លោក ស៊ុត ឌីណា៖ តើអ្នកគ្រោងធ្វើ​បាតុកម្ម​ប្រឆាំង នៅ​សហរដ្ឋអាមេរិក ពួកគេ ប្រើ​សញ្ជាតិអ្វី​ អាមេរិកាំង​ ឬ​ជនជាតិខ្មែរ?

ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ លោក ស៊ុត ឌីណា ក្នុងបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក បានចោទសំនួរ ជុំវិញនិងគម្រោងធ្វើបាតុកម្ម ប្រឆំាងសម្តេចតេជោ នាយករដ្ឋមន្រ្តី នៅសហរដ្ឋអាមេរិក ថាតើមនុស្សមួយក្តាប់តូចនោះ ប្រើប្រាស់សញ្ជាតិអ្វី ក្នុងការធ្វើបាតុកម្ម នៅទឹកដីអាមេរិក។

លោក ស៊ុត ឌីណា បានសរសេរថា "តើអ្នកគ្រោងធ្វើបាតុកម្មប្រឆាំង នៅសហរដ្ឋអាមេរិក ពួកគេ ប្រើសញ្ជាតិអ្វី អាមេរិកាំង ឬជនជាតិខ្មែរ??
នេះជាអ្វីដែលទូតខ្មែរ នៅទីនោះត្រូវ ក្តាប់អោយបាន ដើម្បីតវ៉ាជាមួយរដ្ឋបាលលោកប៉ារ៉ាក់ អូប៉ាម៉ា។ ទី១ បើពួកបាតុករប្រកាស ឬតាំងខ្លួន ថា ជាពលរដ្ឋអាមេរិកាំង នោះទូតគួរដាក់កំណត់ទូត សួររដ្ឋាភិបាលអាមេរិកាំងថា តើហេតុអី បានជាមានទំនាក់ទំនង ការទូតជាមួយកម្ពុជា បែរជាបើកដៃអោយពលរដ្ឋខ្លួន មកប្រឆាំងប្រទេសមិត្ត ទី២ បើពួកបាតុករ តាំងខ្លួនឯងថា ជាពលរដ្ឋខ្មែរ (ឬជនជាតិដទៃ)វិញ នោះក៏គួរទូត ដាក់កំណត់ទូត ទៅចោទសួររដ្ឋាភិបាល អាមេរិកាំងថា ហេតុបានជាអនុញ្ញាតអោយ កំលាំងបរទេស ប្រើប្រាស់ទឹកដីអាមេរិក ជាលេណដ្ឋាននយោបាយ ឬកងទ័ព សាសនា ដើម្បីវាយប្រហារប្រទេសមិត្ត ដែលរំលោភ លើអនុសញ្ញាក្រុងវីយ៉ែន ស្តីពីទំនាក់ទំនងការទូត???" ។

លោក ស៊ុត ឌីណា បានបញ្ជាក់ទៀតថា "ឈរលើអង្គហេតុ និងអង្គច្បាប់ ទូតអាចស្នើសុំអន្តរាគមន៍ ពីរដ្ឋាភិបាលអាមេរិកាំង អោយគេទប់ស្កាត់ ឬឃាត់ខ្លួនមួយរយៈពេលខ្លី ឬរហូតចប់កិច្ចប្រជុំ ឬអាចអោយធ្វើកិច្ចសន្យា អោយបញ្ឍប់ជាស្ថាពរ។ បើរដ្ឋម្ចាស់ផ្ទះ (អាមេរិក) មិនការពាររដ្ឋដាក់ទូត ( ព្រះរាជាណាចក្រកម្ពុជា) នោះរដ្ឋដាក់ទូតមានសិទ្ឋិប្រើប្រាស់ Riciprocal Measure"។

ឯកអគ្គរាជទូតរូបនេះ បានបញ្ជាក់បន្ថែមទៀតថា "នេះគ្រាន់តែជាអង្គច្បាប់ ឬទឡ្ហីករណ៍ មួយជ្រុង សម្រាប់ការពារថ្នាក់ដឹកនាំយើង ពោលគឺសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងបំពេញបេសកកម្ម ផ្លូវការលើទឹកដីអាមេរិក ។ ចំណែកពលរដ្ឋក្នុងស្រុក ក៏មានសិទ្ឋិ សំដែងមតិដូចគ្នា គ្រាន់តែកុំអោយ មានអំពើហិង្សា ណាមួយកើតមាន"៕

លោក ស៊ុត ឌីណា៖ តើអ្នកគ្រោងធ្វើ​បាតុកម្ម​ប្រឆាំង នៅ​សហរដ្ឋអាមេរិក ពួកគេ ប្រើ​សញ្ជាតិអ្វី​ អាមេរិកាំង​ ឬ​ជនជាតិខ្មែរ?