ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ខណៈ ជិះ​ម៉ូតូ​ឆ្លងផ្លូវ ក៏​ត្រូវ​រថយន្ត​បើក​លឿន​បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ កុម្ភៈ ២០១៦ ស្ថិត​នៅ​ខាងលិច​ផ្សារ​ទួល​ទំពូង តាម​បណ្តោយ​ផ្លូវ​លេខ​១៦៣ កែង​នឹង​ផ្លូវ​លេខ​៤៥០ ក្នុង​សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​សាន ទូច ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​ជាងដែក ស្នាក់​នៅ​ម្តុំ​វត្ត​ទួល​ទំពូង សង្កាត់​ទួល​ទំពូង​១ ខណ្ឌ​ចំការ​មន មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​តា​សេក ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្តកណ្ដាល ។

មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AF-5211 ជិះ​ឌុ​ប​គ្នា​តាម​បណ្តោយ​ផ្លូវ​លេខ​៤៥០ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច បាន​ជិះ​ឆ្លងផ្លូវ ពេល​មក​ដល់​ចំណុច​កើតហេតុ ដែល​ជា​ផ្លូវបែក​ជា​៤ ស្រាប់តែ​មាន​រថយន្ត​ម៉ាក​ហា​យ​ឡាក់​វី​ហ្គោ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2M-8419 ជា​របស់​ក្រុមហ៊ុន​ណ​យ​យ៉ា​គង គ្រុប បើកបរ​ក្នុង​ល្បឿន​លឿន តាម​បណ្តោយ​ផ្លូវ​លេខ​១៦៣ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក៏​ជ្រុល​ទៅ​បុក​និង​ម៉ូតូ​ពេញទំហឹង ប៉ើង​អូស​ជាង​១០​ម៉ែត្រ បណ្តាល​ឱ្យ​បុរស​ម្នាក់ ជា​អ្នក​ឌុ​ប​បោក​ក្បាល​នឹង​ខឿន​ចិញ្ចើម​ផ្លូវស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួស​បាក់ជើង​ស្តាំ​ត្រូវ​បាន​រថ​យន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត  ។

ភ្លាម​ៗ​នោះ រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​ព្យាយាម​គេចខ្លួន រហូត​ដល់​មុខ​ផ្ទះ​លេខ​៥២H ផ្លូវ​៤៥៤ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការ​មន​ ​​បាន​ទុក​រថយន្ត​ចោល រួច​ម្ចាស់​គេចខ្លួន​បាត់ ។