ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង 09:40​នាទី យប់​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កន្លែង​ស្ថិត​នៅ​ផ្លូវ​១៦៣ កែង​ផ្លូវ​៤៥០ សង្កាត់​ទួល​ទំពូង​២ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​រវាង រថយន្ត​វី​ហ្គោ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-8419 ទៅ​បុក​នឹង​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥​មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ AF-5211 ជិះ​គ្នា​២​នាក់ ពេញទំហឹង​ធ្វើ​ឲ្យ​ម៉ូតូ​និង​អ្នក​ជិះ​មាន​គ្នា​២​នាក់​ហោះ​ផ្លោង បោក​ផ្ទប់​ទៅ​នឹង​បង្គោល​ភ្លើង បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ស្លាប់​ម្នាក់ និង​រង​របួសធ្ងន់​ម្នាក់ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច បាន​មក​អន្តរាគមន៍​ទាន់​ពេលវេលា ហើយ​បាន​ដេញ​តាម​រថយន្ត​ដែល​បង្កហេតុ ពេល​នោះ​ដែរ​ម្ចាស់​រថយន្ត​បង្កហេតុ​បាន​បើក​រត់គេច​យ៉ាង​លឿន តែ​ដោយសារ​ផ្លូវ​ទាល់​ត្រង់​ផ្លូវ​៤៥៤ រថយន្ត​ទៅ​មុខ​លែង​រួច ម្ចាស់​រថយន្ត​ក៏​ឈប់​រថយន្ត ហើយ​រត់គេច​បាត់​ស្រមោល ។

ចំណែកឯ​សាកសព​ជន​រង​គ្រោះ សមត្ថកិច្ច​បាន​ទាក់ទង​សាច់ញាតិ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់ រថយន្ត​សា​មុ​យ​បាន​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ខ្មែរ សូ​វៀត ដើម្បី​ធ្វើការ​ព្យាបាល ។​ក្នុង​នោះ​រថយន្ត​បង្ក និង​ម៉ូតូ​ជន​រង​គ្រោះ សមត្ថកិច្ច​រក្សា​ទុក​ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕