បទល្មើស​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍​នៅ​ស្រុក​វ៉ើ​ន​សៃ នៅតែ​កើតមាន​យ៉ាង​រាលដាល​

ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី បាន​រិះគន់ថា លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដែល​នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល​នោះទេ​។ ហេតុនេះហើយ​ទើប​មន្ត្រី​អាជ្ញាធរ​ឃុំ​កុក​ឡាក់ ស្រុក​វ៉ើ​ន​សៃ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរខេត្ត​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​លួច​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍​កុក​ឡាក់ ជាបន្ទាន់​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​ឲ្យ​ដឹងថា ព្រៃ​សហគមន៍​កុក​ឡាក់ គឺជា​ព្រៃស្រោង​សេសសល់​ចុងក្រោយ​នៅក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ហើយ​បច្ចុប្បន្ន​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុងព្រៃ​សហគមន៍​ត្រូវគេ​លួច​កាប់​តាម​អំពើ​ចិត្ត​។

តំណាង​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​កុក​ឡាក់ បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​ពួកគាត់​បាន​ល្បាត​ហើយ​ឃើញ​ឈើមូល​រាប់រយ​ដើម​ត្រូវគេ​កាប់​ជា​បន្តបន្ទាប់​នៅក្នុង​ព្រៃ ដោយ​សហគមន៍​មិនអាច​បង្ក្រាបបាន​ព្រោះ​ជនល្មើស​ធ្វើ​សកម្មភាព​នៅពេល​យប់​និង​ដឹកជញ្ជូន​ចេញ​តាម​ច្រក​ជាច្រើន​។ មេឃុំ​កុក​ឡាក់ លោក ផុន សឿង បាន​ឲ្យ​ដឹងថា ការ​លួច​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍​អភិរក្ស​ជា​សកម្មភាព​របស់​ក្រុម​ជនល្មើស​មកពី​តំបន់​ផ្សេង ហើយ​ពួកគេ​កាប់​ឈើ​យកទៅលក់​ឲ្យ​ឈ្មួញ​ដែលមាន​ទីតាំង​ប្រមូល​ទិញ​ក្នុងស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី​។ លោក​មេឃុំ​បាន​លើកឡើងថា ប្រសិនបើ​អាជ្ញាធរខេត្ត​មិន​ជួយ​ចាត់វិធានការ​ទប់​សា្ក​ត់​ឲ្យ​បាន​ទាន់ពេលវេលា​ទេនោះ ឈើមូល​ក្នុងព្រៃ​សហគមន៍​នឹង​ត្រូវគេ​កាប់​អស់​គ្មាន​សល់​។

ប្រភពព័ត៌មាន​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​បាន​ឲ្យ​ដឹងថា ព្រៃ​សហគមន៍​កុក​ឡាក់ មាន​ទំហំ​ជាង​១០០០​ហិកតា​ស្ថិតនៅក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ហើយ​ក្រសួងបរិស្ថាន​បាន​កាត់​ព្រៃ​នេះ​ចេញពី​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ប្រគល់​ឲ្យ​សហគមន៍​អភិរក្ស​តាំងពី​ឆ្នាំ​២០០៩​រហូតមក​។ ប្រជា​សហគមន៍​បាន​ឲ្យ​ដឹង​ទៀតថា ពួកគាត់​ពុំមាន​លទ្ធភាព​ទប់ស្កាត់​បទល្មើស​លួច​កាប់​ឈើ​ក្នុងព្រៃ​អភិរក្ស​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​នោះទេ ព្រោះ​ក្រុម​ជនល្មើស​មានការ​បើកដៃ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ទើប​ពួកគេ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ហេតុនេះហើយ​ទើប​ពួកគាត់​បាន​អំពាវនាវ​ឲ្យ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍​កុក​ឡាក់​ជាបន្ទាន់ ព្រោះ​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​តាម​តួនាទី​របស់ខ្លួន​ឡើយ​៕

dsds-32លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី 90955f82-0ccd-4923-a02b-01db8a46780c