មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ទទួល​បាន​ឈាម​៣៩៩​ប្លោក​នៅ​ថ្ងៃ​សេចក្ដី​ស្រឡាញ់​១៤​កុម្ភៈ

ក្នុង​ទិវា​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់ ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នៅ​ទី​សាធារណៈ​ខ្លះ​មាន​ការ​ដាក់​តាំង​ផ្កា​លក់​សម្រាប់​ឲ្យ​គូ​ភរិយា​ស្វាមី ឬ​សង្សារ​ទិញ​ជូន​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ថ្ងៃ​នេះ។ រីឯ​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​វិញ គឺ​ទទួល​បាន​ការ​បរិច្ចាគ​ឈាម​ច្រើន​ជាង​ឆ្នាំ​២០១៥។ អ្នក​បរិច្ចាគ​ភាគ​ច្រើន​ជា​យុវជន បាន​ទៅ​ចូលរួម​បរិច្ចាគ​ដើម្បី​បង្ហាញ​ពី​ក្ដី​ស្រឡាញ់ ក្ដី​អាណិត​អាសូរ​នៅ​ចំ​ទិវា​នៃ​សេចក្ដី​ស្រឡាញ់​នេះ។

ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម វេជ្ជបណ្ឌិត ហុក គឹមចេង ឲ្យ​ដឹង​ថា ប្រការ​ដែល​មជ្ឈមណ្ឌល​លោក​ទទួល​បាន​ឈាម​ពី​សាធារណជន​បរិច្ចាគ​បាន​ច្រើន​នេះ ដោយសារ​តែ​នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នេះ មជ្ឈមណ្ឌល​ជាតិ រៀបចំ​កម្មវិធី​យុទ្ធនាការ​ធំ​ជាង​ឆ្នាំ​មុនៗ៖ «ឆ្នាំ​នេះ​យើង​ធ្វើ​មាន​ភាព​អធិកអធម​ជាង​កន្លង​ទៅ ហើយ​យើង​មាន​ទីតាំង​មួយ​សមរម្យ​នៅ​ក្នុង​មន្ទីរពេទ្យ​ព្រះអង្គ ឌួង គឺ​នៅ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ហ្នឹង។ អ៊ីចឹង​គឺ​ជា​ទីកន្លែង​ទូលាយ ដែល​មាន​ការ​សម្ដែង​សិល្បៈ ការ​ចូលរួម​របស់​សិស្ស​និស្សិត ហើយ​និង​ប្រជាជន​ទូទៅ។ ដូច្នេះ​យើង​ឃើញ​ថា​មាន​ភាព​សប្បាយ​រីករាយ​ច្រើន»

ទិវា​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់​ថ្ងៃ​ទី​១៤ កុម្ភៈ នៅ​ឯ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ឆ្នាំ​នេះ គឺ​ជា​យុទ្ធនាការ​បរិច្ចាគ​មួយ​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ក្រោម​ប្រធានបទ​ថា ផ្ដល់​ឈាម ផ្ដល់​សេចក្ដី​ស្រឡាញ់។ កម្មវិធី​នេះ​ចូលរួម​ភាគ​ច្រើន​ដោយ​យុវជន ដែល​ចូល​ចិត្ត​ទិវា​នៃ​សេចក្ដី​ស្រឡាញ់ ហើយ​ចាប់​អារម្មណ៍​នឹង​កិច្ចការ​សង្គម។

និស្សិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​មួយ​រូប​មក​ពី​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ លោក ឡេវ ដាឡាយ ថ្លែង​នៅ​បន្ទាប់​ពី​បាន​បរិច្ចាគ​ឈាម​ថា លោក​រីករាយ​ក្នុង​ការ​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ឈាម​នេះ។ លោក​កោត​សរសើរ​ចំពោះ​ការ​រៀបចំ​ឲ្យ​មាន​ពិធី​បរិច្ចាគ​ឈាម​នៅ​ចំ​ថ្ងៃ​នៃ​សេចក្ដី​ស្រឡាញ់ ដើម្បី​ឲ្យ​យុវជន​ចាប់​អារម្មណ៍ និង​បាន​ចូលរួម​ចំណែក​សង្គ្រោះ​ជីវិត៖ «ដូច្នេះ​ការ​រៀបចំ​កម្មវិធី​នេះ​ឡើង វា​ជា​ការ​រៀបចំ​វិសេសវិសាល​មែន​ទែន ដែល​មាន​ការ​ចូលរួម​ពី​យុវជន​កាកបាទ​ក្រហម ដែល​ជា​យន្តការ​មួយ​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា យើង។ ដូច្នេះ ពាក្យ​ស្លោក​ថា ផ្ដល់​ឈាម​ផ្ដល់​សេចក្ដី​ស្រឡាញ់ មាន​ន័យ​ថា យើង​ផ្ដល់​សេចក្ដី គឺ​ផ្ដល់​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង ចំពោះ​ខ្លួន​ឯង និង​សង្គម ក៏ដូចជា​ផ្ដល់​សេចក្ដី​ស្រឡាញ់​ចំពោះ​ពិភពលោក​ទាំង​មូល​ដែរ ជា​ជាង​យើង​ប្រព្រឹត្ត​នូវ​សេចក្ដី​ស្រឡាញ់​ដែល​ខុស​ឆ្គង​ទៅ​នឹង​ភ្នែក​របស់​សង្គម»

ក្នុង​ពិធី​បរិច្ចាគ​ឈាម​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ថ្ងៃ​ទី​១៤ កុម្ភៈ ប្រព្រឹត្ត​ទៅ​ដោយ​ការ​ផ្ដល់​អាហារ​កញ្ចប់ មាន​រៀបចំ​កម្មវិធី​សម្ដែង​សិល្បៈ ចម្រៀង​ចាប៉ី និង​ប្រគំ​តន្ត្រី​សម័យ​សម្រាប់​ឲ្យ​អ្នក​ចូលរួម​បាន​កម្សាន្ត​សប្បាយ​ផង។

អ្នក​ចម្រៀង​ជា​អតីត​បេក្ខជន​ក្នុង​កម្មវិធី ខេមបូឌាន អាយឌល (Cambodian Idol) មួយ​រូប គឺ​លោក អ៊ាម វន្នី ដែល​ចូលរួម​ច្រៀង​នៅ​ក្នុង​កម្មវិធី​បរិច្ចាគ​ឈាម​នេះ ចាប់​អារម្មណ៍​ថា ការ​រៀបចំ​កម្មវិធី​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​នេះ រឹត​តែ​ផ្ដល់​អត្ថន័យ​ធំធេង​ជាង​ការ​ផ្ដល់​ផ្កា​ទៅ​ឲ្យ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់៖ «ជា​កម្មវិធី​មួយ​ដែល​បាន​បញ្ជាក់​អំពី​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​យើង​ទូទាំង​ប្រទេស ដែល​ចេះ​ផ្ដល់​ឈាម​ឲ្យ​គ្នា។ បាន​ន័យ​ថា ដូចជា​ការ​ជួយ​សង្គម​មួយ​យ៉ាង​ធំ ដែល​អ្នក​ខ្លះ​គិត​មិន​ដល់​ថា តើ​ការ​ផ្ដល់​ឈាម​វា​មាន​ប្រយោជន៍​អ្វី​ខ្លះ? ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ដឹង បាន​ដឹង​ថា ឈាម​វា​អាច​ជួយ​ជីវិត​មនុស្ស​បាន​នៅ​ពេល​ដែល​គេ​ត្រូវ​ការ​ចាំបាច់។ ដូច្នេះ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​បាន​បង្កើត​កម្មវិធី​ផ្ដល់​ឈាម​នេះ គឺ​ជា​កម្មវិធី​មួយ​ខ្ញុំ​គិត​ថា​អស្ចារ្យ។ អ៊ីចឹង​ខ្ញុំ​មក​ចូលរួម​ដោយ​ក្ដី​រីករាយ​បំផុត ដោយសារ​ជា​កម្មវិធី​មួយ​ជួយ​ដល់​ជីវិត​មនុស្ស»

ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម វេជ្ជបណ្ឌិត ហុក គឹមចេង មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ​មាន​ពលរដ្ឋ​មួយ​ចំនួន​នៅ​មិន​ទាន់​យល់​អំពី​ផល​ប្រយោជន៍​នៃ​ការ​បរិច្ចាគ​ឈាម ហើយ​នៅ​តែ​ខ្លាច​រអា​ថា អាច​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព។ លោក​ពន្យល់​ថា បុរស និង​ស្ត្រី​ដែល​មាន​សុខភាព​ល្អ បរិច្ចាគ​ឈាម​រហូត​ដល់​អាយុ ៦០​ឆ្នាំ ដោយ​មិន​ប៉ះពាល់​សុខភាព​ទេ។ មនុស្ស​ប្រុស​អាច​បរិច្ចាគ​ឈាម​បាន​រៀង​រាល់ ៣​ខែ​ម្ដង ឬ​មួយ​ឆ្នាំ ៤​ដង។ រីឯ​មនុស្ស​ស្រី អាច​បរិច្ចាគ​ឈាម​បាន​រៀង​រាល់ ៤​ខែ​ម្ដង ឬ​មួយ​ឆ្នាំ ៣​ដង។

វេជ្ជបណ្ឌិត ហុក គឹមចេង បញ្ជាក់​ថា ជា​ធម្មតា​ខួរ​ឆ្អឹង​នឹង​ផលិត​គ្រាប់​ឈាម​ថ្មី​បំពេញ​គ្រាប់​ឈាម​ដែល​បាន​បរិច្ចាគ​នោះ​វិញ ក្នុង​រយៈពេល​ពី ២ ទៅ ៣​សប្ដាហ៍​ក្រោយ​មក។ លោក​រំពឹង​ថា ការ​រៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ​ការ​យល់​ដឹង​ជា​សាធារណៈ និង​ការ​ចូលរួម​របស់​យុវជន​ដូច​នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ បែប​នេះ​ជា​រៀង​រាល់​ឆ្នាំ ការ​បរិច្ចាគ​ឈាម​អាច​នឹង​ក្លាយ​ជា​វប្បធម៌​ជួយ​សង្គម​មួយ ហើយ​មិន​ប៉ះពាល់​សុខភាព។ យុទ្ធនាការ​មួយ​ថ្ងៃ​នៃ​ថ្ងៃ​ទី​១៤ កុម្ភៈ ឆ្នាំ​២០១៦ មជ្ឈមណ្ឌល​ជាតិ ទទួល​បាន​ឈាម​ពី​សប្បុរសជន​ចំនួន ៣៩៩​ប្លោក ដែល​លើស​ឆ្នាំ​២០១៥ ជាង ១០០​ប្លោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។