ទាហាន​ស័ក្តិ​២​មេខ្លោង​ប្លន់​ផ្ទះ​លក់​គ្រឿងទេស

ទាហាន​ស័ក្តិ​២​មេខ្លោង​ប្លន់​ផ្ទះ​លក់​គ្រឿងទេស

ខេត្តកណ្តាល ៖ ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​៣​នាក់ ក្នុង​នោះ​មាន​ទាហាន​សក្តិ​២​ម្នាក់​ជា​មេខ្លោង​ត្រូវ​បាន​នគរបាល​ខេត្តកណ្ដាល ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ ចាប់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ បន្ទាប់​ពី​បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​លក់​គ្រឿងទេស​មួយ កាលពី​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៣១ មក​រា ចុងខែ​កន្លង​មក​នៅ​ភូមិ​តា​គោក ឃុំ​ឈ្វាំង ស្រុក​ពញាឮ ដោយ​ប្រមូល​យក​លុយ និង​គ្រឿងអលង្ការ មាន​តម្លៃ​សរុប​ប្រមាណ១​ម៉ឺន​ដុល្លារ ។

មន្ត្រី​នគរបាល​ខេត្តកណ្ដាល​បានឱ្យ​ដឹង​ថា​ជនសង្ស័យ​ជា​ចោរប្លន់​ដែល​បាន​ចាប់ខ្លួន​មាន​ទី​១-​ឈ្មោះ សេង ដា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​កម្មករ​សំណង់ ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១០   កុម្ភៈ​។ ទី​២-​ឈ្មោះ ទ្រី សុ​ឃី​ម ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​ព្រូឡាន ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៩ កុម្ភៈ ទី​៣-​ឈ្មោះ មាន វាសនា ហៅ​ជៀស ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​ទាហាន​បម្រើ​ការងារ​នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ស្ពឺ មាន​ឋានន្តរសក្តិ​អនុសេនីយ៍ទោ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ​។ អ្នក​ទាំង​៣ មាន​ទីលំនៅ​ភូមិ​ស្លែង ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ។

ក្រោយ​ពី​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​មក នគរបាល​បាន​ដកហូត​យក កាំភ្លើង​ AK ​មួយ​ដើម កាំភ្លើងខ្លី ២​ដើម និង​គ្រាប់កាំភ្លើង​មួយ​ចំនួន ដែល​ពួក​គេ​ទាំង​៣​នាក់​ប្រើប្រាស់​ធ្វើ​សកម្មភាព​ប្លន់ ជា​របស់​ឈ្មោះ មាន វាសនា ហៅ​ជៀស ជា​យោធា រួម​និង​សម្ភារ លុយកាក់ បន្តិចបន្តួច​និង​គ្រឿងអលង្ការ​មិន​គ្រប់​ចំនួន​ទេ មក​វិញ ។

បើ​យោង​តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ​សេង ដា គឺ​ពិតជា​បាន​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន និង​ប្រមូល​យក​បាន​លុ​​យ​និង​គ្រឿងអលង្ការ មាន​តម្លៃ​យក​ទៅ​ចែក​គ្នា ។ ពួក​គេ​សារភាព​ថា មុន​ពេល​ធ្វើ​សកម្មភាព​ពួក​គេ​ទាំងអស់​គ្នា​បាន​តាម​ឃ្លាំមើល​ផ្ទះ​ជន​រង​គ្រោះ ដែល​នៅ​ក្នុងភូមិ​ជាមួយ​គ្នា និង​បាន​បបួល​គ្នា​រៀបចំ​ផែនការ​ប្លន់​តែ​ម្ដង ។

ចោរ​សារភាព​ទៀត​ថា មុន​ពេល​ធ្វើ​សកម្មភាព​ប្លន់​៣​ថ្ងៃ បក្សពួក​ទាំង​៣​នាក់ បាន​ជួប​គ្នា​នៅ​មុខ​ខ្លោងទ្វារវត្ត​ស្លែង និយាយ​គ្នា ពិនិត្យ​ស្ថានភាព​ផ្ទះ​ឈ្មោះ ព្រីង ស៊ិ​ន (​ជន​រង​គ្រោះ​) ដោយ​ឈ្មោះ សេង ដា បាន​សួរ​ទៅ​ឈ្មោះ ទ្រី សុ​ឃី​ម ថា ផ្ទះ​យាយ សី​ុ​ន បិទ​ភ្លើង​ម៉ោង​ប៉ុន្មាន ? ឈ្មោះ ទ្រី សុ​ឃី​ម បាន​ឆ្លើយ​ថា បិទ​ម៉ោង​៩​ទៅ​១០​យប់ ។ បន្ទាប់​មក​សួរ​បន្ត​ទៀត​ថា ថ្ងៃអាទិត្យ​ទី​៣១ មក​រា ទំនេរ​ដែរ​ឬ​អត់ ? ឈ្មោះ ទ្រី សុ​ឃី​ម ឆ្លើយ​ថា ទំនេរ បើ​អ៊ី​ចឹ​ង​អ្ហែង​ទៅ​ប្លន់​អត់ ? ពេល​នោះ​ឈ្មោះ មាន វាសនា ហៅ​ជៀស ក៏​និយាយ​ថា បើ​អ្ហែង​អត់​ទៅ អញ​បាញ់​ចោល ។ ឈ្មោះ ទ្រី សុ​ឃី​ម បាន​និយាយ​ទាំង​ភ័យ​ថា ទៅ​... ។  រួច​បន្ទាប់​មក​មុន​ពេល បែក​គ្នា ឈ្មោះ សេង ដា បាន​ប្រាប់​ឈ្មោះ ទ្រី សុ​ឃី​ម ថា ល្ងាច​ថ្ងៃអាទិត្យ​ម៉ោង​៦​ល្ងាច មក​ចាំ​អញ​នៅ​ខ្លោងទ្វារវត្ត​ស្លែង​ចាំ​អញ​មក​យក បន្ទាប់​មក​ឈ្មោះ សេង ដា បាន​ជិះ​ម៉ូតូឌុប ឈ្មោះ មាន វាសនា ហៅ ជៀស​ទៅ​ផ្ទះ​វិញ​នៅ​តាម​ផ្លូវ​បាន​សួរ​ឈ្មោះ មាន វាសនា ហៅ​ជៀស ថា បង​ឯង​មាន​កាំភ្លើង​ទេ ? ឈ្មោះ មាន វាសនា បាន​ឆ្លើយ​ថា មាន​២​ដើម វែង​១ ខ្លី​១ ។ 

ដំណើររឿង​ប្លន់​សារភាព​ថា លុះដល់​ថ្ងៃអាទិត្យ​ទី​៣១ មក​រា ២០១៦ វេលា​ម៉ោង​ប្រហែល​៥​ល្ងាច ឈ្មោះ សេង ដា​បាន​ជិះ​ម៉ូតូ​មក​ជួប​ឈ្មោះ មាន វាសនា ហៅ ជៀស នៅ​ម្ដុំ​ខាងត្បូង​ភូមិ​តា​គោក ផ្លូវ​ឡើង​ទៅ​ភ្នំ​ប្រសិទ្ធិ ។ ពេល​នោះ​ឈ្មោះ មាន វាសនា ជិះ​ម៉ូតូ​C125 ស៊េរី ២០១១ តែ​ម្នាក់ឯង ដោយ​មាន​ស្ពាយ​សាក់​កាដូ​ពណ៌​ខ្មៅ​វែង ។ ពេល​ជួប​គ្នា​រួច ឈ្មោះ សេង ដា បាន​ប្រាប់​ឈ្មោះ មាន វាសនា ឲ្យ​ទៅ​ចាំ​នៅ​ផ្លូវ​រទេះគោ​ក្បែរ​គុម្ព​ឫស្សី​ខាងត្បូង​ផ្ទះ​ឈ្មោះ ព្រីង ស៊ិន ប្រហែល​៣០០​ម៉ែត្រ ។ ឈ្មោះ សេង ដា បាន​ជិៈ​ម៉ូតូ​ទៅ​យកឈ្មោះ ទ្រី សុ​ឃី​ម នៅ​មុខ​វត្ត​ស្លែង ហើយ​មក​ជួប​ឈ្មោះ មាន វាសនា ហៅ​ជៀស នៅ​កន្លែង​ណាត់​ផ្លូវ​រទេះគោ ។

ពេល​មក​ដល់​បាន​នាំ​គ្នា​យក​ម៉ូតូ​ទាំង​២​ទៅ​លាក់​ទុក ក្បែរ​គុម្ព​ឫស្សី ។ ឈ្មោះ មាន វាសនា បាន​បើក​សាក់​កាដូ​យក​កាំភ្លើង​២​ដើម វែង​១ ខ្លី​១ ដោយ​ឈ្មោះ សេង ដា កាន់​កាំភ្លើងខ្លី ពាក់មួក​កាតឹប​ខ្មៅ ឈ្មោះ មាន វាសនា កាន់​កាំភ្លើង​វែង ពាក់មួក​សុវត្ថិភាព​ពណ៌​ក្រហម ។  ឯ​ឈ្មោះ ទ្រី សុ​ឃី​ម កាន់ដំបង​ឫស្សី ១​កំណាត់ ពាក់មួក​សុវត្ថិភាព ពណ៌​ខ្មៅ បាន​នាំ​គ្នា​ដើរ​សំដៅ​ទៅ​ផ្ទះ​ជន​រង​គ្រោះ ។

ពេល​ទៅ​ដល់​បាន​ឈប់​នៅ​តារាង​បាល់ មាន​ដើម​ត្នោត មុខ​តូប​លក់​គ្រឿងទេស​រង់ចាំ​មើល ៣​ទៅ​៤​នាទី ទើប​សម្រុកចូល​ធ្វើ​សកម្មភាព ដោយ​ឈ្មោះ សេង ដា ភ្ជង់​កូនស្រី​ជន​រង​គ្រោះ​ឈ្មោះ តេ​ង រ៉ា​ន់ ផ្ទប់​នឹង​គ្រែ​ពូក  ។  ឈ្មោះ មាន វាសនា បាន​អា​មេ​កាំភ្លើង​ចុះឡើង​គំរាម ។ ឈ្មោះ ទ្រី សុ​ឃី​ម កាន់ដំបង​ឫស្សី គម្រាម​ជន​រង​គ្រោះ​ថា មានអី​ដោះ​ហ្នឹង​មក បើ​មិន​ដោះ​បាញ់​ចោល​ទាំងអស់ ហើយ​ជន​រង​គ្រោះ​មានការ​ភ័យ​ខ្លាច​ក៏​បាន​ដោះ​ក្រវិល​ឲ្យ តែ​ឈ្មោះ ទ្រី សុ​ឃី​ម បាន​រើ​កកាយ​យក​បាន កាបូប​ពណ៌​ផ្កាឈូក មាន​ដៃ​យួរ​ដែល​ជន​រង​គ្រោះ​បាន​ដាក់​គ្រឿងអលង្ការ​ក្នុង​នោះ ។

ចោរប្លន់​បាន​សារភាព​ថា បន្ទាប់​មក​បាន​នាំ​គ្នា​រត់គេច​ខ្លួន​មក​រក​កន្លែង​លាក់​ម៉ូតូ ដោយ​ឈ្មោះ​មាន វាសនា បាន​ប្រមូល​កាំភ្លើង​យក​មក​ទុក​ក្នុង​សាក់​កាដូ ហើយ​នាំ​គ្នា​ជិៈ​ម៉ូតូ មក​ផ្ទះ​របស់​ខ្លួន​នៅ​ភូមិ​ព្រៃ​គោក ឃុំ​ឈ្វាំង ស្រុក​ពញាឮ ។ ពេល​ចូល​ដល់​ក្រោមផ្ទះ បាន​នាំ​គ្នា​បើក​មើល​សម្ភារ​ដែល​ប្លន់​បាន​មាន​លុយ​៩០០​ដុល្លារ លុយ​ខ្មែរ​៤០​ម៉ឺន​រៀល ចិញ្ចៀន​៤​វង់ ខ្សែ​ក​២​ខ្សែ ខ្សែដៃ​២​ខ្សែ ក៏​បាន​ចែក​គ្នា ដោយ​ឲ្យ​ឈ្មោះ សេង ដា ចំនួន​៥០០​ដុល្លារ ចែក​ឲ្យ​ឈ្មោះ ទ្រី សុ​ឃី​ម ចំនួន​១០​ម៉ឺន​រៀល ។ ឈ្មោះ សេង ដា បាន​សួរ​ឈ្មោះ មាន វាសនា​ថា ចំណែក​ខ្ញុំ​បាន​តិច​ម្ល៉េះ ? ឈ្មោះ មាន វាសនា គម្រាម​ថា ឲ្យ​ប៉ុណ្ណឹង​ហើយ ចង់បាន​ប៉ុន្មាន​ទៀត ប្រយ័ត្ន​អញ​បាញ់​ចោល  បន្ទាប់​មក​បាន​នាំ​គ្នា​ដេក​នៅ​លើ​គ្រែ​ក្រោមផ្ទះ ។ 

ចោរ​សារភាព​ទៀត​ថា ព្រឹក​ឡើង​ម៉ោង​៦ ឈ្មោះ សេង ដា បាន​ឌុ​ប​ឈ្មោះ ទ្រី សុ​ឃី​ម ត្រឡប់​មក​ផ្ទះ​វិញ មុន​ចេញដំណើរ​ឈ្មោះ មាន វាសនា បាន​គំរាម​ថា បើ​ពួក​អ្ហែង​និយាយ​ប្រាប់​ប៉ូ​លី​ស អញ​បាញ់​ចោល​មួយ​គ្រួសារ ។

បន្ទាប់​ពី​សួរ​យក​ចម្លើយ​ហើយ​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ ហើយ​ត្រូវ​បាន​ចៅក្រម​សម្រេច​កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ ចោទប្រកាន់​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយ​ប្រព្រឹត្ត​អំពើ​ហិង្សា  និង​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកណ្ដាល រួច​ហើយ​ដែរ ៕