រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​ការហូរចូល​ទំនិញ​ក្លែងក្លាយ​

​ភ្នំពេញ​៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ជាពិសេស​គ្រប់​អាជីវករ​នៅ​ទូទាំងប្រទេស​កម្ពុជា ត្រូវ​ចេះ​ថែរក្សា​ម៉ាក​យីហោ​របស់​កម្ពុជា ដោយ​មិនត្រូវ​ដាក់តាំង​ផលិតផល​ក្លែងក្លាយ​នោះទេ​។ លោក រដ្ឋមន្ត្រី ក៏​ស្នើ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​ចំពោះ​អ្នក​ចរាចរ​ទំនិញ​ក្លែងក្លាយ​ផងដែរ​។

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​ក្រើនរម្លឹក និង​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ ត្រូវ​បន្ត​ការយកចិត្តទុកដាក់​ទ​ប់​ស្កាត់​រាល់​ទំនិញ​ក្លែងក្លាយ និង​ផលិតផល​ដែល​ក្លែង​ម៉ាក​យីហោ គ្រប់​ប្រភេទ​។ ការ​ថ្លែង​ក្រើនរម្លឹក​នេះ​គឺ​ត្រូវបាន​ធ្វើឡើង​នៅ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម សាខា​កាំកុងត្រូល​និង​សភាពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ កាលពីពេល​ថ្មីៗ​នេះ​។​

​ជាមួយគ្នា​លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ក៏​ជំរុញ​ឲ្យ​ប្រជាជន​កម្ពុជា​នៅ​ទូទាំងប្រទេស​កម្ពុជា ត្រូវ​ចេះ​ថែរក្សា​ម៉ាក​យីហោ​របស់​កម្ពុជា ចំណែក​អាជីវករ​ទាំងអស់​មិន​ត្រូវ​បន្ត​ដាក់លក់​ផលិតផល​ក្លែងក្លាយ គ្មាន​គុណភាព មិន​សុទ្ធ​ល្អ ដែល​នាំ​ឲ្យ​ប្រជាជន​ទិញ​យកទៅ​ទទួលទាន​មាន​បញ្ហា​ដល់​សុខភាព​របស់​ក្រុមគ្រួសារ​ប្រជាពលរដ្ឋ​ខ្មែរ​។ លើសពីនេះ​ទៀត លោក​រដ្ឋមន្ត្រី ក៏បាន​ដាស់តឿន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ នាំគ្នា​គោរព​ច្បាប់​ទាំងអស់គ្នា ចំណែក​មន្ត្រី​ពាណិជ្ជកម្ម​ទាំងអស់​ត្រូវតែ​បន្ត​ការ​សាមគ្គី និង​ទប់ស្កាត់​រាល់​ការ​ចរាចរ​ទំនិញ​គ្មាន​គុណភាព និង​មាន​ម៉ាក​យីហោ​ក្លែងក្លាយ​ឲ្យ​បាន​ទាន់ពេលវេលា​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​