ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

តុល្យការ​នៃ​ការ​រញ្ជួយ​ដី​នៅ​ភាគ​ខាងត្បូង​តៃវ៉ាន់​កាលពី​ស​ប្តា​ហ៍​មុន​គិត​មក​ដល់​ថ្ងៃ​ទី​១៣ កុម្ភៈ អ្នក​ស្លាប់​ឡើង​ដល់​១១៦​នាក់ ខណៈ​ការ​កាយ​រុក​រកបាន​បញ្ចប់ ព្រោះ​សាកសព​មនុស្ស​ទាំងអស់​ត្រូវ​បាន​រក​ឃើញ ។

តាម​ចិន​ថា ការ​រញ្ជួយ​ដី​នេះ​មាន​កម្លាំង​៦,៧​រី​ស្ទ័​រ​ក្នុង​ជម្រៅ​១៥​គីឡូម៉ែត្រ ប៉ះពាល់​ដល់ទី​ក្រុង KAOHSIUNG នា​វេលា​ម៉ោង​៣​និង​៥៧​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​៦ កុម្ភៈ តែ​អាជ្ញាធរ​មូលដ្ឋាន​អះអាង​ថា ការ​រញ្ជួយ​ដី​នេះ​មាន​កម្លាំង​៦,៤​រី​ស្ទ័​រ​ទេ ។ ទីក្រុង​តៃ​ណា​ន ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ ដោយ​ការ​រញ្ជួយ​ដី​នេះ ពិសេស​អគារ​ស្នាក់​នៅ​កម្ពស់​១៦​ជាន់​មួយ​កសាង​កាលពី​ឆ្នាំ​១៩៩២ ក្នុង​ខណ្ឌ​យ៉ុ​ង​កាង រង​ការ​បំផ្លាញ​ទាំងស្រុង ។ ពេល​មានការ​រញ្ជួយ​ដី មនុស្ស​ប្រមាណ​៣៨០​នាក់ ស្ថិត​ក្នុង​អគារ WEIGUAN JINLONG នេះ ។ ពួក​អ្នក​ជួយ​សង្គ្រោះ​កាយ​រក​ឃើញ​អ្នក​ស្លាប់​១០៦​នាក់ ក្នុង​ចំណោម​មនុស្ស​ទាំង​២៨៩​នាក់ ដែល​កាយ​យក​ចេញពី​គំនរ​បាក់បែក​នៃ​អគារ​នេះ ។

នា​ថ្ងៃ​ទី​១៣ កុម្ភៈ វេលា​ម៉ោង​១៥​ម៉ោង​ក្នុងស្រុក សាកសព​អ្នក​បាត់​ខ្លួន​ចុង​ក្រោយ​គេ​ត្រូវ​បាន​កាយ​រក​ឃើញ ហើយ​អភិបាលក្រុង​តៃ​ណា​ន​ក៏​ប្រកាស​ពី​ការ​បញ្ចប់​ការ​រុករក ៕