លោក កឹម សុខា ផ្ញើ​សារធម៌​អហិង្សា​ដល់​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​ដើម្បី​បញ្ចៀស​បាតុកម្មហិង្សា​

​ក្នុងពេលដែល​គម្រោង​នៃ​ការធ្វើ​បាតុកម្ម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ទាំង​នៅ​សហរដ្ឋអាមេរិក និង​នៅ​ប្រទេស​កម្ពុជា​នោះ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បានប្រកាស​នៅលើ​ទំព័រ​ហេ្វ​ស​ប៊ុ​ក​របស់លោក​នៅក្នុង​ថ្ងៃនេះ​ថា អហិង្សា​ជា​ប្រាថ្នា​របស់លោក​។ ធម៌​អហិង្សា​ត្រូវគេ​កត់សម្គាល់​ឃើញថា ជា​គោលជំហរ និង​ជា​គោលនយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ប្រកាន់ខ្ជាប់​នៅ​គ្រប់​កាលៈទេសៈ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា​នឹងធ្វើ​ការផ្លាស់ប្តូរ​នៅ​កម្ពុជា​តាមរយៈ​ការបោះឆ្នោត​ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​។​

​សារ​អហិង្សា​របស់​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​ទាំង​ព្រឹក​នេះ ធ្វើឡើង​ចំពេល​ដែល​ក្រុមយុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ព្រមាន​ធ្វើបាតុកម្ម​ប្រឆាំងនឹង​គណបក្ស​សង្គ្រោះ​ជាតិ​នៅថ្ងៃនេះ បើ​មាន​បាតុកម្ម​ប្រឆាំងនឹង​លោក ហ៊ុន សែន នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​។ សារ​របស់​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ត្រូវគេ​សន្និដ្ឋានថា ចង់​ប្រាប់​ក្រុមយុវជន​គណបក្សកាន់អំណាច​ឲ្យ​ធ្វើបាតុកម្ម​ដោយ​អហិង្សា ព្រោះ​កន្លងមក​បាតុកម្ម​របស់​ក្រុមយុវជន​គណបក្ស​ប្រជាជន​កម្ពុជា​បានប្រែក្លាយ​ពី​អហិង្សា​ទៅជា​ហិង្សា​ដែល​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​តំណាងរាស្ត្រ​គណបក្សជំទាស់​។​

គួរ​បញ្ជាក់ថា លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងអំឡុងពេល​ជាប់គាំង​នយោបាយ​កាល​ឆ្នាំ​២០១៤ បាន​ព្រមាន​ថា​លោក​មិន​ខ្លាច​ក្នុងការ​ធ្វើបាតុកម្ម​នោះទេ ហើយ​លោក​អាច​នឹង​ប្រើប្រាស់​មធ្យោបាយ​យក​បាតុកម្ម​ប្រឈមមុខ​ជាមួយ​បាតុកម្ម ពោលគឺ​បាតុកម្ម​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ធ្វើ ខណៈ​បាតុកម្ម​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ធ្វើ​ផងដែរ ។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ កន្លងមក បាន​ផ្ញើ​នូវ​សារ​នយោបាយ ជូន​ដល់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដូចតទៅ​នេះ​៖ ទី​១-​សូម​ឲ្យ​សមាជិក​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ អត់ធ្មត់ គឺ​មិន​ឆ្លើយ មិន​ឆ្លង មិន​ឈ្លោះ តែ​ត្រូវ​ព្យាយាម​ធ្វើការ​ឲ្យ​បាន​ដិតដល់ ឲ្យ​បាន​ខ្លាំងក្លា ផ្ដោត​សំខាន់​ទៅលើ​ការបោះឆ្នោត​។ ទី​២-​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ត្រៀមខ្លួន​ប្រកួត​ជាមួយ​គណបក្ស​ផ្សេង គឺ​ប្រកួត​លើ​គោលនយោបាយ កម្មវិធី​នយោបាយ សារ​នយោបាយ ចៀសវាង​ការវាយប្រហារ​ពី​រឿង​បុគ្គល​។ ទី​៣-​គណបក្ស​សង្គ្រោះ​ជាតិ​សូម​ប្រកាសជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ជ្រាបថា នៅពេលដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ​ឈ្នះឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើយ៉ាងណា​ឲ្យ​មាន​ស្ថិរភាព​នយោបាយ និង​ឈានទៅ​អភិវឌ្ឍន៍​សម្រាប់​ទាំងអស់គ្នា ដោយ​ឈរលើ​មូលដ្ឋាន​ឯកភាព​ជាតិ​៕

12688263_1286038348080128_8481850574600105443_n