ឃាត់ខ្លួនជនប្លន់ ប្រដាប់អាវុធម្នាក់ ក្រោយធ្វើសកម្មភាព រួចយកម៉ូតូទៅផ្ញើ

ភ្នំពេញ៖ កម្លាំងអាវុធហត្ថខណ្ឌចំការមន នៅម៉ោងប្រមាណ១០យប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ក្នុងសកម្មភាពប្លន់ ប្រដាប់អាវុធម្នាក់ ខណ:ទទួលបានសេចក្តី រាយការណ៍ពីប្តីនារីរងគ្រោះ ថាឃើញម៉ូតូដែល ចោរប្លន់នោះ បានយកទៅទុកនៅកន្លែងផ្ញើម៉ូតូ។

មុននិងធ្វើការឃាត់ខ្លួន ជនសង្ស័យ និងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាពប្លន់ យកម៉ូតូScoppi នៅម៉ោងប្រមាណ ១០និង៣០នាទី ពីស្ត្រីម្នាក់ នៅមុខផ្ទះលេខ១៩អា ផ្លូវលេខ៣០៤ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំកាមន។

បើតាមសាក្សីបញ្ជាក់ថា សកម្មភាពប្លន់នេះ ជនសង្ស័យមានគ្នាពីរនាក់ នៅគ្រាលធ្វើសកម្មភាពបលន់នោះ ពួកគេបានដកកាំភ្លើងខ្លី វាយក្បាលស្ត្រី ដែលជាម្ចាស់ម៉ូតូ បណ្តាលអោយបែកក្បាលរងរបួស។ 

សាក្សីបានបន្តទៀតថា ភ្លាមៗក្រោយហេតុការណ៍ ប្តីនារីរងគ្រោះ ក៏បានមកដល់ រួចនាំប្រពន្ធទៅមន្ទីរពេទ្យ ដេររបួស

នៅមន្ទីរពេទ្យវិសាលសុខ ជិតផ្សារដើមគរ ភ្លាមនោះ ស្រាប់តែប្រទះឃើញជនសង្ស័យ ២នាក់ យកម៉ូតូ ដែលទើបប្លន់ពីប្រពន្ធ មិនទាន់បានកម្លះម៉ោង ទៅផ្ញើរនៅកន្លែងផ្ញើរម៉ូតូ នៅជិតពេទ្យ។

សាក្សីបញ្ជក់បន្ថែមថា ពេលឃើញម៉ូតូរបស់ខ្លួន បុរសជាប្តី បានទំនាក់ទំនងទៅកម្លាំង អាវុធហត្ថខណ្ឌចំកាមន ដើម្បីជួយអន្តរាគម ស្រាប់តែពេលកម្លាំង អាវុធហត្ថមកដល់ ជនសង្ស័យក៏មកដល់ដែរ ទើបធ្វើអោយមានការផ្ទុះអាវុធមួយគ្រាប់ រួចឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឯម្នាក់ទៀតកំពុង ស្រាវជ្រាវស្វែងរកចាប់ខ្លួន៕