រដ្ឋបាល​ក្រុង​សៀមរាប​ប្រកាស​ចាត់វិធានការ​ក្តៅ​ចំពោះ​អ្នករំលោភ​ចំណីផ្លូវ​

​សៀមរាប​៖ សាលាក្រុង​សៀមរាប ក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន​កាលពី​ថ្ងៃទី​១១ កុម្ភៈ បានប្រកាស​ចាត់វិធានកា​រ​ក្តៅ​ដល់​បណ្តា​ម្ចាស់​អាជីវកម្ម​នានា ដែល​បាន​រំលោភ​យក​ចំណីផ្លូវ និង​ចិញ្ចើមផ្លូវ ធ្វើជា​កន្លែង​លក់ដូរ​យ៉ាង​អាណាធិបតេយ្យ​។ នេះ​ជា​វិធាន​ថ្មី ដើម្បី​រៀបចំ​ទីក្រុង​សៀមរាប ឲ្យ​សមជា​ទីក្រុង​ដែល​ទទួលបាន​ចំណាត់ថ្នាក់​រំដួល​៣​ទង​។​

​ចាប់ពីពេលនេះ​តទៅ អ្នកណា​ដែល​រំលោភបំពាន​ដី​ចំណីផ្លូវ និង​ចិញ្ចើមផ្លូវ​សាធារណៈ ដើម្បី​បម្រើ​ផលប្រយោជន៍​ឯកជន​របស់ខ្លួន អាជ្ញាធរ​ក្រុង​នឹងធ្វើ​ការរុះរើ និង​បោះ​សម្អាត​ចេញ​ជាក់​ជាមិនខាន​។ នេះ​ជា​ខ្លឹមសារ​ស្នូល ក្នុង​សេចក្តីជូនដំណឹង​របស់​សាលាក្រុង​សៀមរាប ដែល​ប្រាប់​ដល់​រាល់​ម្ចាស់​អាជីវកម្ម​នានា ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​

​ខ្លឹមសារ​ក្នុង​សេចក្តីជូនដំណឹង​នេះ គឺ​ចង់​សំដៅលើ​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ភូមិគ្រឹះ តូប​លក់ដូរ រទេះ​ចល័ត​។​ល​។ ដែល​កន្លងមក​ពិនិត្យឃើញថា បាន​យក​ចំណីផ្លូវ និង​ចិញ្ចើមផ្លូវ​សាធារណៈ ធ្វើជា​ចំណត​យានយន្ត បង្កើត​កន្លែង​លក់ដូរ ដាក់​ស្លាក​យីហោ​។​ល​។ ដែល​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុវត្ថិភាព​សាធារណៈ ដូចជា​ការកកស្ទះ​ចរាចរណ៍ គ្មាន​របៀបរៀបរយ គ្មាន​អនាម័យ​ជាដើម​។​

​ដើម្បី​ធានា​សុវត្ថិភាព​សណ្តាប់ធ្នាប់​ឡើងវិញ ឲ្យ​ស័​ក្ត​សមជា​ទីក្រុង​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ និង​ជាទី​ក្រុង​បេក្ខភាព​ជ័យលាភី​រំដួល​៣​ទង «​ទីក្រុង​ស្អាត​» អាជ្ញាធរ​នឹង​ចាត់វិធានការ​រាល់​ទីតាំង​ណា ដែល​បំពាន​លើ​សេចក្តីជូនដំណឹង​នេះ ក្នុងនោះ​មានការ​រឹបអូស និង​រុះ​រើចេញ​នូវ​ឧបករណ៍ សម្ភារ​ទាំងឡាយណា​នៅលើ​ចំណីផ្លូវ​ឲ្យ​អស់​។ អាជ្ញាធរ​ក្រុង​សៀមរាប​បានបញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​ខ្លួន​ថា នឹង​អនុវត្តន៍​វិធានការ​រដ្ឋបាល ដោយ​មិន​ទទួលខុសត្រូវ​ចំពោះ​ការខូចខាត ឫ​បាត់បង់​នូវ​ទ្រព្យសម្បត្តិ​របស់​ពលរ​ដ្ឋ​នោះឡើយ​។​

​ដូចគ្នានេះដែរ កាលពី​ថ្ងៃទី​៤ កុម្ភៈ​កន្លងទៅ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៥​របស់​សាលាខេត្ត​សៀមរាប ក៏បាន​លើក​ពី​បញ្ហា​នេះដែរ​។ សម្តេច ស ខេង ស្នើ​ឲ្យ​អាជ្ញាធរ​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់​ឡើងវិញ ក្នុងនោះ​ត្រូវ​រៀបចំ​ផ្លូវ​ថ្មើរជើង​ដល់​ភ្ញៀវទេសចរ និង​សម្រួលការ​កកស្ទះ​ចរាចរណ៍​។​ល​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​