គ្រាប់​ធញ្ញជាតិ និង សុខភាព​ស្បែក​

Doliprane TVC

«​គ្រាប់​ធញជាតិ​»​ជា​អាហារ​ធម្មជាតិ​ដ៏​ល្អ​បំផុត​សម្រាប់​មនុស្ស ។ វា​មិន​គ្រាន់តែ​ជួយ​ដល់​ស្ត្រី​ឱ្យមាន​សុខភាព​ល្អ​ទេ វា​ថែមទាំង​នៅ​ជួយ​ឱ្យ​ស្ត្រី​​មាន​រាង​ស្វែ​ល​ដោយសារតែ​ការមិន​ឡើង​ទម្ងន់ និង ស្បែក​ភ្លឺ​ថា្ល​ថែម​ទៀតផង ។

ខាងក្រោម​នេះ​ជា​រូបមន្ត​ពិសេស​ក្នុង​ការប្រើ​គ្រាប់​ធញ្ញជាតិ​កែ​សម្ផស្ស ៖

១-​រូបមន្ត​ស្អាត​ដោយ​គ្រាប់​សណ្តែកក្រហម​

គ្រាប់​ធញ្ញជាតិ និង សុខភាព​ស្បែក​

​សណ្តែកក្រហម​មាន គុណប្រយោជន៍​មិន​ចាញ់​សណ្តែកខៀវ​ប៉ុន្មាន​ទេ ព្រោះ​វា​ក៏ត្រូវ​បាន​គេ​ប្រើ សម្រាប់​សម្អាត​លើ​ផ្ទៃមុខ​ឱ្យបាន​ស្អាត​ផូរផង់​ផងដែរ ។​ ​គេ​គ្រាន់តែ​យក​សណ្តែកក្រហម​មក​កិន​ដោយ​ម៉ាស៊ីន​កិន ឬ បុក​ឱ្យ​ម៉ដ្ឋ រួចហើយ​យក​ស្បៃ​មក​ច្រោះ​យកតែ​កម្ទេច​ម៉ដ្ឋ​តូចៗ​មក​លាយ​ទឹក​បន្តិច រួចយក​ចំណែក​លាយ​ផ្សំ​នេះ​មក​លុប​លាងមុខ​ជំនួស​ហ្វូ​ម និង សាប៊ូ​ដុស​មុខជាប្រចាំ​រៀងរាល់ថ្ងៃ ។ សណ្តែកក្រហម​នឹង​ជួយ​កម្ចាត់​វត្ថុ​កខ្វក់​ដែល​នៅជាប់ស្បែក​ដោយ​ធ្វើឱ្យ​ស្បែក​ភ្លឺ​ថ្លា​ក្មេង​ជាង​វ័យ ។​

២-​ពោត​ជួយ​បំបាត់​ស្នាម​អុជ​ខ្មៅ​

គ្រាប់​ធញ្ញជាតិ និង សុខភាព​ស្បែក​

​គ្រឿងសម្អាង​ជួយ​កម្ចាត់​ស្នាម​អុជ​ខ្មៅ​មាន​ច្រើនណាស់ ប៉ុន្តែ​យ៉ាងណា​ក្នុងចំណោម​នេះ​ការប្រើ​ពោត បំបាត់​អាការ​មួយ​បែបនេះ​ក៏មាន​ប្រសិទ្ធភាព​ផងដែរ ។​ ​វិធី​អនុវត្ត គឺ​យក​គ្រាប់ពោត​មួយ​កូនចាន​ចង្កឹះ និង ទឹក​ដាំ​ឆ្អិន ១ ភាគ ៣ កូនចានមក​កិន​បញ្ចូល​គ្នា ។ ប្រើ​ស្បៃ​ច្រោះ​យកតែ​ទឹក រួចហើយ​យកមក​លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ ២ ស្លាបព្រា​កាហ្វេ និង លាយ​ជាមួយ​ទឹកឃ្មុំ ២ ស្លាបព្រា​បាយកូរ​បញ្ចូល​គ្នា​បន្ថែមទៀត ។ នៅពេល​លាយ​ផ្សំ​រួចរាល់ហើយ​យក​ល្បាយ​នោះមក​បំពោក​លើ​ផ្ទៃមុខដោយ​ទុកចោល​ប្រហែល ២០ នាទី ។ ក្រោយពី​នោះ​បំពោក​ចំណែក​លាយ​ផ្សំ​នេះ​មួយ​សា​ពីលើ​បន្ថែមទៀត ដោយ​លើក​នេះ​ទុកចោល ១៥ នាទី បន្ទាប់មក​លុបលាង​មុខ​ដោយ​ទឹក​ត្រជាក់​ចេញ​វិញ ។ ចូរ​អនុវត្ត​វិធី​នេះ​ជាប្រចាំ ស្នាម​អុជ​ខ្មៅ​នឹង​រលុប​បន្តិច​ម្តងៗ​រហូត​ទាល់តែ​អស់ពី​មុខជា​ពុំខាន ។​

៣-​រូបមន្ត​រឹតបន្តឹង​រន្ធ​រោម​ដោយ​ប្រើ​ម៉ាស​ពោត
បំពោក​ផ្ទៃមុខ ដើម្បីឱ្យ​រន្ធ​រោម​ដែល​ធ្លាប់តែ​រីក​ធំ​មើលឃើញ​ដោយ​ភ្នែក​ទទេ​លើ​ផ្ទៃមុខ​ឱ្យ​រួម​តូច​មកវិញ ។ វិធី​អនុវត្ត​គឺ​ប្រើ​គ្រាប់ពោត​មួយ​កូនចាន​ចង្កឹះ និង ទឹក​ឆ្អិន ៣ ស្លាបព្រា​បាយ មក​កិន​បញ្ចូល​គ្នា​ឱ្យ​ក្លាយជា​ល្បាយ​ខាប់ៗ ។ បន្ទាប់មក​ដាក់​ទឹកក្រូច​ឆ្មារ ៣ ស្លាបព្រា​កាហ្វេ និង ស៊ុត​ស​មួយ​គ្រាប់​បញ្ចូល​បន្ថែម រួច កិន​របស់​លាយ​ផ្សំ​ទាំងនេះ​មួយ​សា​ទៀត​រហូត​ក្លាយជា​ល្បាយ ។​
​ប្រើ​ល្បាយ​ដែល​លាយ​ផ្សំ​នេះ​មក​ម៉ាស្សា​ឱ្យ​សព្វ​លើ​ផ្ទៃមុខ ។ ប្រើ​ចុងម្រាម​ម៉ាស្សា​លញ់​ទៅមកៗ​ជា​រង្វង់​មូល​ឱ្យបាន​ប្រមាណ ១០ នាទី រួច បំពោក​ទុល​ចោល ១៥ នាទី​បន្ថែមទៀត ។ នៅពេល​រួចរាល់​ហើយ​លាង ជម្រះ​ដោយ​ទឹក​ត្រជាក់​ចេញ​មួយ​សា​ទៀត​ជាការ​ស្រេច ។​

៤-​រូបមន្ត​ស្បែក​ចែងចាំង​ដោយ​គ្រាប់ Job’s tears

គ្រាប់​ធញ្ញជាតិ និង សុខភាព​ស្បែក​

រុក្ខជាតិ​ប្រភេទ​នេះ​គេ​អាច​ប្រើ​ជា​ប្រយោជន៍​ជួយ​ឱ្យ​ស្បែក​ភ្លឹ​ថ្លា​ចែងចាំង​ផងដែរ ។ វិធី​អនុវត្ត​គឺ​កិន​គ្រាប់ Job’s tears ឱ្យ​ម៉ដ្ឋ រួចហើយ​លាយ​ផ្សំ​ជាមួយ​ទឹក​ក្តៅ ឧណ្ហៗ​បំពោក​លើ​ផ្ទៃមុខ​ឱ្យ​សព្វ ទុកចោល ១៥ នាទី ហើយ​លាង​សម្អាត​ចេញ​វិញ ។ អនុវត្ត​វិធី​នេះ​អ្នកនឹង​បានទទួល​ស្បែក​ស្រស់ស្អាត​ជាង​មុន​ជាពុំខាន ។​

៥-​រូបមន្ត​ថែទាំ​ស្បែក​ដោយ​គ្រាប់​ផ្កាឈូករ័ត្ន​

គ្រាប់​ធញ្ញជាតិ និង សុខភាព​ស្បែក​

​ចង់ឱ្យ​ស្បែក​របស់ អ្នក​មើលទៅ​ស្រស់ស្អាត សាកល្បង​ប្រើ​គ្រាប់​ផ្កាឈូករ័ត្ន​ម្តងវិញ​មើល ។ ជា ដំបូង​យក​គ្រាប់​ផ្កាឈូករ័ត្ន​ឆៅ ឬ លីង​រួចហើយ ១ ភាគ សាលាដ ១ ភាគ ទឹករ៉ែ ១ ភាគ ស៊ុត ១ ភាគ និង ទឹកក្រូច​ឆ្មារ ១ ភាគ ។ ត្រូវយក​ចំណែក លាយ​ផ្សំ​ទាំងនេះ​មក​កិន​លាយ​ផ្សំ​បញ្ចូល​គ្នា​រហូត​ក្លាយជា​ល្បាយ​ដែលមាន សាច់​ខាប់ៗ ហើយ​ក្លាស្សេ​ក្នុង​ទូទឹកកក ។​
​ត្រូវ​សម្អាតខ្លួន​ឱ្យបាន​ស្អាតបាត ហើយ​យក​ល្បាយ​នេះ​មក​លាប​រាងកាយ​ឱ្យបាន​សព្វ ត្រូវ​លញ់​តាម​សាច់​ក្រែ​ម​ដែល​ស្អិតៗ​ទាំងនេះ​ទៅមកៗ​ឱ្យ បាន ២ ទៅ ៣ ដង ។ ត្រូវ​ទុកចោល​ឱ្យបាន ១៥ នាទី រួច​សម្អាត​ដោយ​ទឹក មុន​ជូត​ខ្លួន​ឱ្យបាន​ស្ងួត​ឡើងវិញ ។ ត្រូវ​ចងចាំ​ថា រូបមន្ត​នេះ​លាយ​ផ្សំ ម្តង​ត្រូវ​ប្រើ​ឱ្យអស់ មិនអាច​ទុក​ប្រើ​លើក​ក្រោយៗ​ទៀតឡើយ ។​

៦-​រូបមន្ត​បំបាត់​«​មុន​»​ដោយ​អង្ករ​អូត (oat)

គ្រាប់​ធញ្ញជាតិ និង សុខភាព​ស្បែក​

​យក​អង្ករ​អូត​មួយ​ក្តាប់ ហើយ​ត្រាំ​ក្នុង​ទឹកស្អាត​រហូត​អង្ករ​អូត​រីក និង ទន់ ហើយ​យកមក​ខាត់ ឬ ម៉ាស្សា​ឱ្យ​សព្វ​លើ​ផ្ទៃមុខ ។ ត្រូវអនុវត្ត​ព្រឹកល្ងាច​នោះ​ស្បែក​របស់​អ្នក នឹង​ភ្លឺ​ថ្លា​មើលទៅ​ស្រស់ស្អាត​ជាង​មុន​ជាពុំខាន ៕ ដេប៉ូ​