អាជ្ញាធរ​ឃុំ​នៅ​ខេត្ត​រតនគិរី​អំពាវនាវ​ជួយ​ទប់ស្កាត់​ការ​លួច​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍

អាជ្ញាធរ​ឃុំ​កុកឡាក់ ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត ប្រញាប់​ចាត់​វិធានការ​បង្ក្រាប​បទល្មើស​លួច​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​ការពារ ដែល​កំពុង​រង​ការ​កាប់​យក​ឈើ​មាន​តម្លៃ​ដោយ​អនាធិបតេយ្យ។ ព្រៃ​ឈើ​សហគមន៍​កុកឡាក់ គឺ​ជា​ព្រៃ​សេសសល់​ចុង​ក្រោយ​នៃ​តំបន់​ព្រៃ​ស្រោង មាន​ទីតាំង​ក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ បន្ទាប់​ពី​សហគមន៍​ការពារ​ព្រៃ​ឈើ​ឃុំ​កុកឡាក់ រាយការណ៍​មក​អាជ្ញាធរ​ឃុំ​ថា ក្រុម​ល្បាត​សហគមន៍​បាន​ប្រទះ​ឃើញ​ឈើ​មូល​រាប់​រយ​ដើម ត្រូវ​គេ​លួច​កាប់​ជា​បន្តបន្ទាប់​នៅ​ក្នុង​ព្រៃ​ប៉ុន្មាន​ខែ​កន្លង​ទៅ ក៏ប៉ុន្តែ​សហគមន៍​គ្មាន​លទ្ធភាព​បង្ក្រាប​បាន ដោយសារ​តែ​ជន​ល្មើស​ធ្វើ​សកម្មភាព​នៅ​ពេល​យប់ ហើយ​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​តាម​ច្រក​របៀង​ជាច្រើន​នៅ​តំបន់​នោះ ដែល​សហគមន៍​មិន​អាច​ទប់ស្កាត់​បាន។

មេ​ឃុំ​កុកឡាក់ លោក ផុន សឿង ចាត់​ទុក​ការ​លួច​កាប់​យក​ឈើ​ពី​ក្នុង​ព្រៃ​សហគមន៍​អភិរក្ស ថា​ជា​សកម្មភាព​របស់​ជន​ល្មើស​ពី​តំបន់​ផ្សេង​រស់នៅ​ក្បែរ​ព្រៃ​សហគមន៍ ចូល​មក​លួច​កាប់​យក​ឈើ​ទៅ​លក់​ឲ្យ​ឈ្មួញ ដែល​មាន​ទីតាំង​ប្រមូល​ទិញ​នៅ​ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី។ លោក​បន្ត​ថា ប្រសិន​អាជ្ញាធរ​ខេត្ត​មិន​ជួយ​ចាត់​វិធានការ​ទប់ស្កាត់​ទាន់​ពេលវេលា​ទេ ឈើ​មូល​នៅ​តំបន់​នោះ​នឹង​ត្រូវ​គេ​កាប់​អស់​គ្មាន​សល់៖ «គេ​កាប់​គេ​អារ​លក់​អនាធិបតេយ្យ គេ​ដឹក​តាម​ថៅកែ​ធំៗ គេ​ដឹក​ចូល​វ៉ឺនសៃ ផ្លូវ​គោយន្ត​ផ្លូវ​ប្រជាពលរដ្ឋ​ទៅ​កាប់​ឈើ​ធ្វើ​ផ្ទះ។ ប្រជាពលរដ្ឋ​ទៅ​ល្បាត​កន្លែង​ណា ឃើញ​ឈើ​ដួលៗ ឈើ​គគីរ កកោះ ឈើ​ត្រាច​ណា

ព្រៃ​សហគមន៍​កុកឡាក់ មាន​ទំហំ​ជាង ១​ពាន់​ហិកតារ ឋិត​នៅ​ក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ។ ក្រសួង​បរិស្ថាន បាន​កាត់​ចេញ​ព្រៃ​នេះ​ពី​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ប្រគល់​ទៅ​ឲ្យ​សហគមន៍​អភិរក្ស​តាំង​ពី​ឆ្នាំ​២០០៩ រហូត​មក។

ទាក់ទិន​ការ​កាប់​បំផ្លាញ​ឈើ​នៅ​ក្នុង​ព្រៃ​សហគមន៍​កុកឡាក់ វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ បាន​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​ប្រធាន​ឧទ្យាន​ជាតិ​វីរៈ​ជ័យ លោក ព្រិន សំបូរ ក៏ប៉ុន្តែ​លោក​ជាប់​រវល់​ប្រជុំ មិន​អាច​អធិប្បាយ​បាន។ ចំណែក​នាយ​ផ្នែក​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​វ៉ឺនសៃ លោក ជា កុលណារ៉ា បញ្ជាក់​ថា ព្រៃ​សហគមន៍​កុកឡាក់ ឋិត​នៅ​ក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ជា​ដែន​សមត្ថកិច្ច​របស់​មន្ត្រី​បរិស្ថាន។

យ៉ាង​ណា​ក៏ដោយ មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី កត់​សម្គាល់​ថា លោក​ធ្លាប់​បាន​អន្តរាគមន៍​ពាក្យ​ប្ដឹង​របស់​សហគមន៍ ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់​វិធានការ​ទប់ស្កាត់​ករណី​នេះ កាល​ពី​ខែ​មិថុនា។ លើស​ពី​នេះ​ទៀត លោក​ថា ករណី​លួច​កាប់​ឈើ​នា​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ស្ថាប័ន ត្រូវ​សហការ​រួម​ជា​សហគមន៍​រក​មធ្យោបាយ​ជាក់លាក់​ណា​មួយ ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​នេះ​ទុក​ជា​សម្បត្តិ​ធនធាន​ធម្មជាតិ​ឲ្យ​បាន​នៅ​គង់វង្ស​ទៅ​ថ្ងៃ​អនាគត៖ «សូម​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា​រដ្ឋបាល​ព្រៃ​ឈើ បរិស្ថាន សមត្ថកិច្ច​ប៉ូលិស ឬ​ក៏​អាជ្ញាធរ​មូលដ្ឋាន អាជ្ញាធរ​ដែនដី​ទាល់​តែ​ជួយ​ដល់​សហគមន៍​ការពារ​តំបន់​ព្រៃ​កុកឡាក់ ផង​ដែរ ទើប​ព្រៃ​ហ្នឹង​អាច​ថែ​រក្សា​បាន ព្រោះ​ជា​តំបន់​ព្រៃ​ការពារ​ចុង​ក្រោយ​ហើយ​ដែល​រដ្ឋាភិបាល​បាន​ប្រគល់​ឲ្យ​សហគមន៍​អភិរក្ស»

របាយការណ៍​អង្កេត​របស់​សមាគម​អាដហុក ឲ្យ​ដឹង​ថា សហគមន៍​ការពារ​ព្រៃ​ឈើ​ឃុំ​កុកឡាក់ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៥ បាន​ដាក់​ពាក្យ​ប្ដឹង​មក​សមាគម​អាដហុក ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​មន្ត្រី​ជំនាញ​ទប់ស្កាត់​ករណី​នេះ។ លើស​ពី​នេះ​ទៀត សហគមន៍​បង្ហាញ​ការ​អស់​សង្ឃឹម ហើយ​គ្រោង​នឹង​ប្រគល់​ព្រៃ​ទៅ​ឲ្យ​មន្ត្រី​អភិរក្ស​គ្រប់គ្រង​វិញ ដោយសារ​សកម្មភាព​កាប់​យក​ឈើ​ក្នុង​ព្រៃ​សហគមន៍​កាន់​តែ​កើត​មាន​ច្រើន​ឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។