«រ៉ូស្ស៊ី ទទួល​បរាជ័យ​ក្នុង​ការ​សង្គ្រោះ​ប្រធានាធិបតី​ស៊ីរី»


រដ្ឋមន្ត្រីការបរទេស របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត លោក អាឌែល អាល់-ហ្សូបេអៀ (Adel al-Jubeir) បាន​ប្រមើល​មើល ពី​បរាជ័យ​របស់​ការ​ខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលក្រុង មូស្គូ ក្នុងការជួយសង្គ្រោះ​ប្រធានាធិបតី នៃ​ប្រទេស​ស៊ីរី។
«រ៉ូស្ស៊ី ទទួល​បរាជ័យ​ក្នុង​ការ​សង្គ្រោះ​ប្រធានាធិបតី​ស៊ីរី»

លោក បាឆារ អាល់-អាសាធ ប្រធានាធិបតីនៃប្រទេសស៊ីរីសព្វថ្ងៃ។ (រូបថតឯកសារ)

ប្រទេសស៊ីរី បានធ្វើការអំពាវនាវ ទៅកាន់ប្រទេសរ៉ូស្សី ខណៈប្រទេស​មហាអំណាចមួយនេះ នឹងមិនទទួល​បាន​ជោគជ័យឡើយ ក្នុងការជួយសង្គ្រោះលោក បាឆារ អាល់-អាសាធ (Bachar al-Assad - ប្រធានាធិបតី​របស់​ប្រទេស​ស៊ីរី)។ នេះជាការអះអាងឡើង របស់លោក អាឌែល អាល់-ហ្សូបេអៀ រដ្ឋមន្ត្រីការបរទេស របស់​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្នុងរាជធានី រីយ៉ាដ (Ryad) កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​ម៉ិញ។

មិនត្រឹមតែប្រទេសរ៉ូស្ស៊ីនោះទេ តែលោក ហ្សូបេអៀ បានថ្លែងបញ្ជាក់ទៀតថា បើសូម្បីប្រទេសអៀរ៉ង់ ក្រុម​ហេសបូឡា (Hezbollah) នៅប្រទសេលីបង់ និងក្រុមអ្នកគាំទ្រលោក អាល់-អាសាធ មកពីប្រទេស​ជុំវិញ​ដទៃ​ទៀត ក៏ទទួលបរាជ័យដែរ។ លោករដ្ឋមន្ត្រីបានបន្ថែមថា៖ «ជារឿងមិនអាចទៅរួចទេ ដែលបុរសម្នាក់នេះ (លោក អាសាធ ប្រធានាធិបតីស៊ីរី) ស្ថិតក្នុងអំណាចតទៅទៀត»។

ប្រទេសអារ៉ាប៊ីសាអ៊ូឌីត មាននយោបាយគាំទ្រក្រុមប្រឆាំង នឹងរបបរបស់លោក បាឆារ អាល់-អាសាធ ដែល​បានកាន់អំណាចជាប្រធានាធិបតី នៅប្រទេសស៊ីរី បន្តពីឪពុកលោក នៅឆ្នាំ២០០០កន្លងមក។ លោក ហាហ្វេស អែល-អាសាធ (Hafez el-Assad) ដែលជាឪពុករបស់លោក អាល់-អាសាធ បានកាន់អំណាច​តាំង​ពីឆ្នាំ១៩៧១ រហូតលោកធ្វើមរណភាព ក្នុងឆ្នាំ២០០០។

រដ្ឋមន្ត្រីការបរទេស របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានថ្លែងបន្តទៀតថា៖ «ជារឿងដែលមិនអាចទៅរួច ដែល​បុរស​ម្នាក់ ដែលជាអ្នកទទួលខុសត្រូវ ធ្វើឲ្យប្រជាជនស៊ីរី ៣០០ ០០០នាក់ស្លាប់ និងប្រជាជនជាង​១២លាន​នាក់ រត់ភៀសខ្លួន បូករួមទាំងការបំផ្លិចបំផ្លាញ ទៅលើប្រទេសរបស់ខ្លួនរបៀបនេះ អាចស្ថិតនៅក្នុងកៅអី ជា​ប្រធានាធិបតី​តទៅទៀត»។

លោក ហ្សូបេអៀ បានប្រកាសបន្ថែមថា៖ «ការចាកចេញរបស់លោក អាសាធ ត្រូវតែធ្វើទៅមុខ គ្រាន់តែមុន​និង​ក្រោយប៉ុណ្ណោះ។ របបរបស់គាត់នឹងដួលរលំ ហើយនឹងបើកទំព័រសករាជថ្មី សម្រាប់ប្រទេសស៊ីរី ដែលគ្មាន បាឆារ អាល់-អាសាធ។»៕