សមត្ថកិច្ច​ខេត្ត​សៀមរាប​ចាប់​ខ្លួន​បុរស​ម្នាក់​សង្ស័យ​ពី​បទ​សម្លាប់​ស្ត្រី​ម្នាក់​ដោយ​កាត់​ក្បាល

កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​សៀមរាប បាន​ចាប់​ខ្លួន​បុរស​ម្នាក់​អាយុ ៤០​ឆ្នាំ​នៅ​វេលា​ម៉ោង​ជាង ៥​ល្ងាច ថ្ងៃ​សៅរ៍ ទី​១៣ ខែ​កុម្ភៈ។ សមត្ថកិច្ច​សង្ស័យ​ថា បុរស​នោះ​អាច​ជា​ជន​ដៃ​ដល់​ក្នុង​ការ​សម្លាប់​ស្ត្រី​ម្នាក់​នៅ​ក្នុង​ផ្ទះ​សំណាក់​ប្រាសាទ​កែវ នា​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ កណ្ដាល​ទីក្រុង​សៀមរាប ហើយ​កាត់​ក្បាល​យក​ទៅ​បាត់។

ការ​ចាប់​ខ្លួន​នេះ កើត​ឡើង​ជាង ១០​ម៉ោង​នៅ​ក្រោយ​ពី​គេ​បាន​ឃើញ​សាកសព​ស្ត្រី​ម្នាក់​ឈ្មោះ ឡេន សិលា អាយុ ២៤​ឆ្នាំ ទីលំនៅ​ភូមិ​បឹងខ្នាត ឃុំ​ខ្នាត ស្រុក​ពួក ត្រូវ​បាន​គេ​សម្លាប់​ដោយ​កាត់​ក្បាល ហើយ​ទុក​ដង​ខ្លួន​ចោល​នៅ​នឹង​ផ្ទះ​សំណាក់។

នាយ​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​សៀមរាប គឺ​លោក​អនុសេនីយ៍ឯក អ៊ុយ ចយ។ លោក​មាន​ប្រសាសន៍​នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ថា កម្លាំង​របស់​លោក​បាន​ចាប់​ខ្លួន​បុរស​ឈ្មោះ ចាន់ ឆាយ ហៅ សំ ភារ៉ាត អាយុ ៤០​ឆ្នាំ ទីលំនៅ​ភូមិ​ព្រៃចាស់ សង្កាត់​គោកដូង ក្រុង​សៀមរាប ពី​បទ​សង្ស័យ​ថា បាន​សម្លាប់​មនុស្ស។ លោក អ៊ុយ ចយ បញ្ជាក់​ថា តាម​ការ​សួរ​ចម្លើយ គឺ​បុរស​ឈ្មោះ ចាន់ ឆាយ បាន​សារភាព​ថា គេ​ពិត​ជា​បាន​សម្លាប់​ស្ត្រី​ឈ្មោះ ឡេន សិលា មែន ដោយសារ​តែ​ខឹង​នឹង​នាង​ផ្ដាច់​ពាក្យ​អាពាហ៍ពិពាហ៍ ហើយ​ទៅ​ទាក់ទង​ចំណង​ស្នេហ៍​ជាមួយ​បុរស​ផ្សេង​ទៀត។

បន្ទាប់​ពី​ចាប់​ខ្លួន​នោះ បុរស​ឈ្មោះ ចាន់ ឆាយ បាន​នាំ​កម្លាំង​កង​រាជ​អាវុធហត្ថ ទៅ​កកាយ​យក​ក្បាល​របស់​ស្ត្រី​ឈ្មោះ ឡេន សិលា ដែល​គេ​បាន​កាត់​យក​ទៅ​ដុត និង​កប់​ចោល​នៅ​ក្នុង​ដី​ទៅ​ហើយ​នោះ​មក​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។