ហេតុអ្វី​មន្ត្រី​ស្ថានទូត​ខ្មែរ​មិន​ទទួល​លិខិត​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​?

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៦ សមាជិក​ព្រឹទ្ធសភា​អាមេរិក​ចំនួន​៧​រូប បាន​សរសេរ​លិខិត​ទាមទារ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ពិនិត្យឡើងវិញ​នូវ​ការអនុវត្ត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​បញ្ជាក់ថា​សហរដ្ឋអាមេរិក​បន្ត​តាមដាន​ស្ថានការណ៍​នៅ​កម្ពុជា​ដោយ​យកចិត្តទុកដាក់​។ សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាំង​៧​រូបនោះ​រួមមាន លោក គ្រីស្តូហ្វ័រ មឺ​រ​ហ្វឺ​, លោក រី​ឆាត ប្លូ​មេន​ថា​ល​, លោកស្រី អេ​មី ក្លូ​ប៊ូ​ឆា​, លោក អាល់ ហ្វ្រេ​ង​កេ​ន​, លោកស្រី ម៉ា​រី​យ៉ា ខាន់​វែ​ល​, លោក ស្ហែ​ល​ដិ​ន វ៉ា​យ​ហៅ​ស៍ និង​លោកស្រី អេ​លីហ្សា​បែ​ត វ័រ​រេ​ន​។ ប៉ុន្តែ​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​ឌី​ស៊ី មិន​ទទួលយក​លិខិត​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាំង​៧​រូប​នោះទេ ហើយ​បញ្ជូន​លិខិត​ទៅ​ម្ចាស់​ដើម​វិញ​។

ទង្វើ​របស់​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​ឌី​ស៊ី មិន​ទទួលយក​លិខិត​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាំង​៧​រូប ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​ពី​មជ្ឈដ្ឋាន​នានា ក្នុងខណៈដែល​ពលរដ្ឋ​ខ្មែរ​-​អាមេរិកាំង​មួយចំនួន​ត្រៀម​ធ្វើបាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន ផងដែរ​។ អ្នកវិភាគ​មួយចំនួន​បាន​លើកឡើងថា បើទោះបី​មន្ត្រី​ស្ថានទូត​ខ្មែរ​មិន​ទទួលយក​លិខិត​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​៧​រូប​ផ្ញើ​ទៅ​លោក ហ៊ុន សែន យ៉ាងណាក៏ដោយ​ក៏​ខ្លឹមសារ​នៅ​លិខិត​នោះ​ត្រូវបាន​បង្ហាញ​ជា​សាធារណៈ​រួចទៅហើយ​។ លើស​នេះ​ទៅទៀត​ទង្វើ​របស់​មន្ត្រី​ស្ថានទូត​ខ្មែរ​បាន​បង្ហាញថា ពួកគេ​ខ្វះ​ការទទួលខុសត្រូវ​ក្នុងការ​ផ្ដល់ដំណឹង​ទៅ​មេដឹកនាំ​ខ្លួន​តាម​នីតិវិធី​។

នៅក្នុង​លិខិត​ចុះ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៦ សមាជិក​ព្រឹទ្ធសភា​ទាំង​៧​រូប​បាន​ប្រាប់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​ពួកគេ​គាំទ្រ​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក កាលពី​ខែធ្នូ ឆ្នាំ​២០១៥ បានទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​តំណាងរាស្ត្រ​គណបក្សប្រឆាំង បាន​វិលត្រឡប់​ចូល​ស្រុក​វិញ​ដោយ​គ្មាន​ការភ័យខ្លាច​ពី​ការចាប់ខ្លួន​និង​ធ្វើទុក្ខបុកម្នេញ​។ ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​គណបក្សប្រឆាំង គឺ​លោក មា​ជ សុវណ្ណារ៉ា ដែលមាន​សញ្ជាតិ​អាមេរិកាំង ពី​ការ​ឃុំឃាំង​ព្រមទាំង​សុំ​ឲ្យ​បញ្ចប់​ការដណ្ដើម​ដីធ្លី​ទាំង​បង្ខំ​ពី​ប្រជាពលរដ្ឋ និង​ឲ្យ​ផ្តន្ទាទោស​ជន​ដែល​ប្រព្រឹត្ត​អំពើ​ទាំងនោះ​។ ដូច្នេះ​បើទោះបី​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន មិន​ទទួលយក​លិខិត​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាំង​៧​រូប​យ៉ាងណាក៏ដោយ ក៏​ខ្លឹមសារ​នៃ​លិខិត​នោះ​ត្រូវបាន​គេ​ដឹងឮ​ពេញ​ពិភពលោក​រួចទៅហើយ​៕

12729046_599969633486260_623247321324838491_n 803e2de3-7de5-4ea9-ac47-e0a6b5ba4469