គាត់​គិត​យ៉ាងណា​ពេល​ដឹងថា​ខ្ញុំ​អស់​ព្រហ្មចារី ?

Doliprane TVC

​ក្រោយពី​ស្គាល់ និង ស្រឡាញ់គ្នា​បាន​ប្រហែល​ជាង​កន្លះ​ឆ្នាំ មិត្តប្រុស​បច្ចុប្បន្ន​របស់​នា​ង​ខ្ញុំ​ហាក់ដូច​មានបំណង​ឈាន​មួយ​ជំហាន​ទៀត ដើម្បី​ចង់ដឹងថា​នាង​ខ្ញុំ​នៅមាន​ភាព​បរិសុទ្ធ​ឬ​អត់ ?
​បច្ចុប្បន្ន​នាង​ខ្ញុំ​មាន​អាយុ ២៣ ឆ្នាំ រស់នៅ​កំពង់សោម ។ នាង​ខ្ញុំ​កំពុងមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​នៅ​លីវ​ម្នាក់​ដែលមាន​អាយុ ២៤ ឆ្នាំ ហើយ​គាត់​ក៏​ជា​អ្នកស្រុក​កំពង់សោម​ដែរ ។ យើង​បាន​ស្គាល់គ្នា​កាលពី​ប្រហែលជា​កន្លះ​ឆ្នាំមុនពេល​ទៅ​កម្សាន្ត​នៅ​មាត់សមុទ្រ ។

​ដើមឡើយ​ទំនាក់ទំនង​យើង​ទាំងពីរ​មាន​ភាពល្អប្រសើរ មួយរយៈ​ចុងក្រោយនេះ​គាត់​បាន​អញ្ជើញ​នាង​ខ្ញុំ​ទៅ​ញ៉ាំ​អាហារ​នៅ​ខាងក្រៅ​ជា​ញឹកញាប់ ហើយ​ថែមទាំង​បានរួម​ដំណើរ​ជាមួយគ្នា​ទៅលេង​ភ្នំពេញ​បាន​ម្តង​ផងដែរ ។ ប៉ុន្តែ​អ្វីដែល​គួរ​និយាយ​នោះគាត់​ហាក់​ព្យាយាម​បង្ហាញ​រូបភាព និង វីដេអូក្តៅ​សាច់​ឱ្យ​នាង​ខ្ញុំ​មើល ។ ជាង​នេះ​នៅពេល​មិត្តភក្តិ​ស្រី​របស់​នាង​ខ្ញុំ​ចេញក្រៅ​បន្ទប់​ផ្ទះសំណាក់ (​កាល​ទៅ​ភ្នំពេញ​) គាត់​ក៏​ឆ្លៀតឱកាស​មក​ចាប់​ឱប​នាង​ខ្ញុំព្រមទាំង​ខ្សឹប​ថា​«​យប់​នេះ​យើង​ឡើងឋានសួគ៌​ជាមួយគ្នា​បាន​អត់ ? » ពេល​បានឮ​សំណួរ​នេះ​នាង​ខ្ញុំ​ភ័យ​ខ្លាំងណាស់ ព្រោះ​វា​ទាក់ទិន​នឹង​បទពិសោធដ៏​អាក្រក់​របស់​នាង​ខ្ញុំ​កាលពីមុន ។ យប់​នោះបាន​កន្លង​ទៅហើយ​គាត់​ហាក់មិន​សប្បាយចិត្ត ដោយសារ​គាត់​បានទទួល​ចម្លើយ​អវិជ្ជមាន​ពី​នាង​ខ្ញុំ ។​

​តាមពិត​នាង​ខ្ញុំ​មិនមែនជា​នារី​ដែល​នៅមាន​ភាព​បរិសុទ្ធ​នោះទេ កាលពី​ជិត​មួយឆ្នាំ​មុន​នាង​ខ្ញុំ​ធ្លាប់មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ម្នាក់ ។ កាលណោះ​នាង​ខ្ញុំ​ធ្លាប់​បានប្រគល់​ភាព​បរិសុទ្ធ​ឱ្យទៅ​គាត់​នោះ​ដោយ​សង្ឃឹមថានឹង​អាច​ចងជើង​គាត់ ។ ប៉ុន្តែ​ក្រោយមក​គាត់​បែរជា​ប្រាប់ថា​«​បុរសមិនដែល​យក​ស្រី​ចិត្ត​ងាយ​អស់​ព្រហ្មចារី​មក​ធ្វើជា​ប្រពន្ធ​នោះទេ​» ។ បន្ទាប់មក​គាត់​ក៏​ប្តូរ​លេខ​ទូរស័ព្ទ និង ផ្តាច់ទំនាក់ទំនង​ជាមួយ​នាង​ខ្ញុំ​តែម្តង ។

​បទពិសោធ​ខាងលើនេះ​បានធ្វើឱ្យ​នាង​ខ្ញុំ​ព្រួយបារម្ភ​ខ្លាចក្រែង​ធ្លាក់​ក្នុងស្ថានភាព​ដូច​កាលពីមុន ។ មកដល់ពេលនេះ​មិត្ត​ប្រុស​នាង​ខ្ញុំ​នៅតែ​ស្រឡាញ់នាង​ខ្ញុំ ក៏ប៉ុន្តែ​គេ​ចេះតែ​ចង់​ដើរ​ហួស​ព្រំដែន​នៅពេល​យើង​មិនទាន់​រៀបការ ។ នាង​ខ្ញុំ​សុំ​សួរថា តើ​នាង​ខ្ញុំ​គួរ​ធ្វើតាម​ការស្នើសុំ​របស់គាត់​ដែរ​ឬ​អត់ ? បន្ទាប់ពី​ដើរ​ហួស​ព្រំដែន​ជាមួយគ្នា តើ​គាត់​អាច​នឹង​ដឹងថា​​ខ្ញុំ​ធ្លាប់​បាត់បង់​ព្រហ្មចារី​ដែរ​ទេ ? ហើយ​តើ​គាត់​នឹង​គិត​យ៉ាងណា​ពេល​ដឹងថា​នាង​ខ្ញុំ​ជា​ស្រី​អស់​ភាព​បរិសុទ្ធ ?

ចំពោះ​ស្ត្រី​មាន​វិបត្តិ​
​មកដល់​សម័យ​ទំនើប​នេះ​អ្វីៗ​ទាំងអស់​ហាក់​បាន និង កំពុង​ប្រែប្រួលទៅតាម​សេដ្ឋកិច្ចពិភពលោក វប្បធម៌​បរទេស និង ការនិយម​បែប​ថ្មី​របស់​យុវវ័យ ។ ក្នុងនោះ​ភាព​បរិសុទ្ធ​ផ្លូវកាយ ឬ ហៅថា​ព្រហ្មចារី​របស់​ស្ត្រីភេទក៏​ហាក់​លែង​ត្រូវបាន​គេ​ចាត់ទុកជា​រឿង​សំខាន់បំផុត​ដូច​ជំនាន់​មុនៗ​ទៀត​ដែរ ដោយហេតុថា​មនុស្ស​ជំនាន់​ថ្មី​នេះ​មានការ​យល់ដឹង​ច្រើន​ទាក់ទិន​នឹង​បញ្ហា​សុខភាព​ផ្លូវភេទ រចនាសម្ព័ន្ធ​នៃ​រាងកាយ និង សុភមង្គល​ពិតៗ​ដែល​ពួកគេ​អាច​ផ្តល់ឱ្យ​គ្នា ។

​មុននឹង​ឆ្លើយតប​សំណួរ​ដំបូង​របស់​នាង​ដែល​សួរថា​«​តើ​គួរ​ធ្វើតាមការស្នើសុំ​របស់គាត់​ដែរ​ឬ​អត់ ?» «​ប្រជាប្រិយ​»​សូម​ពន្យល់ថា យុវជន​ក្នុងសម័យ​បច្ចុប្បន្ន​តែងមាន​គំនិត​«​ស៊ី​មុន​សែន​ក្រោយ​» ឬ ឱ្យតែ​មានឱកាស អ្នកខ្លះ​ក៏​ធ្វើជា​«​ត្រីងៀត​ឆ្លៀត​ពង​»​ដើម្បី​បំពេញ​ចំណង់​របស់ខ្លួន ក៏ប៉ុន្តែបើ ទោះជា​ស្ថិតក្នុង​យុគសម័យ​ណាក៏ដោយ​ក៏​នៅតែមាន​មនុស្ស​ស្មោះត្រង់​មនុស្ស​ចិត្តល្អ ។ យ៉ាងណាក្តី​នាង​ក៏​មិនគួរ​ទុកចិត្ត​មនុស្ស​គ្រប់គ្នា​នោះដែរ ។ បទ ពិសោធ​ដែល​នាង​ធ្លាប់​ទទួលបាន​ពី​អតីតកាល​ជា​មេរៀន​សំខាន់​មួយ​ជួយ​រំឭក នាង​មុនពេល​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ដែល​ទាក់ទិន​នឹង​សុភមង្គល​ជីវិត ។

តាមយោបល់​«​ប្រជាប្រិយ​» នាង​មិនគួរ​នឹង​សម្រេច​តាម​បំណង​របស់​មិត្ត​ប្រុសទេ ព្រោះ​ចិត្ត​មនុស្ស​ពិបាក​នឹង​ស្មាន​ត្រូវ ។ ម្យ៉ាងទៀត​នាង​ធ្លាប់​ខុស​ម្តង ហើយចូរ​កុំឱ្យ​ខុស​ជា​លើក​ទី​ពីរ ។ នាង​គួរ​ពន្យល់​ហេតុផល​ដល់​មិត្ត​ប្រុស ដោយ​ប្រាប់​គាត់​អំពី​ផលវិបាក​នៃ​អំពើ​ដែល​គាត់​ចង់​ធ្វើ​ដូចជា​បញ្ហា​កាមរោគ មានកូន​មុន​រៀបការ​អាច​ត្រូវគេ​មើលងាយ ។​ល​។ ហើយ​និយាយ​ដោយ​ពាក្យ ផ្អែមល្ហែម​ថា «​អូន​នឹង​ប្រគល់​ភាព​បរិសុទ្ធ​ជូន​បង​បន្ទាប់ពី​យើង​បាន​រៀបការ​រួច ប៉ុន្តែ​ពេលនេះ​បង​ចូល​ស្តីដណ្តឹង​អូន​ទៅ​» ។

​ទាក់ទិន​នឹង​សំណួរ​ទី​ពីរ​«​ប្រជាប្រិយ​»​សូម​បកស្រាយ​ថា គាត់​នឹងមិនដឹងថា​នាង​ធ្លាប់​រួមភេទ​ម្តង​រួចមកហើយ​ទេ ។ តាម​វេជ្ជសាស្ត្រ អវយវ​ភេទរបស់​ស្ត្រី​អាច​សម្រប​ខ្លួន​ទៅតាម​ស្ថានភាព មានន័យថា​វា​មាន​ភាពយឺត ។ ក្រោយ​ការរួម​ភេទ​មិនយូរប៉ុន្មាន​ប្រដាប់ភេទ​របស់​ស្ត្រី​នឹង​ត្រឡប់​មករក​ភាព​ដើម​( តឹង​ណែន ) ។ ម្យ៉ាងទៀត​ក្នុងន័យ​សុខភាពព្រហ្មចារី​របស់​នារី​ម្នាក់ស្ថិត​នៅត្រង់ថា តើ​សន្ទះ​ព្រហ្មចារី​ត្រូវ​ដាច់ ឬ នៅ​ដូចដើម ? សន្ទះ​ព្រហ្មចារី​ងាយ​នឹង​ដាច់​បំផុត ហើយ​សកម្មភាព​មួយចំនួន​ដែល​អាច​នាំឱ្យ​ដាច់​សន្ទះ​នេះ​មានដូចជា ការ​ប៉ះ​នឹង​ក្រចកដៃ ការហាត់​ប្រាណ​ដោយ​កន្ធែកជើង​ទាំងពីរ​ការហាត់​ក្បាច់គុន​ការរួម​ភេទ ។​ល​។ ដូច្នេះ​ប្រសិន​មិត្ត​ប្រុស​របស់​នាង​បាន​យល់​ពី​ប្រការនេះ ជឿថា​គាត់​មិន​ប្រកាន់​នឹង​ការបាត់បង់​ព្រហ្មចារី​របស់​នាង​ទេ ។​

​ចំណែក​សំណួរ​ទី​បី​វិញ​«​ប្រជាប្រិយ​»​គិតថា​ជា​សំណួរ​ដែល​អាច​មើលឃើញ​ពី​ទឹកចិត្ត​របស់​បុរស​ម្នាក់ ។ ប្រសិន​គាត់​ជា​មនុស្ស​បុរាណ​និយម និង មិន​ស្រឡាញ់​នាង​ខ្លាំង​គាត់​ប្រាកដជា​ពិបាក​នឹង​ទទួល យក ។ បន្ទាប់ពី​បានរួមភេទ​ជាមួយ​នាង ហើយ​ដឹងថា​នាង​ធ្លាប់​បាត់បង់​ព្រហ្មចារី​នោះ​គាត់​អាចនឹង​គេច​ចេញពី​ការទទួលខុសត្រូវ ។ ប៉ុន្តែ​ប្រសិន​គាត់​ជា​មនុស្ស​មានចំណេះដឹង​ខ្ពស់ មិនមែនជា​មនុស្ស​អភិរក្សនិយម​ព្រមទាំង​មានបំណង​យក​នាង​ជា គូ​អនាគត​មែន​នោះ គាត់​ប្រាកដជា​អាច​ទទួលយកបាន ។ ទោះយ៉ាងណា​ក៏ដោយ ដាច់ខាត​កុំ​មើល​មនុស្ស​តែ​សម្បក​ក្រៅ ។ មុននឹង​ឡើង​គ្រែ​ជាមួយ គាត់ នាង​ក៏ត្រូវ​តែមាន​អ្វី​មក​ធានា​អនាគត​របស់​នាង ដូចជា​ការចូល​ស្តីដណ្តឹង ឬ ល្អ​ជាង​នេះ​គឺ​ការចុះ​អត្រានុកូលដ្ឋាន​ស្របច្បាប់ ៕