វិចារណកថា សីលធម៌ សង្គមកាន់ តែធ្លាក់ចុះ

ការធ្លាក់ចុះ នៃសីលធម៌សង្គមគឺ ជាបញ្ហាគួរឲ្យព្រួយបារម្ភ នាពេលបច្ចុប្បន្ន ព្រោះសព្វថ្ងៃនេះការធ្លាក់ចុះ នៃសីលធម៌សង្គម បាននាំឲ្យកើតឡើង នូវរឿង រ៉ាវជាច្រើនទៀតដូចជា អំពើហិង្សាក្នុងគ្រួសារ អំពើឃាតកម្ម កាន់តែសាហាវ ធ្វើឲ្យបាត់ភាពសុខដុមរមនានៅក្នុងសង្គម។ មួយរយៈពេល កន្លងទៅនេះ ដោយសារតែសីលធម៌ សង្គមធ្លាក់ចុះបានធ្វើឲ្យបទល្មើសផ្សេងៗ កើតឡើងជាបន្តបន្ទាប់ហើយមនុស្ស មួយចំនួនលែងគិត រឿងបុណ្យបាបហើយធ្វើអ្វីៗ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ដោយខ្វះការពិចារណា។ មានន័យថា ការធ្លាក់ចុះនៃសីលធម៌ សង្គមកំពុងតែ នាំមកនូវហានិភ័យ ដល់សង្គមខ្មែរហើយរឿង រ៉ាវអាក្រក់ៗ ចេះតែកើតឡើងឥតឈប់ឈរ។ ដូច្នេះ ប្រជាពលរដ្ឋខ្មែរទូទៅ ត្រូវគិតគូរឡើងវិញ អំពីបញ្ហានេះ ហើយគិតទៅដល់សីលធម៌ រស់នៅក្នុងសង្គមខ្មែរ ពីអតីតកាល ដែលល្អផូរផង់ ដែលនាំមកនូវភាពសុខសាន្ត ក្នុងសង្គមគ្រួសារ និងសង្គមជាតិទាំងមូល។

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ករណីកូនប្រើអំពើហិង្សាលើឪពុកម្ដាយ និងកាប់សម្លាប់ឪពុកម្ដាយ យ៉ាង សាហាវ ព្រៃផ្សៃបានកើតឡើង ជាបន្តបន្ទាប់គួរឲ្យភ័យខ្លាច។ អំពើឃាតកម្មសម្លាប់ មនុស្សក្នុងគ្រួសាររបស់ខ្លួន ច្រើននាក់ ក៏កើតមានឡើងជាបន្តបន្ទាប់ដែរ ដែលជាភស្ដុតាង បង្ហាញថាសីលធម៌ រស់នៅក្នុងសង្គមខ្មែរ មានការធ្លាក់ចុះយ៉ាង គំហុកពីបាក នឹងស្រោចស្រង់ឡើងវិញ។ ថ្មីៗនេះករណីសម្លាប់កាត់កនារីវ័យ ក្មេងនៅខេត្ត សៀមរាប ហើយយកក្បាលរបស់សាកសពទៅដុតចោលគឺជា អំពើឃតកម្មដែលនាំឲ្យ មានការភ្ញាក់ផ្អើលយ៉ាង ខ្លាំង នៅទូទាំង ប្រទេស។ ជាក់ស្ដែងនៅពេលដែលសមត្ថកិច្ច បញ្ជូនជនដៃដល់ជាឃាតក ទៅតុលាការត្រូវប្រជា ពលរដ្ឋ ប្រមូលផ្ដុំគ្នាតវ៉ាឲ្យមាន ការកាត់ក ជនដៃដល់ ដូចអ្វីដែលជនដៃដល់បានធ្វើទៅលើជនរងគ្រោះយ៉ាង ព្រៃផ្សៃ។ សម្រែករបស់មហាជនគឺជារឿងមួយ គួរឲ្យពិចារណា បើទោះបីបច្ចុប្បន្ នប្រទេសកម្ពុជា ពុំមានច្បាប់ ប្រហារជីវិត ឧក្រិដ្ឋជនឬឃាតកយ៉ាងណាក៏ដោយ។

 ការធ្លាក់ចុះនៃសីលធម៌សង្គម ត្រូវគេដឹងថាផ្ដើមចេញពីបញ្ហាផ្សេងៗ ដូចជាគំនុំ គ្រឿងញៀន ស្រា អំពើចោរកម្ម និងល្បែងស៊ីសងជាដើម ដែលជាហេតុធ្វើឲ្យមនុស្សមួយចំនួន បាត់បង់សតិលែងស្គាល់ខុស ត្រូវហើយធ្វើអ្វីៗ តាមអំពើចិត្តរបស់ខ្លួន។ ក្នុងនោះគ្រឿងញៀន ស្រា ស្រាបៀរ កំពុងតែពង្វក់ស្មារតី ប្រជាពលរដ្ឋខ្មែរ មួយចំនួន គួរឲ្យព្រួយបារម្ភហើយនាំមកនូវអំពើហិង្សាក្នុងគ្រួសារ អំពើឃាតកម្ម អំពើចោរកម្ម និងអំពើពាលាអាវាសែច្រើន បែបច្រើនយ៉ាង។ បញ្ហាទាំងអស់នេះ ហើយដែលធ្វើឲ្យសីលធម៌រស់ នៅក្នុងសង្គមខ្មែរកាន់តែ ធ្លាក់ចុះហើយ ករណីកូនកាប់សម្លាប់ ឪពុកម្ដាយ ប្ដីប្រពន្ធកាប់សម្លាប់គ្នាផិតក្បត់គ្នាបានកើតឡើងជាច្រើនករណី។ លើសនេះ ទៅទៀត ករណីបុរសវ័យ ចំណាស់ៗចាប់ រំលោភសេពសន្ថវៈលើក្មេង ស្រីជាអនីតិជនបានកើតឡើង យ៉ាងរាល ដាលគួរឲ្យព្រួយបារម្ភ។

គួររំលឹកដែរថា កន្លងមកសីលធម៌រស់នៅក្នុងសង្គមខ្មែរមានលក្ខណៈល្អប្រសើរ កូនចៅចេះគោរពឪពុកម្ដាយ ជីដូនជីតា របស់ខ្លួននិងរាប់អានញាតិ មិត្តក្នុងភូមិចេះជួយធុរៈគ្នាយ៉ាងសុខសាន្ត។ ប៉ុន្តែឥឡូវនេះអ្វីៗ បានប្រែ ប្រួល អស់ដោយសារតែឥទ្ធិពលគ្រឿងញៀន ល្បែងស៊ីសង ស្រា ស្រាបៀរ និងអំពើពាលាអាវាសែ ដែលរាលដាលកាន់តែខ្លាំងឡើងៗនៅក្នុងសង្គមខ្មែរ។ ហេតុនេះហើយដែលនាំឲ្យកើតមាន អំពើប្លន់ប្រដាប់ អាវុធកាន់តែ សាហាវ ចោរឆក់តាមដងផ្លូវហ៊ានធ្វើសកម្មភាព យ៉ាងប្រសេចប្រសាចគ្មានញញើតអ្វីទាំងអស់។ អំពើឃាតកម្មកើតឡើងកាន់តែសាហាវ រហូតដល់មានករណីសម្លាប់កាត់ក្បាល យកទៅដុតចោលដែលជារឿង មួយគួរឲ្យរន្ធត់ចិត្តនិងបង្ហាញថា សីលធម៌រស់នៅក្នុងសង្គមខ្មែរ ធ្លាក់ចុះកាន់តែខ្លាំងពិបាកស្រោចស្រង់ឡើងវិញ ហើយវិបត្តិជាច្រើនអាចកើតចេញពីការធ្លាក់ចុះសីលធម៌សង្គម។

សរុបសេចក្ដីមកការធ្លាក់ចុះ សីលធម៌រស់នៅក្នុងសង្គមខ្មែរ មួយរយៈពេលចុងក្រោយនេះ គឺជារឿងមួយគួរឲ្យ ព្រួយបារម្ភដែលក្រសួងនិង ស្ថាប័នពាក់ព័ន្ធមិនត្រូវមើលរំលងនោះទេ។ ជាពិសេសការលុបបំបាត់ បទល្មើស ផ្សេងៗ ដូចជាគ្រឿងញៀន ល្បែងស៊ីសង បនបារពាលាអាវាសែគឺ ជាកត្តាសំខាន់បំផុត ដើម្បីពង្រឹងសីលធម៌ សង្គមឡើងវិញ។ ក្នុងនោះការផ្សព្វផ្សាយឲ្យបានច្រើននូវបញ្ហានានាដែលទាក់ទងបញ្ហា សង្គមដើម្បីឲ្យ ប្រជាពលរដ្ឋទូទៅបានដឹងពីអំពើល្អនិងអាក្រក់ បុណ្យនិងបាបគឺជាបញ្ហាដ៏សំខាន់ក្នុងសង្គមជាតិ។ ការលើក កម្ពស់ សីលធម៌ រស់នៅក្នុង សង្គមឲ្យបានប្រសើរឡើងវិញ គឺជារឿងដ៏សំខាន់ ដើម្បីភាពសុខសាន្តក្នុង សង្គមគ្រួសារនិងសង្គមជាតិ ហើយប្រជាពលរដ្ឋទូទៅចេះអធ្យា ស្រ័យគ្នាជួយគ្នាទៅវិញ ទៅមករវាងបង ប្អូនសាច់ញាតិនិងអ្នកជិតខាង។ ការយោគយល់គ្នាចេះស្រឡាញ់រាប់អានគ្នា អត់ឱនឲ្យគ្នាទៅវិញ ទៅមកនៅ នឲពេលមានជម្លោះ ឬដោះស្រាយបញ្ហាដោយសន្តិវិធី ជាប្រការសំខាន់ ដើម្បីភាពសុខសាន្តទាំងអស់គ្នា៕