ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តសៀមរាប ៖ ការ​សម្លាប់​ដ៏​សាហាវយង់ឃ្នង​ដែល​បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា​រន្ធត់​ចិត្ត​នោះ គឺ​ការ​សម្លាប់​ដោយ​អារ​.​កកាត់​យក​ក្បាល​ស្ត្រី​ក្មេងស្រស់​ផូរផង់​ម្នាក់​ជា​អតីត​គូ​ដណ្តឹង ហើយ​យក​ក្បាល​ទៅ​ដុត តែ​ដោយសារ​ឈាម​ស្រែក​ស្បែក​ហៅ ជន​ដៃដល់​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ ស្រាវជ្រាវ​យ៉ា​ង​ដុតដៃដុតជើង រហូត​ឈាន​ដល់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់​ភ្លាម​ៗ ជា​បន្តបន្ទាប់ ខណៈ​ពេល​ជន​កំណាច​កំពុង​ដុត​ក្បាល​សព​ស្ត្រី​រង​គ្រោះ​នៅ​ខាងក្រោយ​ផ្ទះ​របស់​ខ្លួន និង​ម្នាក់​ទៀត​ឃាត់ខ្លួន​នៅ​ស្រុក​ស្រីស្នំ​ខេត្តសៀមរាប ។

ព័ត៌មាន​ពី​ការ​សម្លាប់​យ៉ាង​ឃោរឃៅ​នេះ​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ ធ្វើ​ឱ្យ​មនុស្ស​ម្នា​រាប់​សិប​នាក់ នាំ​គ្នា​មក​ឈរ​ចោមរោម​ពេញ​មុខ​ផ្ទះសំណាក់​យីហោ ប្រាសាទកែវ បង្ក​ឱ្យ​មានការ​កកស្ទះ​ចរាចរ​ផង​ដែរ ដោយសារ​តែ​ផ្ទះសំណាក់​នេះ​ហើយ ជា​កន្លែង​អារ​.​កកាត់​ក្បាល​ស្រី​ក្មេង ។

មន្ត្រី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ គឺ​នៅ​កន្លែង​ផ្សេង​គ្នា​កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ ដែល​ម្នាក់​ចាប់ខ្លួន​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ក្នុងភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​សៀមរាប និង​ម្នាក់​ទៀត​នៅ​ក្នុងភូមិ​ត្រុំ​ខាងជើង ឃុំ​ជ្រោយ​នាងនួន ស្រុក​ស្រីស្នំ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ថា កម្លាំង​ចម្រុះ​រួម​មាន ៖ នគរបាល​ចម្រុះ​កងរាជអាវុធហត្ថ​ក្រុង​ខេត្ត ដឹកនាំ​សម្របសម្រួល​ដោយ​លោក សំ​រិ​ទ្ធ សុ​ខុន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​តាម​សេចក្តីរាយការណ៍​ពី​ម្ចាស់ផ្ទះ​សំណាក់​ប្រាសាទកែវ ថា​មាន​ករណី​ឃាតកម្ម​អារ​.​ក​ស្ត្រី​ម្នាក់​នៅ​បន្ទប់​លេខ​៣០១​ជាន់​ទី​៣ ។

ប្រភព​បន្ត​ថា ក្រោយ​ពី​កម្លាំង​ចម្រុះ​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ រួច​នាំ​គ្នា​ឡើង​ទៅ​លើ​ដើម្បី​ត្រួតពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​ទៅ​លើ​សព ពិតជា​ត្រូវ​ឃាតករ​សម្លាប់​រួច​អារ​.​ក​យក​ក្បាល​ទៅ​បាត់ រួច​នាំ​គ្នា​រក​មើល​វត្ថុ​តាង​ដែល​អាច​មាន​បន្សល់​ទុក​នៅ​ជាប់​នឹង​ខ្លួន​សព​នារី​រង​គ្រោះ ប៉ុន្តែ​មិនឃើញ​ភស្តុ​តាង​អ្វី​នោះ​ទេ​ក្រៅពី​សព​អត់​ក្បាល និង​អាក្រាត​កាយ​ផ្នែក​ខាងលើ ។ ដោយសារ​តែ​ការ​សម្លាប់​នេះ​មាន​ចរិត​ព្រៃផ្សៃ ដាច់ខាត​ត្រូវ​វែកមុខ ទើប​កម្លាំង​ជំនាញ​បាន​សហការ​គ្នា​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជន​ដៃដល់​ភ្លាម​ៗ និង​បក្សពួក​ម្នាក់​ទៀត​ដែល​គេចខ្លួន​ទៅ​ស្រុក​ស្រីស្នំ ។

ប្រភព​បាន​បន្ថែម​ថា ជន​ដៃដល់​ឈ្មោះ ចាន់ ឆាយ​យ៉ា ហៅ​ភា​រ៉ាត់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​មុខរបរ​ភា្ន​ក់​ងារ​ទេសចរណ៍​ភាសា​ថៃ មាន​ទីលំនៅ​ភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​សៀមរាប បាន​សម្លាប់​និង​អារ​.​ក​ស្ត្រី​រង​គ្រោះ ឈ្មោះ ឡេ​ន សិលា អាយុ​២៤​ឆ្នាំ ត្រូវ​បាន​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ឃាត់ខ្លួន ។

ចំណែក​ម្នាក់​ទៀត​ឈ្មោះ ណិ​ប សិទ្ធ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ ជា​អ្នក​បើករថយន្ត​ឱ្យ​ក្រុមហ៊ុន​ចិន មានស្រុក​កំណើត​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្តកំពត ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ។ ស្ត្រី​រង​គ្រោះ​ដែល​ត្រូវ​សម្លាប់ រួច​កាត់​ក្បាល​យក​ទៅ​ដុត​នោះ​ឈ្មោះ ឡេ​ន សិលា មានមុខរ​បរជា​បុគ្គលិក​ភូមិ​វប្បធម៌ រស់នៅ​ភូមិ​ខ្នាត ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប ។ ប្រភព​បាន​បញ្ជាក់​ថា ក្រោយ​ពី​ឃាត់ខ្លួន ជន​ដៃដល់​បាន​សារភាព​នៅ​មុខ​សមត្ថកិច្ច​ថា ខ្លួន​ធ្លាប់​មាន​ប្រពន្ធ​កូន ប៉ុន្តែ​លែង​គ្នា​មិន​ទាន់​ដាច់ស្រេច​ទេ ហើយ​ខ្លួន​គេ​ពិតជា​បាន​សម្លាប់​អា​រក​ស្ត្រី​រង​គ្រោះ​អតីត​គូ​ដណ្តឹង​របស់​ខ្លួន​ពិតប្រាកដ​មែន ដោយសារ​ខឹង​នឹង​ម្តាយ​របស់​នាង​មិន​លើក​កូន​ឱ្យ ។ ជន​នេះ​បាន​សារភាព​ថា កាលពីមុន ខ្លួន​បាន​ចូល​ស្តីដណ្តឹង​ម្តង​ដែរ ប៉ុន្តែ​ខ្លួន​គ្មាន​ឯកសារ​គ្រប់គ្រាន់​ទើប​មិន​យក​នាង​ធ្វើ​ប្រពន្ធ​បាន ។ ជន​ដៃដល់​បាន​រៀបរាប់​បន្ត​ថា ក្រោយមក​ដោយសារ​មិន​បាន​រៀប​ការ​ជាមួយ​នាង​ក៏​មានគំនិត​គុំ​គួ​ន​តែ​ម្តង​។ បន្ទាប់​មក​រូបគេ​ក៏​បាន​ចូល​ទៅ​លេង​ក្នុងភូមិ​វប្បធម៌ ពេល​ឃើញ​នាង​កំពុងធ្វើការ​ក៏​ស្ទុះ​ទៅ​ចាប់​អោប​នាង​ពីក្រោយ ប៉ុនប៉ង​ថើប​តែ​នាង​មិន​ព្រម​ក៏​រើ​បំ​រៈ​ស្រែកហៅ​ឱ្យ​គេ​ជួយ ។ ដោយសារ​តែ​ការ​ចង់​ស្និទ្ធស្នាល​ជាមួយ​នាង​មិន​អាច​ទៅ​រួច​រឹតតែ​ខឹង​ខ្លាំង​រឿង​ជាមួយ​នាង ។

បន្ទាប​ពី​រូបគេ​មក​ស្នាក់​នៅផ្ទះ​សំណាក់​ប្រាសាទកែវ នៅ​ជាន់​ទី​៣​បន្ទប់​លេខ​២០៩ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​ថ្ងៃ​ទី​១២ កុម្ភៈ ក៏​បាន​ទូរស័ព្ទ​ទៅ​និយាយ​លួងលោម​ឱ្យ​នាង​មក ដេក​និយាយ​គ្នា​លេង ពេល​នោះ​នាង​ក៏​បាន​ឡើង​មក​ដូច​ការ​ណាត់​នៅ​ម៉ោង​១​និង​៤០​នាទី​រសៀល​ថ្ងៃខែ​ដដែល​មែន ។ ជន​ដៃដល់​បាន​រៀបចំ​សម្ភារ​សម្រាប់​ទុក​សម្លាប់​នាង​នោះ​រួច​ជា​ស្រេច ។ ជន​ដៃដល់​បាន​រៀបរាប់​បន្ត​ទៀត​ថា ក្រោយ​ពី​នាង​ឡើង​មក​ដល់​បន្ទប់​ផ្ទះសំណាក់​រូបគេ​បាន​និយាយ​លេង​ជាមួយ​នាង​រួច​ចាប់ផ្តើម​ធ្វើ​សកម្មភាព​ដោយ​យក​ក្រមា​និង​ទុយោ​ទឹក​រឹត​ក​នៅ​ក្នុង​បន្ទប់ទឹក​សម្លាប់​តែ​ម្តង ។ បន្ទាប់​ពី​នាង​ស្លាប់​ហើយ​នៅ​វេលា​ម៉ោងជាង​៩​យប់ ថ្ងៃ​ទី​១២ កុម្ភៈ រូបគេ​បាន​ចេញ​មក​ក្រៅ​រួច​ចុះ​ទៅ​ក្រោម ដើម្បី​ទិញ​កាំបិត ក៏​ឃើញ​អ្នក​ជិះ​កង់​សំលៀងកាំបិត​សុំ​ទិញ​បាន​ហើយ ក៏​ឡើង​មក​បន្ទប់​វិញ រួច​ចាប់​ក​នាង​អារ​តែ​ម្តង ។ ពេល​អារ​.​ក​ដាច់​ហើយ ក៏​យក​ភួយ​ពី​ក្នុង​បន្ទប់​លេខ​៣០១​មក​រុំ​សព រួច​យក​ចេញ​មក​ក្រៅ ទៅ​ដាក់​ក្រោម​គ្រែ​ក្នុង​បន្ទប់​លេខ​៣០១​របស់​អ្នកបើកបរ​រថយន្ដ ព្រោះ​ឃើញ​បើកទ្វារ​គ្មាន​មនុស្ស​នៅ រួច​ក៏​ដើរ​ចូល​មក​ក្នុង​បន្ទប់​ខ្លួនឯង​វិញ​ជូត​ឈាម និង​យក​សម្ភារ​និង​ក្បាល​ស្ត្រី​រង​គ្រោះ​ដែល​ដាច់​ដាក់​ចូល​ក្នុង​កាបូប​របស់​ខ្លួន ។

ជន​ដៃដល់​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​សម្លាប់​កាត់​ក្បាល​នាង​រួច​មក ក៏​បាន​យក​កាបូប​ដាក់​ខោអាវ ដោយ​ក្នុង​នោះ​មាន​ទាំង​ក្បាល​សព​ស្ត្រី​រង​គ្រោះ​នាំ​មក​ជាមួយ រួច​ចុះ​មក រក​ម៉ូតូឌុប​ជិះ​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃខែ​ដដែល ដើម្បី​ឱ្យ​ឌុ​ប​រូបគេ​ទៅ​ផ្ទះ នៅ​ភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ។

លុះ​នៅ​វេលា​ម៉ោង​៥​និង​៣៧​នាទី​ល្ងាច ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ពេល​ខ្លួន​កំពុង​ដុត​ក្បាល​សព​ស្ត្រី​រង​គ្រោះ ក៏​ឃើញ​សមត្ថកិច្ច​ចម្រុះ​ចូល​មក​ចាប់​រូបគេ យ​កម​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​តែ​ម្តង ។

ប្រភព​បាន​បន្ត​ថា ក្រោយ​ពី​សមត្ថកិច្ច​នាំ​ជនសង្ស័យ​ទាំង​២​នាក់​ទៅ​សាលាដំបូង​ខេត្ត នៅ​វេលា​ម៉ោងជាង​១១​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ កុម្ភៈ ប៉ុន្តែ​ត្រូវ​បាន​លោក សំ​រិ​ទ្ធ សុ​ខុន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បញ្ជា​ឱ្យ​យក​ជនសង្ស័យ​ឱ្យមក​ធ្វើ​សកម្មភាព​ដូចដែល​រូបគេ​បាន​សម្លាប់​អា​រក​ស្ត្រី​រង​គ្រោះ​នៅ​វេលា​មោ​៉​ង​២​និង​៣០​នាទី ដើម្បី​បង្ហាញ​ឱ្យ​មហាជន​ឃើញ​ទាំង​ក្នុង​កាសែត​និង​ទូរទស្សន៍​ផង​ដែរ ។ អ្វី​ដែល​បង្ក​ជា​ការ​កត់សម្គាល់​នោះ គឺ​ខណៈ​ពេល​នាំ​ជន​ដៃដល់​ទៅ​ធ្វើ​កាយវិការ​ក្នុង​បន្ទប់​ផ្ទះសំណាក់ ពេល​នាំ​ចុះ​មក​វិញ ពលរដ្ឋ​ដែល​កំពុង​ឈរ​ចាំ​មើល​នៅ​ក្រៅរបង​មុខ​ផ្ទះសំណាក់​ប្រាសាទកែវ​ដ៏​ច្រើន​កុះករ​នោះ បាន​ស្រែក​ទាមទារ​យក​ឃាតករ​កំណាច​នេះ​ទៅ​កាត់ទោស​ឱ្យ​សម​តាម​កំហឹង គឺ​គ្មាន​អ្វី​ក្រៅពី​ការ​វាយ​សម្លាប់​ក្រៅច្បាប់​នោះ​ទេ ។

ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ​នាំ​ខ្លួន​យក​ទៅ​សាលាដំបូង​ខេត្ត នៅ​វេលា​ម៉ោង​៤​និង​៤៥​នាទី ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា មក​ដល់​ម៉ោង​ជិត​៦​ល្ងាច​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប បញ្ជា​ឱ្យ​សមត្ថកិច្ច​បិទ​ផ្ទះសំណាក់​យីហោ ប្រាសាទកែវ បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ។

ចំពោះ​ជនសង្ស័យ​ម្នាក់​ដែល​ជា​អ្នកបើកបរ​រថយន្ត ដែល​សមត្ថកិច្ច​រក​ឃើញ​សព​នារី​រង​គ្រោះ​នៅ​ក្រោម​គ្រែ​បន្ទប់​របស់​ខ្លួន មិនដឹង​មានការ​ទាក់ទិន​និង​ការ​សម្លាប់​នេះ​ដែរ ឬ​បែប​ណា​នៅឡើយ​ទេ ។ ប៉ុន្តែ បើ​យោង​តាម​ការ​សារភាព​របស់​ជន​ដៃដល់ ជន​ទី​២​ដែល​បាន​ឃាត់ខ្លួន​អាច​នឹង​មិន​មានការ​ពាក់ព័ន្ធ​នោះ​ទេ ៕