មន្ត្រី​ពាក់ព័ន្ធ​ជា​អ្នក​នៅ​ពីក្រោយ​បទល្មើស​កាប់​ឈើ​ក្នុង​តំបន់​ព្រំប្រទល់​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ស្ពឺ

​ព្រៃឈើ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ជាប់​ព្រំប្រទល់​រវាង​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ស្ពឺ នៅតែ​ប្រឈម​នឹង​ការ​កាប់រំលំ​អារច្រៀក​ដឹកជញ្ជូន​យ៉ាង​អនាធិបតេយ្យ ហើយ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​ពាក់ព័ន្ធ​ពុំមាន​ប្រសិទ្ធភាព​នោះទេ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ប្រជាពលរដ្ឋ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ សមត្ថកិច្ច​នគរបាល និង​កងរាជអាវុធហត្ថ​ជាដើម គឺជា​អ្នក​នៅ​ពីក្រោយ​បទល្មើស ហេតុនេះហើយ​ទើប​បទល្មើស​បន្ត​កើតមាន​ឥតឈប់ឈរ​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា សមត្ថកិច្ច​បង្ក្រាប​តែ​ពួកគាត់​ដែល​ចូល​ព្រៃ​កាប់​អុស​ប៉ុណ្ណោះ ចំណែក​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ពុំមាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​។

​សេចក្ដីរាយការណ៍​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​មន្ត្រី​ក្រសួងបរិស្ថាន និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ មាន​ព្រំប្រទល់​ជាប់​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ស្ពឺ​។ នៅក្នុង​ការបង្ក្រាប​បទ​ល្មើស​នោះ សមត្ថកិច្ច​ប្រមូល​ឈើ​រាប់រយ​រាប់ពាន់​កំណាត់​ដែល​ជនល្មើស​គរ​ទុក​និង​អារច្រៀក​ក្នុងព្រៃ ហើយក៏​មានការ​ឃាត់រ​ថ​យន្ត​ម៉ាក​ដំរីទឹក​២​គ្រឿង​ផងដែរ​។ ក៏ប៉ុន្តែ​ក្រោយពេល​មន្ត្រី​ក្រសួងបរិស្ថាន និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់​ចេញផុត គឺ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​នៅតែ​បន្ត​កើតមាន​យ៉ាង​អនាធិបតេយ្យ​។ ក្រុមមន្ត្រី​បរិស្ថាន​ដែលមាន​តួនាទី​ការពារ​តំបន់​អភិរក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ត្រូវបាន​គេ​ដឹងថា ជា​អ្នក​នៅ​ពីក្រោយ​បទល្មើស​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់វិធានការ​លើ​មន្ត្រី​បរិស្ថាន​ក្នុង​ខេត្តពោធិ៍សាត់ និង​ប្រធាន​គ្រប់គ្រង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ជាបន្ទាន់ ព្រោះ​ពួកគេ​គឺជា​អ្នក​បើកដៃ​ឲ្យ​បទល្មើស​កាប់​ឈើ​កើតឡើង​យ៉ាង​ពេញបន្ទុក​។ ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រី​បរិស្ថាន​ទេនោះ ក្រុម​ជនល្មើស​មិន​ហ៊ាន​ចូលទៅ​កាប់​ឈើ​នៅក្នុង​តំបន់​ជាប់​ព្រំប្រទល់​រវាង​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ស្ពឺ​នោះទេ ព្រោះ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន​។ ហេតុនេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ត្រូវ​បង្ហាញ​អំពី​វិធានការ​ច្បាស់លាស់ ដើម្បី​ការពារ​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ព្រោះ​បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​ក្នុង​តំបន់​នេះ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​ធម្មជាតិ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​ពឹងផ្អែក​អនុផល​ព្រៃឈើ​៕

7-5 4-14