​ចាប់​បាន​ជន​សង្ស័យ​​​​​ បន្ទាប់ពី​​ឃើញ​សព​នារីដាច់​ក្បាល​​​ក្នុង​ផ្ទះ​សំណាក់

សមត្ថកិច្ច​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ​បុរស​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​​​នៅ​ផ្ទះ​​របស់​ខ្លួន​​ក្នុង​ក្រុងសៀមរាម ទី​ដែល​នគរ​បាល​​រក​ឃើញ​​ក្បាល​​ឆេះ​ខ្លោច​​របស់​នារី​ម្នាក់​ដែល​ជន​នេះ​​បាន​សម្លាប់​ និង​កាត់​​ក្បាល​កាលពី​​ល្ងាច​​ថ្ងៃសុក្រ នៅ​ផ្ទះ​សំណាក់​មួយ​ក្នុង​ក្រុង​នេះ។

លោក នួន ស័ក្ត​ចំរើនរិទ្ធ ​​អធិការ​រង​ក្រុង​​​បាន​មាន​ប្រសាសន៍​ថា បុរស​ឈ្មោះ ចាន់ ឆាយយ៉ា អាយុ​៤០​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​​​​នៅ​ម៉ោង​​៥និង​៣០នាទី​ល្ងាច​​​ក្នុងសង្កាត់ទឹកវិល ​ពោល​គឺ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​​បន្ទាប់ពី​​នគរ​បាល​​ទទួល​បាន​ដំណឹង​​ថា ​សាកសព​ឥតក្បាល​របស់​នារី​ម្នាក់​ឈ្មោះ ឡែន សីលា អាយុ​២៣​ឆ្នាំ​ត្រូវ​បាន​ប្រទះ​​ឃើញ​នៅ​ផ្ទះ​សំណាក់​​ប្រាសាទកែវ ​ក្នុង​សង្កាត់​ស្វាយដង្គំ។

លោក​ថ្លែង​ថា “​ខ្ញុំ​បាន​សម្រេច​​ឃាត់​ខ្លួន​​ជន​​​នេះ​។ បន្ទាប់​មក​ យើង​ឃើញ​រណ្ដៅ​ភ្នក់​ ហើយ​​​​​ខ្ញុំ​​ំ​មាន​ការ​សង្ស័យ​ ដូច្នេះ​ហើយ​ខ្ញុំ​​បាន​ពិនិត្យ​មើល​ ហើយ​ក៏​ឃើញ​ក្បាល​ជន​រងគ្រោះ”។ លោក​បន្ថែម​ថា នគរ​បាល​ក៏​​រក​ឃើញ​កាបូប​មួយ​នៅ​ក្នុង​ផ្ទះ​របស់​ជន​សង្ស័យ​​ដែល​ខ្លួន​ជឿ​ថា ជន​សង្ស័យ​​បាន​ប្រើ​សម្រាប់​​ដាក់​​ក្បាល​​​​​ជន​រងគ្រោះចេញ​​ពី​ផ្ទះ​សំណាក់​​ផង​ដែរ។

លោក ដួង សុខា ​​នាយការិយាល័យ​នគរ​បាល​​ព្រហ្មទណ្ឌខេត្ត​បាន​មាន​ប្រសាសន៍​ថា សមត្ថ​កិច្ច​​អាច​រក​ឃើញ​ឈ្មោះ ចាន់ ឆាយយ៉ា ដែល​ជា​​មគ្គុទេសក៍​ទេសចរណ៍​ភាសា​ថៃ​ នៅ​ឧទ្យាន​បុរាណ​អង្គរ​​​ដោយ​សារ​ផ្អែក​តាម​ព័ត៌មាន​​​​​ផ្ដល់​ដោយ​ម្ដាយ​របស់​នារី​រងគ្រោះ​។ ​

លោក​បាន​មាន​ប្រសាសន៍​ទៀតថា “​វា​ប្រហែល​​​បណ្ដាល​មកពី​ស្នេហា​ត្រីកោណ ពីព្រោះ​ជន​សង្ស័យ​មាន​ប្រពន្ធ និង​កូន​រួច​ទៅ​ហើយ  ហើយ​​​​ម្ដាយ​នារី​រងគ្រោះ​​បាន​ដឹង​រឿង​​​​នេះ​ និង​​សុំ​ឲ្យ​ពួកគេ​បញ្ចប់​ទំនាក់​​ទំនង​​​នឹង​គ្នា​ ពីព្រោះ​បុរស​ម្នាក់​​​ទៀត​ដែល​​ធ្វើ​ការ​ជាមួយ​នាង​​ ក៏​ស្រឡាញ់​នាង​ដែរ​”។ លោក​បាន​បញ្ជាក់​ថា ឡែន សីលា បាន​ព្យាយាម​ធ្វើ​តាម​ការ​ណែនាំ​របស់​ម្ដាយ​​​នាង​។

ទោះ​ជាយ៉ាង​ណា ​​កាលពី​ថ្ងៃសុក្រ ឈ្មោះ ​​​​ចាន់ ឆាយយ៉ា ដែល​​កើត​ការ​ប្រចណ្ឌ​​បាន​​លួង​លោម​នារី​រងគ្រោះ​​ឲ្យ​​​ទៅ​​ជួប​ខ្លួន​នៅ​ម៉ោង​​៦​​ល្ងាច​ មុន​ពេល​​រូប​គេ​ចេញ​ដំណើរ​មក​កាន់​រាជធានីភ្នំពេញ​ នេះ​បើ​តាម​​ការ​លើក​ឡើង​​របស់​​លោក ​នួន ស័ក្ដចំរើនរិទ្ធ។ លោក​​មាន​ប្រសាសន៍​ថា “​ជន​ល្មើស​​បាន​ប្រើ​ក្រមា​ដើម្បី​រឹត​ក​ជនរងគ្រោះ​ឲ្យ​ស្លាប់ បន្ទាប់​មក​ក៏កាត់​ក្បាល​របស់​នាង​នឹង​​កាំបិត​”។ លោក​បាន​​បន្ថែម​​​​ថា បន្ទាប់​មក​ឈ្មោះ ឆាន់ ឆាយយ៉ា ​បាន​​​លើក​​​សាកសព​ចេញពី​បន្ទប់​លេខ​២០៩​​ទៅ​បន្ទប់​លេខ​៣០១ មុន​ពេល​​​​ឈប់​ស្នាក់​​នៅ​ ហើយ​នាំ​​​យក​ក្បាល​នារី​រងគ្រោះ​ទៅ​ជាមួយ​ខ្លួន​នៅ​​ល្ងាច​នោះ​។

​អធិការ​រង​​រូប​​នេះ​បាន​ឲ្យ​ដឹង​​​ទៀត​ថា បុរស​​​​​ម្នាក់​ទៀត​​ឈ្មោះ នឹប សិដ្ឋ​ ដែល​ជា​អ្នក​បើក​បរ​ឲ្យ​ក្រុមហ៊ុន​សំណង់​មួយ​របស់​ចិន ​បាន​ចុះ​ឈ្មោះ​ស្នាក់​នៅ​បន្ទប់​លេខ​៣០១​នៅ​ម៉ោង​ប្រហែល​១០​និង​៣០នាទីយប់ ហើយ​​បាន​ដេក​​​លើ​គ្រែ​​ដែល​​ឃាតករ​​បាន​លាក់​សាក​សព​ឥត​​ក្បាល​​របស់​ ឡែន សីលា ​នៅ​​ពីក្រោម​​ដោយ​មិន​​​ដឹង​​​សូម្បី​តែ​បន្តិច​។ អ្នក​ធ្វើ​អនាម័យ​ម្នាក់​​នៅ​ផ្ទះ​សំណាក់​នេះ​​បាន​ប្រទះឃើញ​សាក​សព​​​​នៅពេល​​ព្រឹក​ឡើង ហើយក៏​​​បាន​ប្ដឹង​​​ទៅ​នគរ​បាល​នៅ​ម៉ោង​៩ព្រឹក​​​​នាំ​ឲ្យ​កង​រាជអាវុធ​ហត្ថ​ចាប់​ខ្លួន​​បុរស​ឈ្មោះ នឹប សិដ្ឋ​។

​លោក​​បាន​បញ្ជាក់​ថា ក្រោម​ការ​សាកសួរ​នៅ​អធិការ​​ដ្ឋាន​នគរបាល​ក្រុង ឈ្មោះ ចាន់ ឆាយយ៉ា ​សារភាព​ថា ខ្លួន​ពិត​ជា​​បាន​សម្លាប់ ឡែន សីលា ​ប្រាកដ​មែន ហើយ​និយាយ​ថា ខ្លួន​បាន​​យក​ក្បាល​របស់​នារី​​រង​គ្រោះ​ក្នុង​បំណង​​​​យក​ទៅ​វត្ត​។

លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​​មាន​ប្រសាសន៍​ថា ឈ្មោះ ​​​​ចាន់ ​​​ឆាយយ៉ា និង​ នឹប សិដ្ឋ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​​សាលា​ដំបូង​ខេត្ត​កាលពី​ម្សិលមិញ ប៉ុន្តែ​មិនទាន់​​ត្រូវ​​បាន​ចោទ​ប្រកាន់​នៅ​ឡើយ​​ទេ៕ សុខុម​​

The post ​ចាប់​បាន​ជន​សង្ស័យ​​​​​ បន្ទាប់ពី​​ឃើញ​សព​នារីដាច់​ក្បាល​​​ក្នុង​ផ្ទះ​សំណាក់ appeared first on ខេមបូឌា ដេលី.