លោក ឈួរ ច័ន្ទឌឿន ជួបសំណេះសំណាល និង ចែកអត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ចំនួន៥.១៦៤នាក់ នៅក្នុងឃុំតាជេស

 កំពង់ឆ្នាំង ៖ នៅវិទ្យាល័យសម្តេចជា ស៊ីម ស្ថិតក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ ម្សិលមិញនេះ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង    បានជួបសំណេះសំណាល និងចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋចំនួន៥.១៦៤នាក់ ។

អភិបាលស្រុកកំពង់ត្រឡាច លោក ឈឹម វុទ្ធា បានអោយដឹងថា ថ្ងៃនេះប្រជាពលរដ្ឋចំនួន១៥ភូមិ ស្មើនឹង៥.១៦៤នាក់ នៅក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ត្រូវបានទទួលអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ សំរាប់យកទៅប្រើប្រាស់តាមតម្រូវការផ្ទាល់ខ្លួនដោយមិនអាចខ្វះបានឡើយ ដែលកន្លងមកប្រជាពលរដ្ឋមួយចំនួនធំនៅក្នុងស្រុកកំពង់ត្រឡាច បានទទួលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនេះរួចហើយ និងនៅសល់ប្រជាពលរដ្ឋមួយចំនួនតូចទៀត ដែលនិងត្រូវចែកជូនពួកគាត់ជាបន្តបន្ទាប់។

នាឱកាសនោះ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា អត្តសញ្ញាប័ណ្ណសញ្ជាតិមានសារៈសំខាន់ សំរាប់ សម្គាល់សញ្ញាណ ដោយធានាសិទិ្ធសេរីភាពស្របច្បាប់របស់ប្រជាពលរដ្ឋម្នាក់ៗអាច យកទៅប្រើប្រាស់បានដោយស្របច្បាប់។ លោក បានមានប្រសាសន៍បន្តថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាពស្ថេរភាព និងរក្សាបានសណ្តាប់ធ្នាប់សង្គមយ៉ាងល្អនៅគ្រប់ទីកន្លែង ដែលកត្តាទាំងអស់នេះ បានធ្វើអោយប្រទេសកម្ពុជាមានអភិវឌ្ឍន៍លើគ្រប់វិស័យ  និងបានធ្វើអោយជីវភាពប្រជាពលរដ្ឋនៅទូទាំងប្រទេសមានភាពរីកចំរើនជាលំដាប់ ទន្ទឹមនឹងមានការរីកចំរើន ប្រជាពលរដ្ឋគ្រប់រូបដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ ក៏ត្រូវការជាចាំបាច់នូវអត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ សំរាប់ប្រើប្រាស់បំរើការងារផ្ទាល់ខ្លួន។

លោក ឈួរ ច័ន្ទឌឿន បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ យកអត្តសញ្ញាណប័ណ្ណសញ្ជាតិជាតិខ្មែរ គំរូថ្មីនេះដែលមិនអាចខ្វះ បាននេះទៅប្រើ ប្រាស់តាមតំរូវការ តែសូមចេះថែររក្សាអោយបានគង់វង្សល្អ កុំអោយខូចខាតបាង់បង់  ព្រោះអត្តសញ្ញាណប័ណ្ណថ្មីនេះ មានសុពលភាព រហូតដល់១០ឆ្នាំ។ ដោយឡែកកុំយកអត្តសញ្ញាណប័ណ្ណនេះទៅអោយគេខ្ចីយកទៅថតចម្លងធ្វើការងារខុសច្បាប់ផ្សេងៗ ។  លោកសង្ឃឹមថា  បងប្អូនដែលមានអត្តសញ្ញាណប័ណ្ណ នឹងអាចបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ដែលជា តំណាងស្របច្បាប់របស់ខ្លួននៅក្នុងថ្ងៃខាងមុខនេះ ដើម្បីការពារផលប្រយោជន៍របស់ខ្លួន  និងដើម្បីអភិវឌ្ឍន៍ មូលដ្ឋានអោយមានជីវភាព រស់នៅកាន់តែប្រសើរឡើង។

 នៅក្នុងពិធីនេះដែរ  លោកអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាដល់សមត្ថកិច្ចនិងប្រជាការពារ ដោយក្នុងមួយអង្គភាពៗ ទទួលបានថវិកា ចំនួន១០ម៉ឺនរៀល  ចែកជូនសម្លៀកបំពាក់៤០កំប្លេដល់ប្រជាការពារឃុំតាជេស និង ឧបត្ថម្ភ អំណោយ និងថវិកាជូនដល់ គ្រួសារភ្លើងឆេះផ្ទះ២គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ៥០ គីឡូក្រាម, កន្ទេល១, សំភារៈមួយចំនួន និងថវិកា១០០ដុល្លាផងដែរ៕

លោក ឈួរ ច័ន្ទឌឿន ជួបសំណេះសំណាល និង ចែកអត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ចំនួន៥.១៦៤នាក់ នៅក្នុងឃុំតាជេស

លោក ឈួរ ច័ន្ទឌឿន ជួបសំណេះសំណាល និង ចែកអត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ចំនួន៥.១៦៤នាក់ នៅក្នុងឃុំតាជេស

លោក ឈួរ ច័ន្ទឌឿន ជួបសំណេះសំណាល និង ចែកអត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ចំនួន៥.១៦៤នាក់ នៅក្នុងឃុំតាជេស