ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​ខេត្ត​កំពង់​ធំ ៖ ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​​​​ម្នាក់​​ទៀត​រង​របួសកាល​វេលា​​ទៀប​​ភ្លឺ​​​ថ្ងៃ​ទី​១៤ ​​​កុ​ម្ភៈ ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ​​ស្ថិត​ក្នុងភូមិ​ក្រសាំង​(​ខ​) ឃុំ​ក​សាន់​គរ ស្រុក​កំពុងស្វាយ ​។​

​តាម​សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ​ បាន​​និយាយ​​ថា ​មុន​ពេលកើតហេតុ​ គេ​ឃើញ​រថយន្ត​ម៉ាក​តូ​យូ​តា ​ពណ៌​សម្បក​​ឪឡឹក​​ ​បើកពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​​លឿន​ដោយ​ដឹក​បន្លែ​ចេញពី​ខេត្តសៀមរាប ​​យក​​ទៅ​​លក់​នៅ​ខេត្តកំពង់ធំ លុះ​មក​ដល់​ចំណុច​​កើតហេតុ​​រថយន្ត​ក៏​រេចង្កូត​ក្រឡាប់​ធ្លាក់​ថ្នល់ បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុ ចំណែក​អ្នកបើកបរ​រង​របួសស្រាល​ ។​

លោក​វរ​សេនី​យ៏​ត្រី យន់ ឆៃ​យាន អ​ធិ​​ការ​រង​​ស្រុក​កំពង់ស្វាយ បាន​ឲ្យ​ដឹង​ថា​ ​ជន​រង​គ្រោះ​ដែល​ស្លាប់ ឈ្មោះ ផាត់ ផៃ ភេទ​ស្រី​ អាយុ​៥១​ឆ្នាំ​ រស់នៅ​ភូមិ​ដ​ណ្តៀ​វ ឃុំ​ចាន់​សរ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ត្រូវជា​ម្តាយបង្កើត​របស់​អ្នកបើកបរ​រថយន្ត ឈ្មោះ ធុ​ល ធឿ​ន ​អាយុ​២៦​ឆ្នាំ​ ​។ ​បើ​តាម​សម្តី​របស់​អ្នកបើកបរ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​ប្រាប់​ថា បណ្តាល​មក​ពី​គេ​ងងុយដេក​ពេកងោក​មួយ​​ភាំង ក៏​​រេ​ច​ង្កូ​ច​ក្រឡាប់​ធ្លាក់​ថ្នល់​​បណ្តាល​​ឲ្យ​អ្នក​មានគុណ​​​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើ​តហេតុ​តែ​ម្តង ។​

ក្រោយ​ពេល​កើតហេតុ​ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​​នគរ​បាល​ស្រុក ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕