“ការងារ​សង្គម” ជា​ទីផ្សារ​ដ៏សំខាន់​មួយ​ជួយ​ឱ្យ​ក្រុមហ៊ុន​មាន​មុខមាត់​ល្អ

“ការងារ​សង្គម” ជា​ទីផ្សារ​ដ៏សំខាន់​មួយ​ជួយ​ឱ្យ​ក្រុមហ៊ុន​មាន​មុខមាត់​ល្អ

ឆ្លើយ​សំណួរ​របស់ Sabay ថា​តើ​គួរ​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​ក្រុមហ៊ុនមួយ​​រីកចម្រើន​បាន​ លោក សេង ពិសិដ្ឋ បាន​លើក​ឡើង​​ថា ការ​យក​ចិត្ត​ទុកដាក់ និង​ដោះស្រាយ​បញ្ហា​របស់​អតិថិជន ការកសាង​កេរ្តិ៍ឈ្មោះ ទំនុកចិត្ត ទីផ្សារជាដើម ជា​ចំណុច​ចម្បងដែល​ម្ចាស់​ក្រុមហ៊ុន​ត្រូវ​គិតគូរ។ ជ្រុង​មួយ​នៃ​ទីផ្សារ​ លោក​ថា ការងារ​​សង្គម ជា​ទីផ្សារ​មួយ​សំខាន់​​ដែរ ​ដែល​ជួយ​​ឱ្យ​ក្រុមហ៊ុន មាន​ប្រជាប្រិយភាព និង​មានមុខ​មាត់​ល្អ​។ យ៉ាងណា​​ការ​​លើកឡើង​​របស់​លោកមិន​បាន​ន័យ​ថា​ យក​សង្គម​ជា​ឈ្នាន់​នោះទេ គឺត្រូវ​​ធ្វើ​ឡើងទៅ​​​តាម​លទ្ធភាព និង​​ចេញ​ពី​ចិត្ត​ ដើម្បី​​អភិវឌ្ឍ​សង្គម​ឱ្យ​រីកចម្រើន។

 

“ការងារ​សង្គម” ជា​ទីផ្សារ​ដ៏សំខាន់​មួយ​ជួយ​ឱ្យ​ក្រុមហ៊ុន​មាន​មុខមាត់​ល្អ

 

នាយក​ប្រតិបត្តិ​​នៃ​ក្រុមហ៊ុន ASNUSSA Event Planing រូប​នេះ​បន្ថែម​ថា មិន​ខុស​ពី​ការ​​ពិត​មួយដែល​​ថា​ សង្គម​​ចូលចិត្ត​​មនុស្ស​ល្អ ហើយ​សង្គម​​​​ក៏​ចូលចិត្ត​ក្រុមហ៊ុន​ល្អ​ដែរ។

 

“​ត្រឹមត្រូវ…យើង​មិន​ខ្វល់​ថា​ក្រុមហ៊ុននោះ​ចំណេញ​លុយ ឬ​យ៉ាងណា​ទេ​ឱ្យ​តែ​សុចរិត។ បើ​យើង​ឃើញ​​​ក្រុមហ៊ុន​ណាមួយ​តែង​​ជួយ​សង្គម ចេះ​ឈឺឆ្អាល ជួយ​សហគមន៍​ ជួយ​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​​​​រីកចម្រើន​ ចង់​មិន​ចង់ ​យើង​ក៏​ចូលចិត្ត​ ជា​ជាង​ក្រុមហ៊ុន​​ ដែល​គិត​តែ​ពី​ផល​ចំណេញផ្ទាល់​ខ្លួន​​ មិន​គិត​ពី​សង្គម”។

 

លោក​ថ្លែង​ថា ​បើ​ទោះ​​ក្រុមហ៊ុន​នោះ​មាន​ឆន្ទៈ​ ​ឬ​ទឹកចិត្ត​ជួយតិច​ច្រើន​ប៉ុណ្ណា​​ក្ដី ឱ្យ​តែ​ជួយ​សង្គម​​អស់​ពី​ចិត្ត និង​តាម​លទ្ធភាព ក៏​​​ជា​ការ​ចូលរួម​មួយ​ផ្នែក​ដែរ ហើយប្រជាជន​​គួរ​យល់​ថា ត្រូវ​គាំទ្រ​​ក្រុមហ៊ុន​នោះ​​វិញ​ក្នុង​ទំហំ​ប៉ុណ្ណា តាម​ការ​មើល​​ជាក់​ស្ដែង​។

 

“យើង​​សន្មត​ថា គាត់ (ថៅកែក្រុមហ៊ុន)​​ អត់​មាន​ទឹកចិត្ត​ជួយ​សង្គម​ទេ គាត់​ធ្វើ​ចង់​គ្រាន់​ចង់​បាន​មុខមាត់។ គាត់​យក​​​១​ម៉ឺន​ដុល្លារ ទៅ​បោះពុម្ព​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ក្រុមហ៊ុន ផលិតផល សេវាកម្ម​របស់​គាត់ ហើយ​គាត់​យក​១ម៉ឺន​ដុល្លារ ទៅ​បោះពុម្ព​ជា​អាវយឺត​និង​មាន Logo របស់​គាត់ ចែក​ជូន​ប្រជាជន​កំពុង​ខ្វះខាត​ផ្សេងៗ កំពុង​រងា ឬ​ក៏​ក្ដៅ​អីចឹង។ ពីរ​ហ្នឹង​សុទ្ធ​តែ​បម្រើ​ផល​ចំណេញ​របស់​គាត់ តែ​សួរ​ថា​មួយ​ណា ដែល​​សង្គម​​ទទួល​បាន​ផល​ចំណេញ​ជាង”។

 

លោក​ប្រាប់​ថា ​បច្ចុប្បន្នមាន​ក្រុមហ៊ុនជាច្រើន ​បាន​ងាក​មក​ធ្វើ​ការងារ​សង្គម ហើយ​ក្រុមហ៊ុន​ទាំងនោះ ប្រាកដ​ជា​មាន​គោលដៅ​​ថា ត្រូវ​ចំណាយ​ប៉ុន្មាន ​នៃ​ប្រាក់​ចំណេញ​របស់​ពួកគេ និង​ធ្វើ​ក្នុង​រូបភាព​បែប​ណា ​ដើម្បី​ជួយ​​ដល់​សង្គមជាតិ៕

 

២ ចំណុច​ធំៗ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ជោគជ័យ​ពី​លោក ហ៊ន់ សុរចនា

ធ្វើ​ការ​ជាមួយ​អ្នក​សុំ​ យើង​ជា​អ្នក​ក្រ ធ្វើ​ការ​ជាមួយ​អ្នក​ឱ្យ ​យើង​ជា​អ្នកមាន

 

អត្ថបទ៖ អ៊ុំ សុភក្តិ