សិទ្ធិមនុស្ស​បញ្ចេញ​ ទស្សនៈ​លើករណី​ឃាតកម្ម ​កាត់ក្បាល​ដ៏សាហាវ​ នៅ​សៀមរាប​

ភ្នំពេញ៖ អង្គការឃ្លាំងមើល ផ្នែកសិទ្ធិមនុស្សនៅកម្ពុជា បានបញ្ចេញទស្សនៈជុំវិញ ករណីឃាតកម្ម ដ៏សាហាវយង់ខ្នងមួយ នៅខេត្តសៀមរាប ដោយបុរសម្នាក់ បានកាត់ក្បាលស្រ្តីម្នាក់យកទៅដុតយ៉ាងព្រៃផ្សៃ។

លោក អំ សំអាត មន្រ្តីជាន់ខ្ពស់ អង្គការសិទ្ធិមនុស្ស លីកាដូ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ថា នេះជាករណីសាហាវបំផុត សម្រាប់កម្ពុជានៅដើមឆ្នាំ២០១៦នេះ។ លោកបន្តថា កន្លងមកក៏ធ្លាប់មានករណីខ្លះស្រដៀងនឹងករណីមួយនេះផងដែរ ប៉ុន្តែបញ្ហានេះ គឺមានលក្ខណៈធ្ងន់ធ្ងរជាខ្លាំង រហូតវាយសម្លាប់ហើយ កាត់ក្បាល ថែមទាំងដុតក្បាល ចោលទៀត។

លោកបញ្ជាក់ថា “ខ្ញុំសូមអំពាវនាវឲ្យស្រី្តៗត្រូវមានការប្រុងប្រយ័ត្ន ហើយកុំឆាប់ជឿលើពាក្យសំដី របស់គេពេក ជាពិសេសសង្សា អីជាដើមហ្នឹង។ ចំណែកសមត្ថកិច្ចក៏ត្រូវរឹតបន្តឹង ឲ្យខ្លាំងផងដែរ ជាពិសេសពាក់ព័ន្ធផ្ទះសំណាក់ ត្រូវចាត់វិធានការរក្សាសុវត្ថិភាពផងដែរ”។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១២ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មានការភ្ញាក់ផ្អើលពេញខេត្តសៀមរាប ដោយសារតែប្រទះឃើញសាកសព នារីវ័យជាង២០ឆ្នាំម្នាក់ ដេកស្លាប់ដោយដាច់ក្បាល ក្នុងបន្ទប់៣០១ នៃផ្ទះសំណាក់ប្រាសាទកែវ ផ្លូវផ្សារញ៉ែ ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប។

សពនារីរងគ្រោះត្រូវបានឃាតករសម្លាប់ កាត់ក្បាលយកទៅបាត់ បន្សល់ទុកតែខ្លួនត្រឹមករចុះក្រោម រួចរុំជាមួយភួយពណ៌ផ្កាឈូក ហើយញាត់សពចូល ក្រោមគ្រែ ដល់ម៉ោង១២បុគ្គលិកផ្ទះសំណាក់ ខាងលើបានចូលរៀបន្ទប់ ក៏ប្រទះឃើញសពតែម្តង៕

សិទ្ធិមនុស្ស​បញ្ចេញ​ ទស្សនៈ​លើករណី​ឃាតកម្ម ​កាត់ក្បាល​ដ៏សាហាវ​ នៅ​សៀមរាប​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត