទឹកប្រាក់​១២​លាន​រៀល​។ ចំណាត់ថ្នាក់​លេខ​២​ទទួល​បាន​ពាន​កិត្តិយស​មួយ និង​ទឹកប្រាក់​៨​លាន​រៀល ចំណាត់ថ្នាក់​លេខ​៣​ទទួល​បាន​ពាន​កិត្តិយស​មួយ ទឹកប្រាក់​៦​លាន​រៀល និង​ចំណាត់ថ្នាក់​លេខ​៤​ទទួល​បាន​ទឹកប្រាក់​៤​លាន​រៀល ។ ការ​ប្រកួត​នេះ កាលពី​វគ្គ​១​បាន​ជួយ​ឲ្យ​កីឡាករ​មាស ច័ន្ទ​មាន ក្លាយជា​ជើងឯក​ល្បីឈ្មោះ និង​វគ្គ​២​មុន​នេះ ក៏​បាន​ជួយ​ឲ្យ​កីឡាករ ឆៃ សា​រ៉ា ក្លាយជា​ម្ចាស់​ជើងឯក​ល្បីឈ្មោះ​ដូច​គ្នា​នៅ​លើ​សង្វៀន​ ៕