ក្រុម​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​រៀបចំ​កម្មវិធី​សប្បុរសធម៌​ជួយ​ជន​ក្រីក្រ

ក្រុម​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ រៀបចំ​កម្មវិធី​សប្បុរសធម៌​លើក​ទី​៧ ដើម្បី​រៃអង្គាស​ថវិកា​ឧបត្ថម្ភ​ដល់​ជន​ក្រីក្រ។ កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ពេល​ព្រឹក រហូត​ដល់​រសៀល​ថ្ងៃ​ទី​១៤ កុម្ភៈ ចំ​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់។ អ្នក​រៀបចំ​កម្មវិធី​បញ្ជាក់​ថា កម្មវិធី​នេះ​ធ្វើ​ឡើង​ដើម្បី​បង្ហាញ​ក្តី​ស្រឡាញ់​របស់​យុវជន​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ជាពិសេស​ចំពោះ​ជន​ក្រីក្រ។

យុវជន​រាប់​ពាន់​នាក់ ដែល​ភាគ​ច្រើន​ជា​និស្សិត បាន​មក​ចូលរួម​ក្នុង​កម្មវិធី​សប្បុរសធម៌​ដែល​ប្រព្រឹត្ត​ទៅ​នៅ​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ។

ក្នុង​ទឹក​មុខ​ញញឹមញញែម និង​ស្លៀកពាក់​ស្អាតបាត យុវជន​ជាច្រើន​ដើរ​ទៅ​មក​តាម​ស្តង់​នីមួយៗ​ដែល​មាន​ដាក់​តាំង​លក់​ម្ហូប​អាហារ ភេសជ្ជៈ និង​នំ​ចំណី​ជាច្រើន​មុខ។

យុវជន​ដែល​ឈរ​តាម​ស្តង់​នីមួយៗ​មាន​ភាព​សកម្ម​ណាស់​ក្នុង​ការ​ហៅ ឬ​អូស​ទាញ​យុវជន​ដទៃ​ទៀត ឲ្យ​ទិញ​របស់​របរ​របស់​ខ្លួន។ មាន​យុវជន​ខ្លះ​ទៀត​កាន់​ធុង ឬ​ហិប ដែល​មាន​សរសេរ​អក្សរ​ថា ហិប​សប្បុរសធម៌ ដើរ​រៃអង្គាស​បច្ច័យ​ពី​អ្នក​ចូលរួម។ គ្រប់​សកម្មភាព​ទាំងអស់​នេះ ធ្វើ​ឡើង​ដើម្បី​ប្រមូល​ថវិកា​សប្បុរសធម៌​យក​ទៅ​ជូន​ជន​ក្រីក្រ ដោយ​ពួក​គេ​ម្នាក់ៗ​មិន​ទទួល​បាន​កម្រៃ​អ្វី​ឡើយ ក្រៅ​តែ​ពី​ភាព​សប្បាយ​រីករាយ​ក្នុង​ការ​ជួប​ជុំ​គ្នា។

យុវជន​ម្នាក់​ឈ្មោះ លាង សក្កដា ដែល​កំពុង​ដើរ​មើល​ការ​តាំង​ពិព័រណ៍ បញ្ចេញ​យោបល់​ថា លោក​ពិត​ជា​ពេញ​ចិត្ត​នឹង​កម្មវិធី​ប្រភេទ​នេះ​ណាស់ ដែល​អាច​ធ្វើ​ឲ្យ​យុវជន​បង្ហាញ​ក្តី​ស្រឡាញ់ និង​សាមគ្គីភាព​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក៖ «យុវជន​ប្រមូល​ផ្តុំ​គ្នា​ក្នុង​ការ​ធ្វើ​សកម្មភាព​មួយ ដើម្បី​សប្បុរសធម៌ ព្រោះ​ឃើញ​ទិដ្ឋភាព​នេះ​មាន​សុទ្ធតែ​ធុង​សប្បុរសធម៌​ច្រើន​ក្នុង​ការ​កៀរគរ​ថវិកា ជាក់​ច្បាស់​ណាស់​នឹង​ចូល​ដល់​សង្គម​ណា​មួយ ហើយ​គាត់​មាន​ការ​សាមគ្គី​គ្នា​ក្នុង​ការ​លក់​ដូរ។ ទន្ទឹម​នឹង​នេះ ក្នុង​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់ គាត់​យក​ពេលវេលា​នេះ​ដើម្បី​ធ្វើ​អ្វី​មួយ​ជា​ការ​បង្កើន​មិត្តភាព​រវាង​មិត្តភ័ក្ដិ​គាត់​ផង ហើយ​ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​សង្គម​ផង»

ស្រដៀង​គ្នា​នេះ អ្នក​ចូលរួម​ម្នាក់​ទៀត គឺ​កញ្ញា មន ថៃនីន ពោល​ថា កញ្ញា​រីករាយ​នឹង​កម្មវិធី​នេះ​ណាស់ ហើយ​ចង់​ឲ្យ​មាន​ទៀត​នៅ​ឆ្នាំ​ក្រោយៗ៖ «វា​ប្លែក​ហើយ​សប្បាយ ពេល​ឃើញ​មនុស្ស​ច្រើន ហើយ​វា​ច្រើន​ជាង​ឆ្នាំ​មុន។ ឆ្នាំ​មុន​ខ្ញុំ​មក​ឃើញ តែ​វា​ធ្វើ​តែ​បន្តិច​ទេ​កន្លែង​នេះ តែ​ថ្ងៃ​នេះ​មក​ឃើញ ខ្ញុំ​ពិត​ជា​ភ្ញាក់​ផ្អើល​មែន​ទែន ព្រោះ​គាត់​រៀបចំ​បាន​ល្អ​ជាង​ឆ្នាំ​មុន»

ចំណែក​យុវជន​ម្នាក់​ទៀត​ដែល​កំពុង​មមាញឹក​នឹង​ការ​លក់​សាច់​អាំង និង​ភេសជ្ជៈ គឺ​កញ្ញា រស់ សុធាវី វិញ​ថ្លែង​ថា កញ្ញា និង​មិត្តភ័ក្ដិ​មួយ​ចំនួន​ទៀត មិន​មាន​ការ​នឿយហត់​អ្វី​ឡើយ​ចំពោះ​ការ​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​បែប​នេះ ព្រោះ​ថវិកា​ដែល​កញ្ញា​លក់​បាន​នៅ​ពេល​នេះ នឹង​ត្រូវ​យក​ទៅ​បម្រើ​សកម្មភាព​មនុស្សធម៌៖ «និយាយ​ទៅ​សប្បាយ សប្បាយ​មែន​ទែន​បង ព្រោះ​លុយ​លក់​បាន​មិន​មែន​យក​ទុក​ខ្លួន​ឯង​ទេ គឺ​យក​ទៅ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា»

ប្រធាន​ក្រុម​និស្សិត​រៀបចំ​កម្មវិធី លោក មឿន ចន្ទ្រា លើក​ឡើង​ថា កម្មវិធី​នេះ​ធ្វើ​ឡើង​សម្រាប់​រៃអង្គាស​ថវិកា​ជូន​ពលរដ្ឋ​ក្រីក្រ ក្មេង​កំព្រា ឬ​ជន​អនាថា​ដែល​ខ្វះ​ទី​ពឹង។ លោក​បន្ត​ថា សកម្មភាព​មនុស្សធម៌​នេះ មិន​មាន​ប្រកាន់​និន្នាការ​នយោបាយ​ណា​មួយ​ឡើយ មាន​ន័យ​ថា យុវជន​គាំទ្រ​គណបក្ស​នយោបាយ​ណា ក៏​អាច​ចូលរួម​បាន​ដែរ៖ «ចែក​រំលែក​ពី​ខ្លួន​គាត់ ទៅ​ប្រជាជន​របស់​គាត់ ទៅ​កុមារ​កំព្រា​របស់​គាត់ ទៅ​ចាស់​ជរា​នៅ​ក្នុង​ប្រទេស​របស់​គាត់។ អ៊ីចឹង​យើង​បង្វែរ​គាត់​ឲ្យ​គិត​អ៊ីចឹង​វិញ គឺ​ស្រឡាញ់​តាម​បែប​សប្បុរសធម៌ យក​ថវិកា​ហ្នឹង​ជួយ​និស្សិត​យើង​ដែល​ជួប​ប្រទះ​ការ​លំបាក»

លោក មឿន ចន្ទ្រា បន្ត​ទៀត​ថា ទិវា​សប្បុរសធម៌​នេះ​ក៏​ធ្វើ​ឡើង​ដើម្បី​បង្វែរ​ការ​យល់​ឃើញ​របស់​យុវជន​មួយ​ចំនួន អំពី​រឿង​ស្នេហា​បុគ្គល និង​បុគ្គល ទៅ​ជា​ការ​ស្រឡាញ់​ចំពោះ​ពលរដ្ឋ​ខ្មែរ​ទូទៅ​ផង​ដែរ។

ការ​កៀរគរ​ថវិកា​សប្បុរសធម៌​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៤ រហូត​ដល់​ថ្ងៃ​ទី​២២ កុម្ភៈ ខាង​មុខ។ ថវិកា​ដែល​លក់​បាន ក្រុម​និស្សិត​អាច​បរិច្ចាគ​ទាំងអស់ ឬ​បរិច្ចាគ​តែ​ប្រាក់​ចំណេញ​ក៏​បាន ទៅ​កាន់​សាកលវិទ្យាល័យ។ លើស​ពី​នេះ ថវិកា​ដែល​ទទួល​បាន​ពី​ការ​បរិច្ចាគ នឹង​ត្រូវ​ប្រគល់​ជូន​ជន​ក្រីក្រ​ដោយ​ផ្ទាល់​នៅ​ពេល​ក្រោយ បន្ទាប់​ពី​ក្រុម​និស្សិត​មើល​ឃើញ​ពី​ភាព​ខ្វះខាត​របស់​ជន​ទាំង​នោះ។

នេះ​ជា​លើក​ទី​៧ ហើយ​ដែល​ក្រុម​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​រៀបចំ​ជា​កម្មវិធី​សប្បុរសធម៌​នេះ​ឡើង ហើយ​អ្នក​រៀបចំ​កម្មវិធី​បញ្ជាក់​ថា នឹង​មាន​ការ​រៀបចំ​បែប​នេះ​ទៀត​នៅ​ឆ្នាំ​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។