ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ បើ​ប្រៀបធៀប​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ឲ្យ​តែ​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​យុវវ័យ​នៅ​កម្ពុជា​ហាក់​រំជើបរំជួល​ខ្លាំង​ក្នុង​ការ​ទោរទន់​ទៅ​រក​វប្បធម៌​នៃ​ប្រទេស​លោក​ខាងលិច​មួយ​នេះ ។ លើស​ពី​នេះ​មាន​យុវតី​មួយ​ចំនួន​ខូច​បង់​ខ្លួនប្រាណ​ព្រោះតែ​មិន​យល់​អត្ថន័យ​ពិតប្រាកដ​នៃ​ទិវា​មួយ​នេះ ។ យ៉ាងណាមិញ​ក្រោយ​ពី​មានការ​ផ្សព្វផ្សាយ​ពី​គ្រប់​ស្ថាប័ន​មក​អត្ថន័យ​នៃ​បុណ្យ​ក្តី​ស្រឡាញ់​១៤​កុម្ភៈ​ហាក់​ប្រែជា​មានការ​យល់​ដឹង​ថា​មិនមែន​ផ្តោត​តែ​លើ​រឿង​ស្នេហា​ទេ ។

កំពុង​វេច​ខ្ចប់​បាច់ផ្កា លោក​បាន សុធី​ដែល​ដាក់​តាំង​លក់​ផ្កា និង​កាដូ ផ្សេង​ៗ​នា​ឱកាស​បុណ្យ​នៃ​ក្តី​ស្រឡាញ់​ត្រូវ​នឹង​ថ្ងៃ​ទី​១៤ កុម្ភៈ ឆ្នាំ​២០១៦ នៅ​មុខ​វត្ត​ទួល​ទំពូង រាជធានី​ភ្នំពេញ​និយាយ​ថា លោក​លក់​ផ្កា និង​កាដូ​ថ្ងៃ​បុណ្យ​ក្តី​ស្រឡាញ់​នេះ​ពីរ​ឆ្នាំ​ហើយ ។ អតិថិជន​មាន​គ្រប់​វ័យ​មិន​ថា​តែ​យុវជន ក្មេង​ៗ​ទេ ចាស់​ៗ​ក៏​ទិញ​ដែរ ។ យ៉ាងណា​ក្តី​ការ​លក់ដូរ​ផ្កា និង​កាដូ​រយៈពេល​១​ថ្ងៃ​នៃ​ទិវា​ក្តី​ស្រឡាញ់​នេះ​ហាក់​មានការ​ផ្សងព្រេង​ខ្លះ​ដែរ ព្រោះ​ឆ្នាំ​នេះ​ដូច​ជា​មិនសូវ​មាន​អ្នកទិញ​ច្រើន​ឡើយ ។ ភាគច្រើន​យុវវ័យ​ហាក់​យល់​ដឹង​អត្ថន័យ​នេះ ដោយ​ពួក​គេ​ខ្លះ​ទិញ​ផ្កា និង​បាច់ផ្កា​យក​ទៅ​ជូន​មិត្តភក្តិ ខ្លះ​ជូន​ឪពុក​ម្តាយ លោកគ្រូ​អ្នកគ្រូ​ដែល​ស្តែង​ពី​សេចក្តី​គោរព និង​ការ​ស្រឡាញ់​រាប់អាន​គ្នា​មិន​ចំពោះតែ​គូសង្សារ​ទេ ។

យុវតី​ឆុំ ល​ក្ខិ​ណា ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ឲ្យ​ដឹង​ថា ដោយ​ចង់​សម្តែង​ក្តី​ស្រឡាញ់​ពី​ក្នុង​ចិត្ត នាង​បាន​ឆ្លៀតពេល​ជិះ​ម៉ូតូ​ទៅ​ទិញ​ផ្កា​ខ្លះ​យក​ទៅ​ជូន​លោកគ្រូ និង​អ្នក​មានគុណ ដោយ​មិន​សំដៅ​គិត​ថា​ជា​ថ្ងៃ​បុណ្យ​សង្សារ​ឡើយ ។ ការ​ប្រគល់​ខ្លួនប្រាណ​ឱ្យ​គូស្នេហ៍​ក្នុង​ទិវា​ក្តី​ស្រឡាញ់​នេះ សម្រាប់​ការ​គិត​របស់​នាង គឺ​ហាក់បីដូចជា​ល្ងង់​ពេក​ហើយ ។ យើង​គ្រាន់តែ​សម្រប​ខ្លួន​តាម​គេ ប៉ុន្តែ​កុំ​ធ្វើ​ឲ្យ​ជ្រុល​ពេក នោះ​ពិតជា​រឿង​សំខាន់ ។

អ្នក​នាង​ស្រី​ណា​ក់ ជា​ម្ចាស់​ហាង​ផាត​ធី​ផ្លោ​វើ​នៅ​តាម​បណ្តោយ​វិ​ថី​ត្រសក់ផ្អែម​ឲ្យ​ដឹង​ថា​សម្រាប់​ហាង​នាង​ភាគច្រើន​អ្នកទិញ​ផ្កា​ក្នុង​ថ្ងៃ​ក្តី​ស្រឡាញ់​នេះ​ជា​មនុស្ស​វ័យ​កណ្តាល និង​ចាស់​ជាង​នេះ ព្រោះ​ពួក​គាត់​ទិញ​ផ្កា​យក​ទៅ​ជូន​មិត្តភក្តិ​នៅ​កន្លែង​ការងារ និង​ជូន​បុគ្គល​សំខាន់​សម្រាប់​ខ្លួន ។ ឆ្នាំ​នេះ​យុវជន​ហាក់​ស្ងាត់​មក​ទិញ​ផ្កា គឺ​មាន​ច្រើន​តែ ចាស់​ៗ ។ ពិធីបុណ្យ​នេះ​ឃើញ​ថា​កូន​ខ្មែរ​ភាគច្រើន​យល់​ពី​អត្ថន័យ ដោយ​ខ្លះ​មិន​ទិញ​ផ្កា​យក​ទៅ​ឲ្យ​សង្សារ​ទេ តែ​យក​ជូន​ឪពុក​ម្តាយ បងប្អូន​ប្រុស​ស្រី​របស់​ខ្លួន ។

និស្សិត​ឡាយ មក​រា ឲ្យ​ដឹង​ថា ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​រូបគេ​បរិច្ចាគ​ឈាម​សម្តែង​ការ​ស្រឡាញ់​ចំពោះ​អ្នកជំងឺ​ដែល​ត្រូវការ​សង្គ្រោះ​ដោយ​ឈាម ។ នេះ​ជា​ការ​សាង​កុសល​ជួយ​មនុស្ស​ដូច​គ្នា ហើយ​លោក​ចាប់អារម្មណ៍​ថា​មាន​យុវជន​ជា​ច្រើន​បាន​ចូលរួម​បរិច្ចាគ​ឈាម​ថ្ងៃ​ក្តី​ស្រឡាញ់​ដោយ​មិន​គិត​ផ្តោត​លើ​រឿង​ស្នេហា​ទេ នេះ​ជា​ការ​ល្អ​មួយ​ដែល​កូន​ខ្មែរ​យើង​យល់​ដឹង​កាន់តែ ជ្រៅ​ទៅ​ៗ ។

សាលា​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់់​យុវជន​កុំឱ្យ​យល់​ថា បុណ្យ​ក្តី​ស្រឡាញ់​ជា​ទិវា​ប្រពៃណី​ជាតិ​យើង ជា​របស់​បរទេស​ទេ ។ គួរតែ​យក​ទិវា​នេះ​សម្តែង​ការ​ដឹងគុណ​ចំពោះ​ឪពុក​ម្តាយ បងប្អូន លោកគ្រូ​អ្នកគ្រូ ។ ចំពោះ​នារី​មិន​ត្រូវ​បណ្តោយ​ខ្លួន​ឲ្យ​ខូចខាត​ក្នុងថ្ងៃនេះ​នាំ​ឲ្យ​ប៉ះពាល់​កិត្តិយស​ខ្លួនឯង និង​ឪពុក​ម្តាយ​ទេ ។​ជា​ពិសេស​អាច​យក​ថ្ងៃ​នៃ​បុណ្យ​ក្តី​ស្រឡាញ់​ធ្វើ​សកម្មភាព​មនុស្សធម៌​ជួយ​សង្គម​ជា​កាយវិការ​មួយ​ល្អ​ប្រពៃ​ក្នុង​នាម​ជា​កូន​ខ្មែរ ៕