សាកសព​នារី ​ដែលគេ​សម្លាប់​កាត់ក្បាល​ ត្រូវបាន​បូជាហើយ​ កាលពី​រសៀល​ម៉ោង ​៣នេះ​

សៀមរាប៖ សាកសពនាងក្រមុំឈ្មោះ ឡេន សិលា អាយុ២៤ឆ្នាំ ជាបុគ្គលិកភូមិវប្បធម៌ ត្រូវបានគេដង្ហែទៅបូជា ហើយកាលពីវេលាម៉ោង ៣រសៀលនេះ នៅវត្តខ្នាត ភូមិបឹងខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ខណះដែល ឃាតករ២នាក់ កំពុងនៅក្នុងអង្គសវនាការ ស្ថិតក្នុងការសួរនាំ របស់តុលាការនៅឡើយ។

ទន្ទឹមគ្នានៃការបូជាសពនេះ ទឹកមុខក្រៀមក្រំលាយឡំ ដោយសម្លេងទ្រហោយំ យ៉ាងកងរំពងក៏បានបន្លើ ឡើង ប្រណាំងជាមួយអណ្តាភ្លើង ដែលកំពុងឆាបសន្ធោសន្ទៅ កំពុងរំលាយរូបរៀងដ៏ស្រស់ ផូរផងរបស់យុវតី អភ័ព្វម្នាក់។ក្នុងនោះគេសង្គេតឃើញមាន ឪពុកម្តាយ បងប្អូន សាច់ញាតិ អ្នកភូមិ មិត្តរួមការងាររបស់នារីរងគ្រោះ ជាច្រើនបានមកចូលរួម និងបានសម្តែងនៅ មនោសញ្ចេតនាស្រណោះស្តាយជាពន់ពេក ហើយក៏មានអ្នកយំខ្សិប ខ្សួលអួលដើមករ នៅមុខបច្ឆាជាច្រើននាក់ផងដែរ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១២ ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៦នេះ ការភ្ញាក់ផ្អើលពេញខេត្តសៀមរាប ដោយសារតែប្រទះឃើញ សាកនារីវ័យជាង២០ឆ្នាំម្នាក់ ដេកស្លាប់ក្នុងបន្ទប់ ៣០១នៃផ្ទះសំណាក់ប្រាសាទកែវ ផ្លូវផ្សារញ៉ែ ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប ដែលសពនារីរងគ្រោះត្រូវបានឃាតករសម្លាប់ កាត់ក្បាលយកទៅបាត់ បន្សល់ទុកតែខ្លួនត្រឹមករចុះក្រោមរួចរុំជាមួយភួយពណ៌ផ្កាឈូក ហើយញាត់សពចូល ក្រោមគ្រែ ដល់ម៉ោង១២បុគ្គលិកផ្ទះសំណាក់ ខាងលើបានចូលរៀបន្ទប់ ក៏ប្រទះឃើញសពតែម្តង។

ក្រោយគេចខ្លួនអស់ជាង ១០ម៉ោង ឃាតករ២នាក់ត្រូវ បានសមត្ថកិច្ចនគរបាល និងកម្លាំងកងរាជអាវុធ ហត្ថខេត្តសៀមរាប បានចាប់ខ្លួនជាបន្តបន្ទាប់ ហើយនៅថ្ងៃទី១៤ ខែកុម្ភះ  ឆ្នាំ២០១៦នេះ ជនសង្ស័យទាំង ២នាក់ត្រូវបានបញ្ជូនមកតុលាការផ្តន្ទាទោសតាមច្បាប់។ជនសង្ស័យមានឈ្មោះ១/ឈ្មោះ ចាន់ ឆាយយ៉ា ភេទប្រុស អាយុ៤០ឆ្នាំ ជាមគ្គុទេសទេសចរណ៍ភាសារថៃ ជាជនដៃដល់ មានស្រុកកំណើតនៅខេត្តបាត់ដំបង់ ត្រូវបាននគរបាលចាប់ខ្លួន កាលពីវេលាម៉ោង ៥និង៣០នាទី ល្ងាច ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៦ នៅភូមិព្រៃចាស់ ឃុំគោកដូង ក្រុងសៀមរាប ។រីឯបក្ខពួកម្នាក់ទៀតឈ្មោះ ណឹប សិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ ជាអ្នកបើបររថយន្ត រស់នៅភូមិទ្រុំខាងជើង ឃុំជ្រោនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប។ បច្ចុប្បន្នតុលាការមិនទាន់ បានបញ្ចប់ការសួរដេញដោល ជនសង្ស័យទាំង ២នាក់នៅឡើយទេ៕

សាកសព​នារី ​ដែលគេ​សម្លាប់​កាត់ក្បាល​ ត្រូវបាន​បូជាហើយ​ កាលពី​រសៀល​ម៉ោង ​៣នេះ​