កំហឹង​ឆេះ​សន្ធោសន្ធៅ សុំ​ប្រពន្ធ​ជុំ​គ្នា​ចំ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់​បរាជ័យ​បើករថយន្ត​លាយ​ស៊ីម៉ង់ត៍​បុក​កម្ទេច​ផ្ទះ

កំហឹង​ឆេះ​សន្ធោសន្ធៅ សុំ​ប្រពន្ធ​ជុំ​គ្នា​ចំ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់​បរាជ័យ​បើករថយន្ត​លាយ​ស៊ីម៉ង់ត៍​បុក​កម្ទេច​ផ្ទះ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​បាន​លែងលះ​គ្នា​ជាមួយ​ប្រពន្ធ​អស់​រយៈពេល​ជាង​១​ឆ្នាំ​កន្លង​មក​ហើយ ទំនង​មិន​ដាច់​អាល័យ​បាន​ទៅ​សុំ​អតីត​ប្រពន្ធ​ជួបជុំ​គ្នា​ជា​ញឹកញាប់ ប៉ុន្តែ​នាង​មិន​ព្រម នៅ​តែ​ដាច់អហង្ការ​មិន​អាច​រួមរស់​ជាមួយ​គ្នា​បាន​ទៀត​ឡើយ ប្រៀប​ដូច​ជា​អស់កម្ម​នឹង​គ្នា​ទៅ​ហើយ ។

ដោយសារ​តែ​ការ​បរាជ័យ​សុំ​ស្នេហ៍​ជា​ថ្មី​មិន​បាន​ដូច​បំណង បាន​ធ្វើ​ឱ្យ​បុរស​នោះ​មាន​កំហឹង ក៏​បាន​សម្រេចចិត្ត​ដោយ​ខ្វះ​ការ​ពិចារណា បើក​រថយន្ត​លាយ​បេតុង​ធុន​មធ្យម​១​គ្រឿង​បំ​បុក​ចូល​ទៅ​ក្នុងផ្ទះ ប៉ុនប៉ង​សម្លាប់​ឱ្យ​បាត់​ពីមុខ​តែ​ម្តង​។ ប៉ុន្តែ​សំណាងល្អ​នៅ​ពេល​នោះ នាង​ជា​ប្រពន្ធ​កំពុង​ស្ថិត​នៅ​ខាងក្រោយ ទើប​ពេល​រថយន្ត​បុក​ចូល​ទៅ​នោះ​ខ្ទេច​តែ​មុខ​ផ្ទះ មិន​បាន​បណ្តាល​ឱ្យ​នាង​មាន​របួស​ស្នាម ឬ​ស្លាប់​បាត់បង់​ជីវិត​តាម​ចេតនា​ដ៏​លាមក​របស់​អតីត​ប្តី​ឡើយ ដោយ​គ្រាន់តែ​រង​ការ​ខូចខាត​ផ្ទះសម្បែង  ប៉ុណ្ណោះ​។ បន្ទាប់​មក​បុរស​នោះ​ក៏​ត្រូវ​បាន​ប៉ូលិស​ខណ្ឌដង្កោ ចាប់ខ្លួន​បាន​ភ្លាម​ៗ​ផង​ដែរ ។ នេះ​ជា​ហេតុការណ៍​គួរ​ឱ្យ​កត់សម្គាល់​មួយ ដែល​រឿង​រ៉ាវ​នេះ​បាន​កើតឡើង​ចំ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់ ។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៤ កុម្ភៈ នៅ​ជិត​រង្វង់​មូល​ដីក្រហម ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ ។

បុរស​ខាងលើ​ឈ្មោះ ឃី​ន សើម អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឈើទាល ឃុំ​ត្នោត ស្រុក​បាទី ខេត្តតាកែវ ។ ចំណែក​នាង​ជា​អតីត​ប្រពន្ធ​ឈ្មោះ អត់ ស្រស់ អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ (​អាយុ​បង​អតីត​ប្តី​៦​ឆ្នាំ​) ហើយ​ពួក​គេ​បាន​រៀប​ការ​ជាមួយ​គ្នា​រយៈពេល​៤​ឆ្នាំ​កន្លង​មក​ហើយ នឹង​ទើប​មានកូន​ម្នាក់​អាយុ​១​ឆ្នាំ​ប៉ុណ្ណោះ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ប្ដី​ប្រពន្ធ​មួយគូ​នេះ​បាន​លែងលះ​គ្នា​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ ដែល​មិនដឹង​លែង​គ្នា​ដល់​តុលាការ ឬ​នៅ​ត្រឹម​ឃុំ​សង្កាត់​នោះ​ទេ ។ ចំណែកឯ​ការ​លែងលះ​គ្នា​នោះ​ទៀត​សោត មូលហេតុ​ដោយសារ​តែ​បុរស​ជា​ប្ដី​នោះ​កំពូល​ខូច​ខ្លាំង​ពេក ឧស្សាហ៍​ជេរ​ប្រមាថ​និង​វាយដំច្រំធាក់​នាង​ជា​ប្រពន្ធ​ដូច​ទាសករ រហូត​នាង​ទ្រាំ​លែង​បាន​ក៏​ឈាន​ទៅ​ដល់​ការ​ចែកផ្លូវ​គ្នា​បែប​នេះ ។ ប៉ុន្ដែ​ក្រោយ​ពី​បែកបាក់​គ្នា​មួយ​រយៈ ពេល​នេះ​ខាង​ប្រុស​ហាក់​នឹក​ស្ដាយ​មិន​អាច​ដាច់​អាល័យ​។ បុរស​នេះ​តែងតែ​តាម​លួងលោម​សុំ​នាង​ជួប​គ្នា​វិញ ប៉ុន្ដែ​ត្រូវ​នាង​បដិសេធ​មិន​ព្រម​ដាច់ខាត ព្រោះ​មានការ​រាងចាល​ខ្លាច​ប្ដី​វាយ​ធ្វើបាប​ទៀត​។

ប្រភព​ដដែល​បាន​បន្ដ​ទៀត​ថា ដោយឡែក​នៅ​ថ្ងៃ​កើតហេតុ បុរស​នោះ​បាន​ផឹក​ស៊ីស្រវឹង​ក៏​បាន​បើករថយន្ដ​លាយ​បេតុង​ទៅ​រកប្រពន្ធ​ម្ដងទៀត ហើយ​ក៏​មានការ​ទាស់​ពាក្យ​សំដី​គ្នា​មួយ​ប្រាវ ព្រោះតែ​សុំ​ត្រូវ​គ្នា​វិញ ប្រពន្ធ​មិន​ព្រម ។ បន្ទាប់​មក​បុរស​នោះ ក៏​បាន​ឡើង​បើករថយន្ដ​លាយ​បេតុង​បំ​បុក​ចូល​ផ្ទះ​ក្នុង​បំណង​សម្លាប់​ស្ដ្រី​ជា​ប្រពន្ធ ក្នុង​ខណៈ​ពេល​នាង​ស្ថិត​នៅ​ក្នុងផ្ទះ ។ ប៉ុន្ដែ​សំណាងល្អ មិន​បាន​បណ្ដាល​ឱ្យ​អតីត​ប្រពន្ធ​មាន​គ្រោះថ្នាក់​នោះ​ឡើយ ព្រោះ​បុក​អត់​ដល់​នាង តែ​បាន​បង្ក​ឱ្យ​បាក់​សសរផ្ទះ​ខូចខាត​យ៉ាងដំណំ​ផង​ដែរ ។

ប្រភព​ដដែល​បាន​បន្ដ​ថា ខណៈនោះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​បុរស​នោះ​ក៏​ត្រូវ​កម្លាំង​នគរបាល​ក្រោម​ការ​ដឹកនាំ​បញ្ជា​ដោយ​លោក​វរសេនីយ៍ទោ ជឹ​ម ស៊ីថា អធិការ​នគរបាល​ខណ្ឌដង្កោ ចាប់ខ្លួន​បាន​ភ្លាម​បន្ទាប់​មក​បាន​នាំ​ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី ៕