អគ្គិភ័យ​ឆេះ​ម៉ាស៊ីន​យន្ដហោះ នៅ​ពេល​ហោះ​ងើប​ខ្លួន​ពី​ដី


បន្ទាប់ពីដឹងថា ម៉ាស៊ីនប្រតិកម្មម្ខាង របស់យន្ដហោះ បានរងអគ្គិភ័យនោះមក អ្នកបើកបរយន្ដហោះ ប៊ូអីង របស់​ក្រុមហ៊ុន​អាកាសចរណ៍រ៉ូស្សី «Orenbourg Airlines» បានបញ្ជាយន្ដហោះរបស់ខ្លួន ឲ្យត្រឡប់មក​ចុះចត​វិញ និង​បាន​ជួយ​សង្គ្រោះ​ជីវិត​អ្នក​ដំណើរ ៣៧០នាក់ ដោយជោគជ័យ។
អគ្គិភ័យ​ឆេះ​ម៉ាស៊ីន​យន្ដហោះ នៅ​ពេល​ហោះ​ងើប​ខ្លួន​ពី​ដី

ម៉ាស៊ីនប្រតិកម្មម្ខាងរបស់យន្ដហោះ បានរងអគ្គិភ័យ នៅបន្ទាប់ពីយន្ដហោះ បានហោះងើបខ្លួនពីដី។ (រូបថតផ្តិតពីវីដេអូ)

អ្នកដំណើរ ដែលជិះនៅក្នុងយន្ដហោះប្រភេទ ប៊ូអីង របស់ក្រុមហ៊ុនអាកាសចរណ៍រ៉ូស្សី «Orenbourg Airlines (Orenair)» ប្រាកដជាភ័យ​លោះព្រលឹងមិនតិចទេ នៅក្នុងជីវិតរបស់ពួកគេ។ នៅបន្ទាប់ពីងើបខ្លួនពីដី បាន​១៥នាទី នៅថ្ងៃទី១១ ខែកុម្ភៈនេះ ពីព្រលានយន្ដហោះក្រុង ពន់តាកាណា (Punta Cana) នៃ​សាធារណរដ្ឋ​ដូមីនិកាំង (ទ្វីបអាមេរិក) យន្ដហោះដែលពួកគេជិះ និងដែលហោះនៅកំពស់ ៦គីឡូម៉ែត្រពីដី​ហើយ​នោះ បាន​រងគ្រោះ​ព្រោះអគ្គិភ័យ បានឆាបឆេះម៉ាស៊ីនប្រតិកម្មម្ខាង របស់យន្ដហោះ។

សេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រុមហ៊ុនអាកាសចរណ៍ បានពន្យល់ថា ម៉ាស៊ីនប្រតិកម្មបានខូច នៅ​ពេល​ហោះហើរ បង្កឲ្យមានអគ្គិភ័យ ហើយផ្សែងដ៏ខ្មួលខ្មាញ់ បានហុយចូលមកក្នុងយន្ដហោះ។ សារព័ត៌មាន «Sputnik News» បានរាយការណ៍ថា អ្នកដំណើរបានមើលឃើញពីក្នុងយន្ដហោះមក ឃើញម៉ាស៊ីន​ប្រតិកម្ម​ម្ខាង កំពុងស្ថិតក្នុងអណ្ដាតភ្លើង យ៉ាងសន្ធោសន្ធៅ។

អគ្គិភ័យ​ឆេះ​ម៉ាស៊ីន​យន្ដហោះ នៅ​ពេល​ហោះ​ងើប​ខ្លួន​ពី​ដី

អ្នកបើកបរយន្ដហោះ បានសម្រេចចិត្តធ្វើការចុះចតជាបន្ទាន់។ ប៉ុន្តែការចុះចតក្នុងស្ថានភាពរបៀបនេះ អាច​មានគ្រោះថ្នាក់បំផុត ដោយសារតែនៅពេល ដែលទើបហោះ​ងើបខ្លួនពីដី សារជាតិ «Kérosène» ឬ​ចំហាយ​ប្រេង​សាំងយន្ដហោះ បានកើនឡើងយ៉ាងខ្លាំង នៅក្នុងយន្ដហោះ ហើយអាចបង្កឲ្យការឆាបឆេះ កាន់តែ​ខ្លាំង​ឡើង។ ក្រុមអ្នកកាន់ចង្កូតយន្ដហោះ បានបន្តបង្ហោះយន្ដហោះ ក្នុងរយៈពេលជាង២០នាទីទៀត មុន​នឹង​បន្ទាប​ខ្លួន មកចុះចតនៅនឹងព្រលានយន្ដហោះដដែលវិញ ដោយសុវត្ថិភាព។

» ដំណើរផ្លូវហោះហើរ របស់យន្ដហោះ បន្ទាប់ពីរងអគ្គិភ័យ (ខ្សែពណ៌ក្រហម ជាផ្លូវហោះហើរធម្មតា ខណៈ​ខ្សែ​ពណ៌​ខៀវ ឬបៃតង ជាផ្លូវហោះហើរ នៅក្រោយពេលមានអគ្គិភ័យ)៖

អគ្គិភ័យ​ឆេះ​ម៉ាស៊ីន​យន្ដហោះ នៅ​ពេល​ហោះ​ងើប​ខ្លួន​ពី​ដី

សូមបញ្ជាក់ដែរថា នៅក្រោយហេតុការណ៍អគ្គិភ័យ អ្នកបើកបរបានទម្លាក់ប្រេងសាំង ប្រមាណជា១តោនចោល និងបានបិទម៉ាស៊ីនប្រតិកម្ម ដែលបានឆេះ ឲ្យឈប់មានដំណើរការ ដោយបារម្ភខ្លាច អគ្គិភ័យអាចធ្វើឲ្យផ្ទុះ ដល់​តួយន្ដហោះទាំងមូល។ នៅពេលយន្ដហោះ ទម្លាក់ខ្លួនចុះដល់ដី កង់យន្ដហោះមួយចំនួនទៀត ក៏ត្រូវ​រង​ការ​ឆាប​ឆេះឡើងដែរ។

សំណាងល្អណាស់ សម្រាប់ក្រុមអ្នកដំណើរទាំងអស់ ដែលគ្មាននរណាម្នាក់រងរបួស ឬរងគ្រោះ​ដល់​ជីវិត​ឡើយ។ ពួកគេត្រូវបានជម្លៀសចេញ តាមពោងសង្គ្រោះបន្ទាន់របស់យន្ដហោះ៕

-------------------------

អគ្គិភ័យ​ឆេះ​ម៉ាស៊ីន​យន្ដហោះ នៅ​ពេល​ហោះ​ងើប​ខ្លួន​ពី​ដី

» របាយការណ៍ជាវីដេអូ ស្ដីពីព្រឹត្តិការណ៍លោះព្រលឹង៖