លោក លូ គឹមឈន់ អគ្គនាយក​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ចាក់ដី​លុប​ព្រៃ​លិច​ទឹក​តាម​អំពើ​ចិត្ត​

រឿង​លោក លូ គឹមឈន់ អគ្គនាយក​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ចាក់ដី​លុប​ព្រៃ​លិច​ទឹក​ដើម្បី​រំលោភ​យក​ដី​ធ្វើជា​កម្មសិទ្ធិ​នោះ ត្រូវ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​រិះគន់​យ៉ាងខ្លាំង ហើយ​អំពាវនាវ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ក្រសួងបរិស្ថាន ចាត់វិធានការ​លើ​មន្ត្រីជាន់ខ្ពស់​រូបនេះ​តាមច្បាប់​។ ដោយហេតុថា ទង្វើ​របស់លោក លូ គឹមឈន់ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​ធម្មជាតិ​ឆ្នេរសមុទ្រ តំបន់​ចម្ការ​ដូង និង​ព្រៃ​លិច​ទឹក​ផងដែរ​។ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​កុំ​ឲ្យ​លោក លូ គឹមឈន់ អាង​អំណាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។

​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា លោក លូ គឹមឈន់ បាន​ទិញ​ដីភ្នំ​ជាច្រើន​កន្លែង​ដឹក​យកទៅ​ចាក់​លុប​ព្រៃ​លិច​ទឹក​និង​លុប​សមុទ្រ​តាម​បណ្ដោយ​ឆ្នេរ​តំបន់​ចម្ការ​ដូង​ស្រេច​តែ​អំពើ​ចិត្ត​។ នៅពេលដែល​ប្រជាពលរដ្ឋ​រិះគន់​ខ្លាំងៗ​ទើប​កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦ លោក ទិ​ត្យ វុទ្ធី អភិបាលស្រុក​ព្រៃនប់ បាន​ឲ្យ​ដឹងថា ការចាក់ដី​លុប​ឆ្នេរ លុប​ព្រៃ​លិច​ទឹក របស់លោក លូ គឹមឈន់ ពុំមាន​ច្បាប់​អនុញ្ញាត​នោះទេ ហើយ​មន្ត្រី​អាជ្ញាធរ​ស្រុក​ក៏បាន​ចុះទៅពិនិត្យ​ដល់​កន្លែងកើតហេតុ​ដែរ​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរខេត្ត​ព្រះសីហនុ និង​ក្រសួង​ពាក់ព័ន្ធ ចាត់វិធានការ​តាមច្បាប់​ទៅលើ​លោក លូ គឹមឈន់ ដើម្បី​ព្រមាន​ដល់​មន្ត្រី​ដទៃទៀត​ផងដែរ​។

ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ បាន​ទទួលស្គាល់ថា ពិតជា​មានការ​ជី​កក​កាយ​ដីភ្នំ​ដឹកជញ្ជូន​យកទៅ​ចាក់​លុប​តំបន់ឆ្នេរ​និង​ព្រៃ​លិច​ទឹក​ដូច​ប្រជាពលរដ្ឋ​រិះគន់​មែន​។ ទោះជា​យ៉ាងណា​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ​បានត្រឹមតែ​តម្រូវ​ឲ្យ​លោក លូ គឹមឈន់ កាយ​ដី​ចេញ​វិញ​ឲ្យ​អស់​ប្រវែង​៥០​ម៉ែត្រ​ពី​ឆ្នេរ​ដោយ​មិន​ហ៊ាន​ចាត់វិធានការ​តាមច្បាប់​ទៅលើ​មន្ត្រីជាន់ខ្ពស់​រូបនេះ​ឡើយ​។ ចំណែក​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​បិត​ត្រាំ​ង បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ ទប់ស្កាត់​កុំ​ឲ្យ​មាន​បទល្មើស​ចាក់ដី​លុប​ព្រៃ​លិច​ទឹក​តទៅទៀត ព្រោះ​ព្រៃ​នោះ​គឺជា​កន្លែង​ពួកគាត់​ប្រក​បរបរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​រាប់សិប​ឆ្នាំ​មកហើយ​។ ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ហើយ​ត្រូវ​ចាត់វិធានការ​តាមច្បាប់​ទៅលើ​អ្នកមាន​លុយ អ្នកមានអំណាច ដែល​ទន្ទ្រាន​កាន់កាប់​ដី​ឆ្នេរសមុទ្រ និង​ដីព្រៃ​លិច​ទឹក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​៕

lou-kim-chun Pic10 - Copy imagesលោក លូ គឹមឈន់ អគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុ