តើ​ចិន កាន់​ព្រះពុទ្ធសាសនា ខុសពី​កម្ពុជា យ៉ាងដូចម្តេច​?

​ថ្វីដ្បិតតែ កម្ពុជា​និង​ចិន កាន់​ព្រះពុទ្ធសាសនា​តែមួយ​ក៏ពិតមែន តែ​ជំនឿ​និង​ការគោរព​នៃ​ប្រទេស​ទាំងពីរ​នេះ មិន​ដូចគ្នា​ឡើយ​។ កម្ពុជា ប្រតិបត្តិ​ព្រះពុទ្ធសាសនា​បែប​ហីនយាន ចំណែកឯ ចិន កាន់​ព្រះពុទ្ធសាសនា​បែប​មហាយាន​។

​ពីដំបូង ព្រះពុទ្ធសាសនា មានតែ​មួយ ហើយ​សាវ័ក និង​បរិស័ទ​ទាំងអស់ ដើរ​តាម​ឱវាទ និង​ការ​ប្រណិប័តន៍​នូវ​មាគ៌ា​ព្រះសម្មាសម្ពុទ្ធ​ដូចៗ​គ្នា​។ ប៉ុន្តែ ក្រោយពី​ព្រះ​ជិនស្រី​នៃ​យើង ទ្រង់​បរិនិព្វាន បាន​ប្រមាណ​ជា ២០០ ឆ្នាំ ព្រះពុទ្ធសាសនា ក៏​បែកខ្ញែក ជា​ពីរ​និកាយ​ធំៗ​គឺ និកាយ​ហីនយាន និង​និកាយ​មហាយាន​។ 

​មូលហេតុ​ដ៏​ចម្បង​នៃ​ការបែងចែក​ព្រះពុទ្ធសាសនា​នេះ គឺ​បណ្តាលមកពី​ប្រទូសរ៉ាយ​គ្នា​ពី​សំណាក់​សាវ័ក និង​បរិស័ទ អំពី​ពាក្យ​ប្រៀនប្រដៅ របស់​សមណគោតម​។ ព្រះសង្ឃ​ខ្លះ​ថា ព្រះធម៌​នេះ​ត្រឹមត្រូវ ព្រះធម៌​នោះ​មិន​ត្រឹមត្រូវ​ទេ ហើយ​ព្រះសង្ឃ​ខ្លះ​ទៀតថា ការប្រតិបត្តិ​បែបនេះ ទើប​ត្រឹមត្រូវ ការប្រតិបត្តិ​បែ​បន​នោះ​មិន​ត្រឹមត្រូវ​ឡើយ​។ ដោយសារតែ ការមិន​ឯកភាពគ្នា​ត្រង់ចំណុច​នេះហើយ ទើប​ព្រះពុទ្ធសាសនា បាន​ពុះ​បំបែក​ជា​ពីរ​និកាយ ពោលគឺ និកាយ​មហាយាន​និង​និកាយ​ហីនយាន រហូតមកដល់​បច្ចុប្បន្ន នេះឯង​។​

​នៅពេលដែល​ព្រះពុទ្ធសាសនា បាន​បែង​ចែកជា​ពីរ​ភ្លាមៗ  ប្រទេស​ចិន នៅ​មិនទាន់​ទទួលបាន​ព្រះពុទ្ធសាសនា​បែប​មហាយាន នោះទេ ព្រោះ​ពេលនោះ ព្រះពុទ្ធសាសនា​ទាំងពីរ​និកាយ​នេះ នៅ​នឹងថ្កល់​ក្នុងប្រទេស​ឥណ្ឌា​នៅឡើយ​។ អស់​រយៈពេល​ជាង​៣០០ ឆ្នាំ នៃ​ការបែកបាក់​ព្រះពុទ្ធសាសនា ពោលគឺ ពេលដែល​ព្រះ​ពុទ្ធអង្គ​ទ្រង់​បរិនិព្វាន បាន​ប្រមាណ​ជាង ៥០០ ឆ្នាំ ទើប​ព្រះពុទ្ធសាសនា​មហាយាន ហូរ​ចូល​ប្រទេស​ចិន ដែលជា​ទឹកដី​មាន​ប្រជាជន​ច្រើនជាងគេ​លើក​លោក​មួយ​នេះ​។

​តើ​កម្ពុជា​និង​ចិន ប្រតិបត្តិ​ព្រះពុទ្ធសាសនា​ផ្សេង​យ៉ាងណា​?
​ប្រទេស​កម្ពុជា កាន់​ព្រះពុទ្ធសាសនា បែប​ហីនយាន ដែល​បានន័យថា យាន​តូច​ឬ​រទេះ​តូច​។ អត្ថន័យ​នេះ ចង់​សំដៅថា យាន ដែល​អាច​ផ្ទុក​សត្វលោក​បាន​តិច ក្នុងការ​ឆ្ពោះទៅកាន់​ព្រះ​និព្វាន ជា​ស្ថាន​ផុត​ទុក្ខ​ទាំងពួង​។ ហេតុផល​ដែលថា ហីនយាន អាច​នាំ​សត្វលោក ទៅកាន់​ព្រះ​និព្វាន​បាន​តិច ព្រោះ​មូលដ្ឋានគ្រឹះ​នៃ​លទ្ធិ​នេះ គឺ​ដើរ​តាម​គន្លង​គម្ពីរ​ព្រះ​ត្រៃបិដក ដែលមាន​វិន័យ​តឹងរឹង ហើយ​ការប្រតិបត្តិ​ក៏​តឹងតែង ដែល​សត្វលោក​មិន​ងាយ​ធ្វើបាន​។

​អ្នក​គួរ​ចាប់អារម្មណ៍​ថា ព្រះសង្ឃ​ខ្មែរ ដែល​កាន់​ហីនយាន ស្លៀក​ស្បង់​និង​គ្រងចីវរ ពណ៌​ក្រហម​។  ព្រះសង្ឃ​និង​ពលរដ្ឋ​កម្ពុជា ដែល​កាន់​ពុទ្ធសាសនា​ហីនយាន ប្រកាន់​ភ្ជាប់​ថា មានតែ​ព្រះពុទ្ធ​បរម​គ្រួ​ទេ ដែល​បាន​ត្រាស់ដឹង​នូវ​សម្មា​សម្ពោធិញាណ ហើយ​ពួកគេ​គោរព​ប្រតិបត្តិ​យ៉ាងខ្លាំង​ចំពោះ​ព្រះអង្គ​។ ក្រៅពី​កម្ពុជា នៅមាន​ប្រទេស​ជាច្រើន​ក្នុង​សាក​លោក ដែល​កាន់​ព្រះពុទ្ធសាសនា​ហីនយាន ដូចជា ស្រីលង្កា មី​យ៉ាន់​ម៉ា ឡាវ ថៃ ជាដើម​។​

​ដោយឡែក ប្រទេស​ចិន កាន់​ព្រះពុទ្ធសាសនា​បែប​មហាយាន ដែល​មានន័យថា យាន​ធំ​ឬ​រទេះ​ធំ​។ យាន​ធំ​ឬ​រទេះ​ធំ ក្នុង​ទីនេះ ចង់​សំដៅថា យាន​ដែល​អាច​ផ្ទុក​សត្វលោក​បាន​ច្រើន ក្នុងការ​ឆ្ពោះទៅកាន់​បរមសុខ ពោលគឺ​ព្រះ​និព្វាន​។ ជនជាតិ​ដែល​កាន់​ព្រះពុទ្ធសាសនា​មហាយាន យល់ថា ព្រះធម៌​វិន័យ​នៃ​ព្រះសម្មាសម្ពុទ្ធ មាន​លក្ខណៈ​ធូរ​លុង និង​ងាយស្រួល​ប្រណិប័តន៍ ដែល​អាចធ្វើ​ឲ្យ​ពួកគេ​បានសម្រេច​ធម៌​យ៉ាង​ឆាប់រហ័ស​។

​ប្រជាជន​ចិន ប្រតិបត្តិ​តាម​ឱវាទ​របស់​គ្រូអាចារ្យ ដែល​បាន​ពោល​ទុក​មក​តៗ​គ្នា ដែល​ហៅថា លទ្ធិ​អាចរិយវាទ​។ លើសពីនេះ​ទៀត​នោះ ពលរដ្ឋ​នៃ​ប្រទេស​ចិន ជឿថា មាន​ព្រះ​ពោធិសត្វ​ធំៗ ឬ​មហាសត្វ​ជាច្រើន​អង្គ មិនទាន់​ចូល​និព្វាន ហើយ​កំពុង​ស្ថិតនៅក្នុង​លោក​នេះ ដើម្បី​ចាំ​ជួយសង្គ្រោះ​សត្វលោក ដូចជា ព្រះ​សិ​អារ្យ​មេត្រី ព្រះ​លោកេស្វរៈ ព្រះ​ម​ញ្ឆុ​ស្រី ជាដើម​។ ចំណែកឯ ព្រះសង្ឃ​ចិន​វិញ ស្លៀកខោ​និង​ពាក់អាវ​។  មិនមែន​មានតែ​ចិន​ទេ ដែល​កាន់​ព្រះពុទ្ធសាសនា​មហាយាន តែ​នៅមាន​ប្រទេស​ផ្សេងៗ​ទៀត ក៏មាន​ជំនឿ​លើ​ព្រះពុទ្ធសាសនា​មហាយាន​ដែរ ដែល​ប្រទេស​ទាំងនោះ មានដូចជា វៀតណាម ជប៉ុន កូរ៉េ ម៉ុង​ហ្គោ​លី ជាដើម​។

​ព្រះពុទ្ធសាសនា មិន​ត្រឹមតែ​ត្រូវបាន​បំបែក​ជា​ពីរ​និកាយ​ខាងលើ​ទេ តែ​ថែមទាំង​ត្រូវបាន​បែងចែក​ជា​និកាយ​តូចៗ បន្តទៀត នៅពេលដែល​ហូរ​ចូល​ប្រទេស​ផ្សេងៗ​ក្នុង​លោក​។ តួយ៉ាង​ដូច​នៅ​កម្ពុជា ព្រះពុទ្ធសាសនា​បែប​ហីនយាន បាន​បែង​ចែកជា​ពីរ​និកាយ​បន្តទៀត គឺ​មហានិកាយ​និង​ធម្មយុត្តិកនិកាយ​។  ជាពិសេស​ជាងនេះទៅទៀត ព្រះពុទ្ធសាសនា បាន​ប្រែប្រួល​ទៅតាម​វប្បធម៌ ប្រពៃណី នៃ​ជាតិ​សាសន៍​នីមួយៗ តួយ៉ាង​ដូចជា អ្នក​កាន់​ពុទ្ធសាសនា ក្នុងប្រទេស កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ ជាដើម ដោយ ប្រទេស​ទាំងនេះ​សុទ្ធតែ កាន់​ព្រះពុទ្ធសាសនា​បែប​ហីនយាន តែ​ការប្រតិបត្តិ នៅតែមាន​លក្ខណៈផ្សេងៗ​ពីគ្នា​។ ដូច្នេះហើយ​បានជា​អ្នកប្រាជ្ញ​ក្នុង​ព្រះពុទ្ធសាសនា តែង​ពោលថា ព្រះពុទ្ធសាសនា ប្រៀបដូចជា​ទឹក ព្រោះ​ដល់ទី​ណា ក៏​អាច​បត់បែន​បានដែរ ដោយ​អាស្រ័យ​តាម​ទីតាំង និង​ស្ថានភាព នៃ​កន្លែង​នោះ​។​

​បើទោះបីជា​ព្រះពុទ្ធសាសនា បាន​បែង​ចែកជា​លទ្ធិ​ផ្សេងៗ​គ្នា​ក៏ពិតមែន តែ​អ្នក​កាន់​ព្រះពុទ្ធសាសនា​គ្រប់រូប តែ​ប្រកាន់​ភ្ជាប់​ថា ព្រះពុទ្ធសាសនា មាន​គោលដៅ​តែមួយ គឺ​ការ​រុញច្រាន​សត្វលោក​ទាំងពួង ឲ្យ​ប្រាសចាក​ពី​វាល​វដ្ត​សង្សារ ហើយ​ឈានទៅ​កាន់​ស្ថាន​បរមសុខ គឺ​ព្រះ​និព្វាន​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​