អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​ចម្បង​ដោយ​សារ​ការ​បើកបរ​ហួស​ល្បឿន​កំណត់

អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​ចម្បង​ដោយ​សារ​ការ​បើកបរ​ហួស​ល្បឿន​កំណត់

យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង សណ្ដាប់​ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​មូលហេតុ​ទាំង​ ៨ ដែល​បណ្ដាល​ឲ្យ​គ្រោះ​ថ្នាក់​ចរាចរណ៍​ គឺ​ការ​បើកបរ​ហួស​ល្បឿន​កំណត់​នៅ​តែ​ជា​មូលហេតុ​​លេចធ្លោ​ជាង​គេ​ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង របួស ដែល​គិត​ចាប់​ពី​ថ្ងៃ​ទី ១-១៤ ខែ​កុម្ភៈ។
 

អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​ចម្បង​ដោយ​សារ​ការ​បើកបរ​ហួស​ល្បឿន​កំណត់

ប៉ូលិស ​ទម្លាយ​រូបភាព​​រថយន្ដ​ទំនើប​ៗ បើកបរ​ហួស​ល្បឿន​កំណត់​​នៅ​លើ​ដង​ផ្លូវ​ជាតិ ៤ កាល​ពី​ពេល​កន្លង​មក ក្រោយ​ពីប្រើ​ឧបករណ៍​បាញ់​ពិនិត្យ​មើល​ល្បឿន​ឡាន​។​ (ច្បាប់​កំណត់​ផ្លូវ​ Highway ត្រឹម​តែ ៨០Km/h ហើយ​ល្បឿន​​ឡាន​នេះ​បើក​​គឺ​រហូត​ដល់ ១២៧Km/h មានន័យ​ថា លើស​ល្បឿន​កំណត់​៕

 
 

ឧត្ដម​សេនីយ៍​ផ្កាយ ៣ រុន រ័ត្នវាសនា ប្រធាន​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​​និយាយ​ថា នៅ​ក្នុង​ច្បាប់​ចរាចរណ៍​ជើង​គោក​ថ្មី​បាន​កំណត់​ថា នៅ​ផ្លូវ​ Highway ច្បាប់​កំណត់​ឲ្យ​បើកបរ​ត្រឹម​ ៨០Km/h ហើយ​ទី​ប្រជុំ​ជន ​គឺ​បើកបរ​ត្រឹម​ ៤០Km/h ហើយ​ប្រសិន​បើ​អ្នក​បើកបរ​លើស​ពី​ល្បឿន​កំណត់​នេះ​នឹង​ត្រូវ​ផាក​ពិន័យ។

 

ប្រធាន​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​រូប​នេះ ធ្លាប់​បាន​លើក​ឡើង​កាល​ពី​​ពេល​កន្លង​មក​ថា អគ្គស្នងការ​នគរបាល​ជាតិ និង បន្ថែម​កម្លាំង​នគរបាល​ចរាចរណ៍​ថែម​ទៀត​ ទាំង​វេន​យប់​​ និង ទាំង​វេន​ថ្ងៃ ដោយ​ផ្ដោត​លើ​ការ​ត្រួតពិនិត្យ​ល្បឿន​យានយន្ត​ (បាញ់​ល្បឿន​ឡាន) និង ជាពិសេស​គ្រឿង​ស្រវឹង​នៅ​ពេល​បើក​បរ​នៅ​ពេល​យប់​ ក្នុង​ទិស​ដៅ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍។

 

ផ្អែក​តាម​ របាយការណ៍​របស់នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង សណ្ដាប់​ធ្នាប់​សាធារណៈ ​គិត​ចាប់​ពី​ ថ្ងៃ​ទី ១-១៤ ខែ​កុម្ភៈ​បាន​បង្ហាញ​ថា អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍ គឺ​មាន​ចំនួន ១៨៩​លើក កើន ៤២ លើក​បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ កាល​ពី​ខែ​មករា​ កន្លង​ទៅនេះ។ តួលេខ​​ខាង​លើ​នេះ​បាន​រក​ឃើញ​ថា ការ​បើកបរ​ហួស​ល្បឿន​កំណត់​​ជា​មូលហេតុ​នាំ​មុខ​គេ​ មាន​ចំនួន ៦៥ លើក​ (ស្លាប់​ ៤៧នាក់) បន្ទាប់​មក​គឺ​ស្រវឹង មាន​ចំនួន ៣១ លើក​ (ស្លាប់​ ២០នាក់)។ មូលហេតុ​ផ្សេង​ៗ​ទៀត​ដែល​នាំ​ឲ្យ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដូចជា ការ​បើកបរ​ជែង​គ្នា, មិន​គោរព​សិទ្ធិ បត់​គ្រោះ​ថ្នាក់, កត្តា​យានយន្ត, និង ងងុយដេក ក្នុង​ពេល​បើកបរ៕

 

រូបភាព​ជា​វីដេអូ​បង្ហាញ​ពី​​រថយន្ដ​ទំនើបៗ​បើកបរ​ហួស​ល្បឿន​កំណត់​

 

 

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា