អគ្គនាយកគយ និង រដ្ឋាករកម្ពុជា ប្រជុំទ្វេភាគី ជាមួយរដ្ឋបាលគយថៃ

ភ្នំពេញ ៖ គណៈប្រតិភូ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹកនាំដោយ លោកបណ្ឌិត គុណ ញឹមអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានទៅចូលរួមប្រជុំទ្វេភាគី ជាមួយរដ្ឋបាលគយថៃ ដែលបានប្រព្រឹត្ត ទៅពីថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីក្រុងហួហីន នៃព្រះរាជាណាចក្រថៃ ។

គោលបំណង សំខាន់ នៃកិច្ចប្រជុំនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជួយគ្នាទៅវិញ ទៅមកក្នុងកិច្ចការគយ ។ កិច្ចប្រជុំនេះក៏បានពិនិត្យ និងពិភាក្សាចំណុចពាក់ព័ន្ធនឹងការងារគយ ដែលមានចែងក្នុងសេចក្តីថ្លែងការណ៍ រួមនៃកិច្ច ប្រជុំគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃលើកទី២ ក្រោមប្រធានបទ “ភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព”ដែលបានប្រព្រឹត្តទៅនៅទីក្រុងបាងកក ពីថ្ងៃទី១៨-១៩ ខែធ្នូ ឆ្នាំ២០១៥។

អង្គប្រជុំបានឯកភាពលើចំណុចសំខាន់ៗ នៃកិច្ចសហប្រតិបត្តការ រវាងរដ្ឋបាលគយ នៃប្រទេសទាំង២ ដូចខាងក្រោម៖

-បង្កើតចំណុចទំនាក់ទំនង សម្រាប់ផ្លាស់ប្ដូរព៌ត័មាន រវាងរដ្ឋបាលគយទាំងពីរ

-ចាត់តាំងមន្ត្រីគយ ឲ្យចូលរួមក្នុងក្រុមការងារជាតិ ឬក្រុមការងារចម្រុះ ក្នុងការរៀបចំអនុវត្តច្រកអន្តរជាតិថ្មី ស្ទឹងបត់-ណងអៀន ជាពិសេសការបង្កើតនិងអនុវត្ត “ការត្រួតពិនិត្យបញ្ជរតែមួយ” និង “ទីលានត្រួតពិនិត្យរួម” (Single Stop Inspection and Common Control Area) ស្របតាមកិច្ចព្រមព្រៀងមហាអនុតំបន់មេគង្គ

-ត្រៀមធនធានមនុស្សនិងនីតិវិធី គ្រប់គ្រងទំនិញ និងអ្នកដំណើរឆ្លងកាត់ព្រំដែន ដោយរថភ្លើង (ឆ្លើយតបនឹង គម្រោងតភ្ជាប់ផ្លូវដែក ភ្នំពេញ-បាងកក នៅចុងឆ្នាំ២០១៦នេះ) ។ ភាគីគយថៃ បានឯកភាពចែករំលែកបទ ពិសោធការគ្រប់គ្រងទំនិញនិងអ្នកដំណើរឆ្លងកាត់ព្រំដែនរវាងថៃនិងម៉ាឡេស៊ី

-ជំរុញកិច្ចសហការលើការងារបង្កើតនិងពង្រីក “កម្មវិធីលើកទឹកចិត្តពាណិជ្ជករល្អបំផុត” និង “ប្រតិបត្តិករ សេដ្ឋកិច្ច មានការអនុញ្ញាត” (Best Traders Incentives Program and Authorized Economic Operators) ក្នុងការផ្ដល់ប្រព្រឹត្តកម្មពិសេសសម្រួលដល់ការធ្វើអាជីវកម្មនិងពាណិជ្ជកម្ម

-ពង្រឹងកិច្ចសហការក្នុង ការទប់ស្កាត់និងបង្រ្កាបអំពើរត់ពន្ធ ជាពិសេសការគ្រប់គ្រងទំនិញឆ្លងកាត់ (ទំនិញនាំ ចូលមកកម្ពុជា ដោយប្រើប្រាស់របបគយឆ្លងកាត់ប្រទេសថៃ)

-ចំពោះវិស័យកសិកម្ម ភាគីទាំងពីរបានយល់ព្រមឱ្យមានកិច្ចប្រជុំពិភាក្សាបន្ថែមទៀតរវាងរដ្ឋបាលគយ និង ស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀតនៃប្រទេសទាំងពីរ។ ទន្ទឹមនេះ ភាគីថៃក៏បានឯកភាពលើសំណើ របស់ភាគីកម្ពុជាក្នុងការសម្រួលការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ប្រទេសទីបីដែលឆ្លងកាត់ទឹកដីថៃ

-បានឯកភាពកំណត់កិច្ច ប្រជុំឲ្យបានទៀងទាត់ ទាំងកម្រឹតអគ្គនាយកដ្ឋាន ក៏ដូចជាកម្រឹតអង្គភាពគយខេត្ត /តំបន់នៅតាមព្រំដែននៃប្រទេសទាំងពីរ ។

ដើម្បីពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាព ភាគីទាំងពីរបានឯកភាព រៀបចំសេចក្ដីព្រាង “អនុស្សារណៈស្ដីពីកិច្ចសហប្រតិបត្តការទ្វេភាគី និងជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ” ហើយគ្រោងនឹងចុះហត្ថលេខានៅក្នុងកិច្ចប្រជុំអគ្គនាយកគយអាស៊ាន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥-២៧ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុងភ្នំពេញ ។ គួរបញ្ជាក់ថា យោងតាមលំដាប់អក្ខរក្រម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងត្រូវធ្វើជាប្រធាន នៃកិច្ចប្រជុំអគ្គនាយកគយអាស៊ាននៅឆ្នាំ២០១៦នេះ  ៕

អគ្គនាយកគយ និង រដ្ឋាករកម្ពុជា ប្រជុំទ្វេភាគី ជាមួយរដ្ឋបាលគយថៃ

អគ្គនាយកគយ និង រដ្ឋាករកម្ពុជា ប្រជុំទ្វេភាគី ជាមួយរដ្ឋបាលគយថៃ