ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៦ បាន​សរសេរ​នៅ​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ថា «​ថ្ងៃ​ទី​១៤ កុម្ភៈ គឺជា​ថ្ងៃ​អបអរសាទរ​នៃ​ក្តី​ស្រឡាញ់ ដែល​ជា​ទិវា​អន្តរជាតិ ភាសា​អង់គ្លេស​ហៅ​ថា (Valentine’s Day)​។ ថ្ងៃនេះ យើង​ចូលរួម​បង្ហាញ​និង​ផ្តល់​នូវ​ក្តី​មេត្តា ករុណា និង​ក្តី​ស្រឡាញ់​ចំពោះ​ខ្លួន​យើង​ផង ចំពោះ​ឪពុក​ម្តាយ​អាណាព្យាបាល ជីដូន​ជីតា ប្តី​ប្រពន្ធ កូនចៅ អ៊ំ ពូ មីង មិត្តភក្តិ និង​មិត្ត​រួម​អាជីព​ការងារ​ជាដើម​» ។

សម្តេច​តេ​ជោ បាន​សរសេរ​ទៅ​កាន់​ជនរួមជាតិ​ថា នៅ​មុន​ពេល​ដែល​សម្តេច​នឹង​ត្រូវ​ចាក​ចេញពី​មាតុភូមិ​នា​ពេល​បន្តិចទៀត​នេះ ដើម្បី​បំពេញបេសកកម្ម​ជូន​ជាតិ និង​ប្រជាជន ដឹកនាំ​គណៈប្រតិភូ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​ពិសេស​នៃ​មេដឹកនាំ​អាស៊ាន​-​អា​មេ​រិ​ក (​ថ្ងៃ​ទី​១៥-១៦ ខែកុម្ភៈ​) ។

សម្តេច​តេ​ជោ​បាន​សរសេរ​ទៀត​ថា «​ខ្ញុំ​សង្ឃឹមថា សេចក្តី​ស្រឡាញ់​ពី​មនុស្ស​ម្នាក់ នឹង​ចែករំលែក​ទៅ​ដល់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង​ផង និង​ដល់​មនុស្ស​ជា​ច្រើន​នៅ​ទូ​ទាំង​ប្រទេស ទន្ទឹម​និង​ពិភពលោក​កំពុង​ចូលរួម​អបអរសាទរ​ទិវា​នៃ​ក្តី​ស្រឡាញ់​នៅ​ថ្ងៃនេះ​» ។

សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល បាន​សរសេរ​ទៀត​ថា ចំពោះ​យុវវ័យ​គឺ​មិន​ត្រូវ​គិត​ថា ថ្ងៃនេះ​គឺជា​ថ្ងៃ​នៃ​បុណ្យ​សង្សារ​តែ​ប៉ុណ្ណោះ​ទេ តែ​ជា​ថ្ងៃ​ពិសេស​ដែល​ក្មួយ​ៗ​មានឱកាស​បង្ហាញ​នូវ​ក្តី​ស្រឡាញ់​ចំពោះ​ឪពុក​ម្តាយ ជីដូន​ជីតា លោកគ្រូ អ្នកគ្រូ និង​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន ព្រោះ​ក្តី​ស្រឡាញ់ គឺជា​សុភ​ម​ង្គ​ម​សម្រាប់​មនុស្ស​គ្រប់​រូប ហើយ​ដែល​ម្នាក់​ៗ​អាច​ផ្តល់​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​គ្រប់ពេលវេលា​ទាំងអស់ ។

សម្តេច​តេ​ជោ​សរសេរ​ទៀត​ថា «​ខ្ញុំ​និង​ភរិយា​ស្រឡាញ់​ពលរដ្ឋ​កម្ពុជា និង​យុវជន យុវនារី​ទូ​ទាំង​ប្រទេស និង​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ពោរពេញ​ដោយ​ក្តី​ស្រឡាញ់ និង​សុភមង្គល​គ្រប់ពេល​ជា​និច្ច​» ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម​កិច្ចប្រជុំ​ពិសេស​អាស៊ាន​-​អា​មេ​រិ​ក ពី​ថ្ងៃ​ទី​១៥ ដល់ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ។ នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១៤​ខែកុម្ភៈ សម្តេច​បាន​អញ្ជើញ​ទៅ​ដល់ទី​ក្រុង​ហុងកុង នេះ​បើ​តាម​ព័ត៌មាន​ដែល​សម្តេច​បាន​សរសេរ​នៅ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​សម្តេច ។

សម្តេច​តេ​ជោ​សរសេរ​ថា «​ពេល​នេះ​ខ្ញុំព្រះករុណា ខ្ញុំ បាន​មក​ដល់ទី​ក្រុង​ហុងកុង ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់​សហរដ្ឋអាមេរិក ។ បន្តិចទៀត ខ្ញុំព្រះករុណា ខ្ញុំ នឹង​ចេញពី​ទីក្រុង​ហុងកុង​ឆ្ពោះទៅ​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ ដែល​ត្រូវធ្វើ​ដំណើរ​១២​ម៉ោង​និង​៥​នាទី​»  ។

សម្តេច​តេ​ជោ​បាន​សរសេរ​ដោយ​ក្តី​នឹករឭក​ចំពោះ​ជនរួមជាតិ​ថា ម៉ោង​នៅ​ទីនោះ​ខុស​ជាមួយ​ម៉ោង​នៅ​ប្រទេស​យើង​ចំនួន​១៥​ម៉ោង ដែល​នឹង​ធ្វើ​ឱ្យ​លំបាក​ដល់​ការ​សម្រាក និង​ធ្វើការ​នៅ​ថ្ងៃ​ដំបូង ។ «​សូម​ជូនពរ​ជនរួមជាតិ​ជួប​តែ​សេចក្តីសុខ​គ្រប់​ៗ​គ្នា សូម​ឱ្យ​ទិវា​នៃ​ក្តី​ស្រឡាញ់​កើត​ចេញ​ជា​ការ​ស្រឡាញ់​រាល់ថ្ងៃ រាល់​ខែ រាល់​ឆ្នាំ មិនមែន​មួយ​ថ្ងៃ​នោះ​ឡើយ​» ៕