ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស​២​នាក់​រង​របួសធ្ងន់ក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏២​ករណីផ្ទួន​គ្នា​​នៅ​កន្លែង​តែ​មួយ ​កាល​ពី​វេលា​ម៉ោង៩​និង​៣០​នាទីយប់​ថ្ងៃ​ទី​១៤ កុ​ម្ភៈ​ ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ​ស្ថិត​​ក្នុង​ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ​។​

​មន្ត្រី​​​នគរបាល​ចរាចរ​ណ៏ក្រុង​កំពង់ឆ្នាំង បាន​​ឱ្យ​ដឹង​ថា ​​មុន​ពេល​កើតហេតុ មាន​ជន​រង​គ្រោះ ឈ្មោះ យាំ អាយុ​២៥ឆ្នាំ ​ជា​ជាង​ផ្សារ​ដែក មានទី​លំនៅ​​ឃុំ​ពង្រ ស្រុក​រលាប្អៀរ ​​ជិះម៉ូតូ ម៉ាក​ហុងដា ពណ៌ខ្មៅ គ្មាន​ស្លាក​លេខ ​មួយ​គ្រឿង ​ពី​ត្បូង​ទៅ​​ជើង ​លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មានរថយន្តម៉ាក​កូ​រ៉ូ​ឡា ពណ៌​ខ្មៅ ​បើកបរ​ក្នុង​ដំណើរ​ស្រប​ទិស​គ្នា បាន​បត់​ឆ្វេង​កាត់មុខ​បណ្តាលឱ្យ​​ម៉ូតូ​បុក​​​ពេញទំហឹង ​​​ធ្វើ​​ឱ្យ​អ្នក​ជិះ​​ម៉ូតូរង​របួស​​ធ្ងន់​ ម៉ូតូ​និង​រថយន្ត​ខូចខាត​​ដូច​គ្នា ចំណែក​អ្នកបើកបរ​រថយន្ត​​រត់គេច​ខ្លួន​បាត់ ។

​ប្រភព​ដដែល​បាន​បន្ត​ថា ខណៈ​ពេល​សមត្ថកិច្ច​កំពុង​វាស់វែង និង​មាន​មនុស្ស​​​ចោមរោម​មើលគ្រោះថ្នាក់​ចរាចរ​ណ៏​​ខាង​លើ​ ស្រាប់តែ​មាន​រថយន្តកូរ៉េ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌ស ​​បើកបរ​ដោយ​ជន​ពុំ​ស្គាល់ឈ្មោះ ​​ពី​ជើង​ទៅ​ត្បូង ​​លុះ​មក​ដល់​ចំណុច​កើតហេតុ ​​ស្រាប់តែ​មាន​ម៉ូតូ​ម៉ួ​យ​គ្រឿង​ទៀតម៉ាកហុងដាឌ្រី​ម ​បើកបរ​ដោយយុវជន​ឈ្មោះ ខែ​ម សុខា អាយុ២៦ឆ្នាំ មាន​ទីលំនៅភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ​ក្នុង​ល្បឿ​លឿន​​ពី​ត្បូង​ទៅ​​ជើង ​បញ្ច្រាស​ទិស​គ្នា​​បុក​​ពេញទំហឹង បណ្តាល​ឱ្យ​​អ្នក​ជិះ​ម៉ូតូ
រង​របួសធ្ងន់ ​ចំណែករថយន្ត​កូរ៉េ​ ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​បាន​បើក​រត់​ជាង​១​គីឡូម៉ែត្រ​ទើបឈប់ ហើយ​អ្នកបើកបរ​​ចុះ​រត់​គេច​ខ្លួន​បន្សល់​ទុក​រថយន្ត​ចោល​ ។

​ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង២​នាក់​ ត្រូវ​បានរថយន្តដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ចំណែក​រថយន្ត​២​គ្រឿង និង​ម៉ូតូ​​​២​គ្រឿង ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​យក​ទៅ​រក្សា​ទុក​នៅអធិការដ្ឋាន​នគរបាលក្រុង​ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិ​វិធី ​៕