សិល្បៈ​និងវប្ប​​​ធម៌ &raquo ជ្រុង​មួយ​នៃ​សាសនា

បាប​និង​បុណ្យ​ឱ្យ​ផល​មិន​ដូច​គ្នា​ទេ បាប​បាន​ដល់​អំពើ​លាមក អំពើអាក្រក់​ពុំប្រសើរ​ឱ្យ​ផល​ជា​ទុក្ខ​ក្តៅ​ក្រហល់ក្រហាយ​អន្ទះអន្ទែង​ក្នុង​ចិត្ត​គ្រប់ពេលវេលា រីឯ​បុណ្យ​ឱ្យ​ផល​ជា​សុខ​ចម្រុងចម្រើន​ត្រជាក់ត្រជំ​គ្រប់​ទិវារាត្រី ។ បុណ្យ​សំដៅយក​ការ​ប្រព្រឹត្ត​កុសលកម្ម​គឺ​ការងារ​ល្អ​ទាំងឡាយដប់​ប្រការ​មានការ​វៀរចាក​ការ​ធ្វើ​ឱ្យ​ជីវិត​អ្នក​ដទៃ​ធ្លាក់​ចុះ​គឺ​មិន​សម្លាប់​ជីវិត​គេ​ខាង​ដើម និង​ការ​ឃើញ​ត្រូវ​តាម​គន្លង​ធម៌​ជាទី​បំផុត ។ កុសលកម្ម​ទាំង​ដប់​នេះ​ជា​ការងារ​ដែល​បុគ្គល​គួរ​ធ្វើ គួរ​ប្រព្រឹត្ត ព្រោះ​ជា​ការងារ​មិន​មានទោស ។

ការងារ​ទាំងឡាយ​ដែល​មិន​មានទោស សំដៅយក​ការ​សមាទាន​នូវ​សីល​៥ សីល​៨ ខំ​ខ្វល់ខ្វាយ​បម្រើ​ចាស់ព្រឹទ្ធាចារ្យ ការ​ដាំ​សួន​ឈើ​មាន​ផ្កា សួន​ឈើ​មាន​ផ្លែ សង់ស្ពាន ជីក​អណ្តូង ជីក​ស្រះ ឱ្យទាន​ទឹក និង​សង់​សាលាឆទាន​សម្រាប់​សំណាក់​ជាដើម សាលារៀន​ឍ​មន្ទីរពេទ្យ​ជាដើម ទាំង​អស់នេះ​ឈ្មោះ​ថា​ជា​អំពើ​មិន​មានទោស ។ មែនពិត​បុគ្គល​អ្នក​ប្រាថ្នា​នូវ​សុខសួស្តី​ហើយ​បាន​សមាទាន​នូវ​សីល​ដោយ​ប្រពៃ ខំ​រក្សា​មិន​ឱ្យ​សៅហ្មង​តើ​អ្នក​ណា​នឹង​អាច​ទៅ​ចាប់ទោស​អូស​ដំណើរ​បុគ្គល​នោះ​បាន ? បុគ្គល​ដែល​ឈឺឆ្អាល​ខ្វល់ខ្វាយ​បម្រើ​បុគ្គល​អ្នក​ចម្រើន​ដោយ​វ័យ​រមែង​បាន​នូវ​សុខ​តែ​ម្យា​៉​ង​ដូច​គ្នា សម​ដូច​ពុទ្ធភាសិត​ត្រាស់​ថា អភិ​វា ទ​ន​សី​លេស្ស និ​ច្ចំ វុ​ឌ្ឍា ប​ចា​យិ​នោ ច​ត្តា​រោ ធ​ម្មា វ​ឌ្ឍ​ន្តុ អាយុ វ​ណ្ណោ សុ​ខំ ពលំ ។ ប្រែ​ថា ធម៌​គឺ​ពរ​ទាំងឡាយ​បួន​ប្រការ​គឺ អាយុ​វែង​១ ពណ៌​សម្បុរ​កាយ​ស្រស់ថ្លា (​មិន​មាន​រោគ​) មួយ សេចក្តីសុខ​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​មួយ និង​កម្លាំង​មាំមួន​មិន​ស្រកស្រុត​មួយ ។

ពរ​ទាំង​បួន​ប្រការ​នេះ​រមែង​កើត​មាន​ដល់​បុគ្គល​ដែល​មាន​សេចក្តី​គោរព​កោតក្រែង​ដល់​អ្នកមាន​សីល ឬ​អ្នក​ដែល​មាន​វ័យ​ចំណាស់​ជាង​ខ្លួន ពោល​គឺ​ចាស់ព្រឹទ្ធាចារ្យ ។

រីឯ​បុគ្គល​ដែល​ជា​អ្នក​ដាំ​សួនផ្កា សួន​មាន​ផ្លែ សង់ស្ពាន ជីក​ស្រះ​អណ្តូង​ឱ្យទាន​ទឹក ឱ្យ​ទី​ដំណេក​ស្នាក់​អាស្រ័យ​ជាដើម ក៏​សុទ្ធតែ​ជា​អ្នក​ឥត​មានទោស​ទាំងអស់ និង​មាន​គុណានិសង្ស​យ៉ាង​ក្រៃ​លែង​ដូច​ពុទ្ធភាសិត​ត្រាស់​ថា អារាម​រោ​បា វន​រោ​បា យេ ជ​នា សេតុ ការ​កា ប​បញ្ច ឧទ​បាន​ញ្ច យេ ទ​ទ​ន្តិ ឧ​បស្ស​យំ តេ​សំ ទិវា ច រ​ត្តោ ច សទា បុ​ញ្ញំ បវ​ឌ្ឍ​តិ ធម្ម​ដ្ឋា សីល​ស​ម្ប​ន្នា តេ ជ​នា សគ្គ​តា​មិ​នោ ។

ជន​ទាំងឡាយ​ណា ដាំ​សួន​ឈើ​មាន​ផ្កា​, សួន​ឈើ​មាន​ផ្លែ​, សង់ស្ពាន​ជីក​ស្រះ​អណ្តូង ឱ្យ​ទី​សំណាក់អាស្រ័យ បុណ្យ​រមែង​ចម្រើន​ទាំងថ្ងៃទាំងយប់​គ្រប់ពេលវេលា​ដល់​ជន​ទាំងឡាយ​នោះ​។ ជន​ទាំងឡាយ​នោះ​ឈ្មោះ​ថា​ជា​អ្នក​ឋិត​ក្នុង​ធម៌​បរិបូណ៌​ដោយ​សីល រមែង​បាន​ទៅ​កើត​ក្នុង​ឋានសួគ៌​ជា​ប្រាកដ ៕
(ដោយ​ធម្មាចារ្យ សច្ចៈ ភាព ​ឈ្វេងយល់​ឱវាទ​ព្រះពុទ្ធ​សាសនា​ចេញផ្សាយ​រៀងរាល់ថ្ងៃ​សីល​)