ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកំពត ៖  ដោយសារ​តែ​បញ្ហា​ផិតក្បត់​របស់​ភរិយា ទើប​បុរស​ឈ្មោះ​ទង វុ​ទ្ឋី ហៅ​ដុក ជា​ប្ដី អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​កំពង់​ចិន ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ដែល​ទើប​រួច​ទោស​ពី​ពន្ធនាគារ បាន​ក្លាយជា​អ្នកទោស​ជា​ថ្មី​ទៀត ក្នុង​បទ​ប៉ុនប៉ង​មនុស្សឃាត ត្រូវ​បាន​ចាប់ខ្លួន​ត្រឡប់​ចូល​ពន្ធនាគារ​វិញ ជាមួយ​កាំភ្លើង​អាការ​កាត់​ស្វាយ​១​ដើម ។

លោក​វរសេនីយ៍ឯក គង់ សុ​ខន នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​ដ្នា​ន​នគរបាល​ខេត្ត​បានឱ្យ​ដឹង​ថា បុរស​ដែល​ចាប់ខ្លួន​ជា​លើក​ទី​២​នេះ កាលពី​កំឡុង​ខែមេសា ឆ្នាំ​២០១៥ កន្លង​មក ធ្លាប់​មានទោស​រឿង​ក្តី​ទំនាស់​ដីធ្លី ត្រូវ​ជាប់​ពន្ធនាគារ ។ លុះដល់​ខែសីហា ឆ្នាំ​២០១៥​ដដែល បាន​រួច​ទោស​ចេញពី​ព​ន្ឋ​នាគារ​វិញ ប៉ុន្តែ​ពេល​មក​ដល់​ផ្ទះ​ប្រពន្ធ​ក៏​មាន​សហាយ រីឯ​ប្រាក់​ជាង​២​ម៉ឺន​ដុល្លារ ក៏​ត្រូវ​ប្រពន្ធ​ចាយវាយ​ជាមួយ​សហាយ​អស់ ចំណែក​ខ្លួន​ក៏​មាន​ជំងឺអេដស៍​ទៀត ។

លោក​បន្ត​ទៀត​ថា ដោយសារ​តូចចិត្ត​ខ្លួនឯង ក៏​មាន​ផ្ទុកមេរោគ​អេ​ដ៍​ផង ហើយ​ប្រពន្ធ​មាន​ប្រុស​ថ្មី​ផង ឈ្មោះ ទង វុ​ទ្ធី មិន​នៅផ្ទះ​ទេ ក៏​ទៅ​រកស៊ី​រក​ខ្លឹមចន្ទន៍​គ្រឹះ​ស្នា នៅ​ខេត្តព្រះវិហារ ។ ក្នុង​កំឡុង​ពេល​ធ្វើ​ឈើខ្លឹម​នៅ​ក្នុង​ព្រៃ​នោះ ក៏​បាន​ស្គាល់​មិត្តភក្តិ​រកស៊ី​ឈើ​ជាមួយ​គ្នា​២​ទៅ​៣​នាក់ ដោយ​ពួក​គេ​មាន​កាំភ្លើង​អាកា​កាត់​ស្វាយ​១​ដើម មាន​គ្រាប់​១៩​គ្រាប់​ក្នុង​បង់​នឹកឃើញ​ចង់​សម្លាប់​អា​សហាយ​របស់​ប្រពន្ធ ។

នៅ​ក្នុង​ខែមករា ២០១៦ ស្ត្រី​ជា​ប្រ​ព​ន្ឋ​បាន​ទៅ​លេង​ប្តី​នៅ​កន្លែង​រក​ឈើខ្លឹម​រយៈពេល​២​ថ្ងៃ ក៏​ត្រឡប់​មក​ផ្ទះ​វិញ ។ បើ​តាម​ចម្លើយ​សារភាព​របស់​ជនជាប់ចោទ​ជា​ប្ដី​ថា នៅ​ពេល​ដែល​ប្រពន្ធ​ទៅ​សួរសុខទុក្ខ​រយៈពេល​២​យប់​នេះ គឺ​ប្រពន្ធ​មិន​បានឱ្យ​ខ្លួន​រួមដំណេក​ជាមួយ​ទេ ។ ក្រោយ​ពី​ប្រពន្ធ​វិល​មក​ផ្ទះ​វិញ​បាន​៣​ថ្ងៃ នៅ​ថ្ងៃ​ទី​២៦ មក​រា ឆ្នាំ​២០១៦ ខ្លួន​ក៏​បាន​មក​ផ្ទះ ដោយ​លួច​យក​កាំភ្លើង​របស់​មិត្តភក្តិ​មក​ជាមួយ​ផង ក្នុង​គោលបំណង​បាញ់​សម្លាប់​ប្រុស​សហាយ​របស់​ប្រពន្ធ​ចោល ទៅ​តាម​កំហឹង​ដែល​ហ៊ាន​លូក​ថ្លើម​បែប​នេះ ។ ប៉ុន្តែ​មិន​បាន​សម្រេច​ដូច​បំណង​ទេ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង ។

លោក​វរសេនីយ៍ទោ ឈឹ​ម ឈាង  នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​ខេត្ត​ផ្នែក​នីតិវិធី​សួរ​ចម្លើយ​បាន​និយាយ​ថា  ក្រោយ​ពី​មាន​អំពើ​លួច​ធ្វើ​អត្តឃាត​កាលពី​យប់​ថ្ងៃ​ទី​២៧ មក​រា ឆ្នាំ​២០១៦ កន្លង​មកនេះ លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ចន្ទ​មធុ​រិ​ទ្ឋ ស្នងការ​ខេត្ត​បាន​សហការ​ជាមួយ​ព្រះរាជអាជ្ញា​ដាក់​បញ្ជា​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ ចុះ​ស្រាវជ្រាវ​តាម​រកមុខ​សញ្ញា​ជនល្មើស ។ លោក​បន្ត​ថា លុះ​ស្រាវជ្រាវ​ដឹង​មុខសញ្ញា​ហើយ ព្រះរាជអាជ្ញា​ក៏​ចេញ​ដីកា​បញ្ជា​ឱ្យ​ជនជាប់ចោទ​ចូលខ្លួន​ដោយ​សមត្ថកិច្ច​ទៅ​នាំ​ខ្លួន មក​កាន់​ស្នងការដ្ឋាន​ខេត្ត​ដើម្បី​សាកសួរ ។

តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ ទង វុ​ទ្ឋី ហៅ ដុក បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ក្រោយ​ពី​វិល​ត្រឡប់​មក​ពី​ខេត្តព្រះវិហារ​ដោយ​បាន​លួច​យក​កាំភ្លើង​មិត្តភក្តិ​ដែល​ធ្វើ​ខ្លឹម​នៅ​ក្នុង​ព្រៃ​ជាមួយ​គ្នា គឺ​អាវុធ​អាកា​១​ដើម ដែល​មាន​គ្រាប់​ក្នុង​បង់​ចំនួន​១៩​គ្រាប់ ក្នុង​គោលបំណង​បាញ់​សម្លាប់​ប្រុស​សហាយ​នេះ បាន​និយាយ​ថា ប្រុស​សហាយ​ឈ្មោះ តាប់ មាន​អាយុ​ជាង​៤០​ឆ្នាំ មាន​ប្រពន្ធ​ច្រើន តែ​ពេល​នេះ​បាន​លែង​អស់ហើយ និង​រស់នៅ​ជា​បុរស​ពោះម៉ាយ ។ នៅ​ថ្ងៃ​ទី​២៦ មក​រា ២០១៦ ខ្លួន​បាន​មក​ដល់​ផ្ទះ អត់​ឃើញ​ប្រពន្ធ​នៅទេ តែ​បាន​ព័ត៌មាន​ថា ប្រពន្ធ​នៅផ្ទះ​ប្រុស​ថ្មី​ជា​សហាយ ។ លុះ​ថ្ងៃ​ទី​២៧ មក​រា វេលា​ម៉ោង​៧​យប់​ខ្លួន​បាន​កាន់​កាំភ្លើង​នោះ​ទៅ​ផ្ទះ​ឈ្មោះ តាប់ ដែល​ជា​ប្រុស​សហាយ​របស់​ប្រពន្ធ ស្ថិត​នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ។ បាន​និយាយ​ថា ពេល​ទៅ​ដល់​ឃើញ​ប្រពន្ធ​កំពុង​ដេក​បន្លែង​គ្នា​នៅ​លើ​ផ្ទះ​ជាមួយ​ប្រុស​សហាយ​យ៉ាង​ល្អូកល្អើន ទាំង​ខ្លួន​ស្រាត​ននល​ទាំង​ពីរ​នាក់ ក្រោម​ពន្លឺភ្លើង ខ្លួន​បាន​អង្គុយ​មើល​រូបគេ​ទាំង​ពីរ​នាក់​ជិត​មួយ​ម៉ោង ។

បុរស​ជា​ប្ដី​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​បន្ត​ទៀត​ថា ពេល​ក្រុម​គេ​ទាំង​ពីរ​ពន្លត់ភ្លើង​ពិល ខ្លួន​ក៏​ដើរទៅ​ក្រោមផ្ទះ​លួច​ស្រាយ​គោ​ដើម្បី​ឱ្យ​បុរស​ជា​សហាយ​ប្រពន្ធ​នោះ​ចុះ​មក​ចាប់​គោ ខ្លួន​នឹង​បាញ់​សម្លាប់​តែ​ម្ដង ។ តែ​ពេល​នោះ​ត្រូវ​ពួក​គេ​ចុះ​មក​ចាប់​គោ​ទាំង​២​នាក់ ខ្លួន​មិន​ដាច់​ចិត្ត​បាញ់​ទេ ព្រោះ​ខ្លាច​ត្រូវ​ប្រពន្ធ ទុក​ឱ្យ​នៅ​មើល​កូន​ទៅ​ចុះ បើ​ខ្លួន​ជាប់គុក​មិន​ថ្វី​ទេ ។

លុះ​ពេល​ពួក​គេ​ចាប់ចង​គោ​ហើយ ពេល​ពួក​គេ​ឡើង​ទៅ​លើ​ផ្ទះ​វិញ ឃើញ​ប្រពន្ធ​ខ្លួន​ឡើង​ផុត​នៅ​សល់​ប្រុស​សហាយ ខ្លួន​ក៏​បាញ់​មួយ​គ្រាប់​ត្រូវ​ម្រាមដៃ តែ​ខ្លួន​ស្មានថា​ស្លាប់ ខ្លួន​ក៏​គេច​ចេញពី​កន្លែង​បាញ់​នោះ ហើយ​បាន​បាញ់​ឡើង​លើ​២​គ្រាប់​ទៀត​រួច​ដើរមក​ផ្ទះ​វិញ ។ ដើរ​បាន​ប្រហែល​១​គីឡូម៉ែត្រ​បាន​រាលកៃ​ផ្ទុះ​១​គ្រាប់​ទៀត ។

លោក ឈឹ​ម ឈាង នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​កើតហេតុ​មានការ​ប៉ុនប៉ង​លួច​ធ្វើឃាត​នោះ កម្លាំង​សមត្ថកិច្ច​ក្រោម​បញ្ជា​លោក​ឧត្តមសេនីយ​ស្នងការ បាន​ចុះ​ស្រាវជ្រាវ​អស់​ជា​ច្រើន​ថ្ងៃ​ដឹង​មុខសញ្ញា​ជន​ស​ង្ស​យ័​ខាងលើ​ហើយ នៅ​ថ្ងៃ​ទី​១០ កុម្ភៈ ២០១៦ នេះ ព្រះរាជអាជ្ញា​ក៏​ចេញ​ដីកា​ឱ្យ​ចូលខ្លួន​ដើម្បី​សមត្ថកិច្ច​សាកសួរ ។

ក្រោយ​ពេល​សាកសួរ និង​ស្តាប់​ចម្លើយ​សារភាព​ពី​ជនសង្ស័យ សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​១១ កុម្ភៈ​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី ។ សូម​បញ្ជាក់​ថា ប្ដី​ប្រពន្ធ​នេះ​មានកូន​២​នាក់ ៕