អតីត​អ្នក​ថតរូប​នៅ​គុក​ទួលស្លែង ត្រូវបាន​លុបឈ្មោះ​ចេញពី​មន្ត្រីរាជការ​

ភ្នំពេញ: លោក​ញ៉ែម អេ​ន អតីត​អភិបាល​​រង​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ (​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ )​និង​ជា​អតីត​អ្នក​ថតរូប​នៅ​គុក​ទួលស្លែង ត្រូវបាន​ក្រសួងមហាផ្ទៃ​លុប​​ឈ្មោះ​ចេញពី​មន្ត្រីរាជការ​សាលាខេត្ត​​ឧ​ត្ត​រ​មានជ័យ​។​

​សម្តេច​ក្រឡាហោម ស ខេង ឧ​ប​នា​​យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​​កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ បានចេញ​សេចក្តីប្រកាស​សម្រេច​លុប​ឈ្មោះ លោក​ញ៉ែម អេ​នចេញ​​ពី​មន្ត្រីរាជការ​បម្រើ​ការងា​រ​នៅ​ខេត្ត​ឧ​ត្ត​ម​មានជ័យ​។​

​បើតាម​ប្រភព​ច្បាស់​ការណ៍​បាន​ប្រាប់​​គេហទំព័រ CEN ឲ្យ​ដឹងថា មូល​​ហេតុដែល​ក្រសួងមហាផ្ទៃ​សម្រេច​​លុបឈ្មោះ ញ៉ែម អេ​ន នេះ គឺ​ដោយ​​សារ​តែ​គាត់​មិនដែល​ទៅ​បម្រើ​ការងារ​នៅ​សាលាខេត្ត ហេតុនេះ​បានជា​​ខាង​ខេត្ត ស្នើ​មក​ក្រសួង ហើយ​ក្រសួង​ក៏សម្រេច​លុបឈ្មោះ​ចេញ​តែម្តងទៅ ហើយ​ការ​លុបឈ្មោះ​​ចេញពី​មន្ត្រីរាជការ​នៅសាលាខេត្ត​ឧ​ត្ត​រ​មានជ័យ គឺ​មិនមែន​មានតែ​លោក​ញ៉ែម អេ​ន តែ​ម្នាក់​ទេ គឺមាន​​មន្ត្រី​មួយចំនួនទៀត​ក៏​ក្រសួងមហាផ្ទៃ​លុប​​ឈ្មោះ​ចេញពី​មន្ត្រីរាជការ​ផងដែរ​។

​សូមជម្រាបថា លោក​ញ៉ែម អេ​ន​​គឺជា​អតីត​អ្នក​ថតរូប​នៅ​គុក​ទួលស្លែង (​ស​-២១)​។​ហើយ​នៅ​ចុងឆ្នាំ​២០០៥​ធ្វើជា​អភិបាលរង​ស្រុក​អន្លង់​វែង​។ នៅក្នុង​ឆ្នាំ​២០០៩ ជាក្រុមប្រឹក្សា​​ស្រុក​អន្លង់វែង​។ នៅ​ឆ្នាំ​២០១១ ធ្វើជា​​អភិបាលរង​ស្រុក​អន្លង់វែង​។ នៅ​ឆ្នាំ​
២០១៤ ជា​មន្ត្រី​សាលាខេត្ត​ឧ​ត្ត​រ​មាន​​ជ័យ​។ ហើយ​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ ត្រូវបាន​ក្រសួងមហាផ្ទៃ​លុប​​ឈ្មោះ​ចេញពី​មន្ត្រីរាជការ​សាលា​​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕​

អតីត​អ្នក​ថតរូប​នៅ​គុក​ទួលស្លែង ត្រូវបាន​លុបឈ្មោះ​ចេញពី​មន្ត្រីរាជការ​