ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្ដរជាតិ​កម្ពុជា​-​ថៃ​នៅ​លើ​សង្វៀន​ CNC និង​ CTN កាលពី​ថ្ងៃ​សៅរ៍​ទី​១៣ កុម្ភៈ កន្លង​មកនេះ ធ្វើ​ឱ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល​លាយឡំ​ដោយ​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​បន្ទាប់​ពី​កីឡាករ​កម្ពុជា​ទាំង​៤​រូប​សុទ្ធតែ​ប្រកួត​ចាញ់​ពិន្ទុ​ក្រោម​កណ្ដាប់ដៃ​កីឡាករ​ថៃ​ទាំងអស់ ។

កីឡាករ ង៉ែត រ​ដ្ឋា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន ប្រកួត​ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ឈ្មោះ​យុគ​ភី​ត ស​.​ស្រី​វី​ឆា ធ្វើ​ឱ្យ​លោក មាស សុ​គ្រី ដែល​ជា​គ្រូបង្ហាត់​មានការ​ក្ដៅក្រហាយ​យ៉ាង​ខ្លាំង​ដោយសារ​ការ​វាយ​ចេញ​របស់​គេ​ហាក់​មាន​សភាព​យឺតយ៉ាវ​ខ្លាំង​ណាស់​។ ចាប់ពី​ទឹក​ទី​១​ដល់​ទឹក​ទី​៤ ទាំង​សងខាង​មាន​ប្រៀប​ប្រហាក់ប្រហែល​គ្នា ប៉ុន្តែ​ង៉ែត រ​ដ្ឋា ពេល​ព្យាយាម​សម្រុកចូល​កៀក​ដើម្បី​ប្រើ​ស្នៀត​កែង​និង​ជង្គង់ គឺ​ត្រូវ​កីឡាករ​ថៃ​ទាត់​ចេញ​បាន​មុន​រហូត ។ ទោះជា​យ៉ាងណា ង៉ែត រ​ដ្ឋា នៅ​តែ​សម្រុកចូល​វាយ​ទៅ​លើ​កីឡាករ​ថៃ​រហូត​អស់កម្លាំង​ស៊ុ​ហ្វ​ទៅ​ហើយ​នៅ​តែ​មិន​អាច​ធ្វើ​អី​គូប្រកួត​បាន ទើប​ចប់​ការ​ប្រកួត​គណៈកម្មការ​បាន​ប្រកាស​ឱ្យ​កីឡាករ​ថៃ​ឈ្នះ​ពិន្ទុ ។

ចាន់ សំអាត មក​ពី​ក្លិប​កងពលធំ​អន្ដរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ប្រកួត​ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ឈ្មោះ ឌី​ណា​ផូ ប៉ាក​ន​ផ​ន​សុរិន្ទ ។ នៅ​ក្នុង​ការ​ប្រកួត របស់​គូ​នេះ​គេ​ឃើញ​ចាន់ សំអាត ចាញ់​ប្រៀប​កីឡាករ​ថៃ​តាំងពី​នៅ​ទឹក​ទី​២​និង​ទឹក​ទី​៣​មក​ម្ល៉េះ​។ រាល់ពេល​គេ​ព្យាយាម​ចូល​កៀក​ដើម្បី​វាយ​កែង សុទ្ធតែ​ត្រូវ​គូប្រកួត​ធាក់​ចេញ​ឱ្យ​ដួល​ទាំង​ជំហរ​ជា​ច្រើន​លើក​ច្រើន​សា ។ មិនតែប៉ុណ្ណោះ នៅ​ទឹក​ទី​៤​និង​ទី​៥ ចាន់ សំអាត ត្រូវ​កីឡាករ​ថៃ​វាយ​ឡើង​ទ្រម​ខ្លួន​និង​ចាញ់​ពិន្ទុ​យ៉ាង​អស់ចិត្ត​បំផុត ។

ចំណែក​នៅ​លើ​សង្វៀន​ទូរទស្សន៍​CTN វិញ កីឡាករ​ចាន់ រតនៈ មក​ពី​ក្លិប​កងពលធំ​អន្ដរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ប្រកួត​ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ឈ្មោះ​បល្ល័ង្ក​ងិ​ន ស​.​ច សាយ​បួរ ទាំង​មិន​អស់ចិត្ត​ដូច​គ្នា បន្ទាប់​ពី​ពួក​គេ​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ ។ មួយគូ​ទៀត កីឡាករ​មា​ជ សុខ​រ៉ា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន ក៏​ចាញ់​ពិន្ទុ​កីឡាករ​បល្ល័ង្ក​ថង ស​.​ច សាយ​បួរ ទាំង​មិន​អស់ចិត្ត​ដូច​គ្នា ។ ប៉ុន្ដែ​មុន​នឹង​លេច​ចេញ​លទ្ធផល​ចាញ់​-​ឈ្នះ​កីឡាករ​ទាំង​ពីរ​បាន​វាយ​គ្នា​យ៉ាង​ប្ដូរផ្ដាច់​បំផុត ។ ទោះបី​យ៉ាងណា មា​ជ សុខ​រ៉ា គ្មាន​ឱកាស​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​រូប​នេះ ដើម្បី​បំពេញ​បំណង​អ្នក​ទស្សនា​បាន​ទេ ។ ការ​ប្រកួត​ចាប់ពី​ទឹក​ទី​១​ដល់​ទឹក​ទី​៣ មា​ជ សុខ​រ៉ា វាយ​ចេញ​បាន​ល្អ​គ្រាន់បើ ប៉ុន្ដែ​ចូល​មក​ដល់​ទឹក​ទី​៤​និង​ទី​៥ គេ​ចាញ់​ប្រៀប​បល្ល័ង្ក​ថង ដាច់​តែ​ម្ដង ។ ផ្លែ​កែង​និង​ជង្គង់​បល្ល័ង្ក​ថង បាន​បុក​ចូល​ពោះ​ទឹក​សុខ​រ៉ា ពេញ​ៗ​ធ្វើ​ឱ្យ​សុខ​រ៉ា​ព្យាយាម​ដកថយ​រហូត​និង​ចុង​ក្រោយ​ចាញ់​ពិន្ទុ​កីឡាករ​ថៃ​រូប​នេះ​ទាល់តែ​បាន ៕