បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ចែកចាយថ្នាំញៀន

បាត់ដំបង៖ កម្លាំងនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី១៤ ខែកុម្ភៈ បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការពាក់ព័ន្ធ ករណីចែកចាយថ្នាំញៀន បន្ទាប់ពីនគរបាលការិយាល័យ ជំនាញនៃស្នងការ ខេត្តបាត់ដំបងធ្វើការឃាត់ ខ្លួនជាក់ស្តែងរួចមក។

នាយស្តីទី នៃការិយាល័យ ប្រឆាំងគ្រឿងញៀន ខេត្តបាត់ដំបង លោក ស៊ាន សុណាល់ បានឲ្យដឹងថា នៅម៉ោង ១២៖៥០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងជំនាញ បានឃាត់ខ្លួននារីម្នាក់ ក្នុងបទល្មើសជាក់ស្តែង។

លោក ស៊ាន សុណាល់ បន្តទៀតថា នារីសង្ស័យដែល ត្រូវឃាត់ខ្លួននោះ ឈ្មោះ ហ៊ឺន សំណាង ហៅយ៉ា ភេទស្រីអាយុ ២២ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ព្រមទាំងរឹបអូសបាន ម៉ាទឹកកក ៣កញ្ចប់តូច មានទម្ងន់ស្មើនឹង ១,២៨ក្រាម និងសម្ភារៈមួយចំនួនទៀត នាំយកការិយាល័យ ជំនាញដើម្បីសាកសួរ ជនសង្ស័យបាន ឆ្លើយសារភាពថា ខ្លួនពិតជាបាន រកស៊ីចែកថ្នាំញៀន ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលជំនាញ កសាងសំណុំរឿង បញ្ជូនខ្លួន និងវត្ថុតាងទៅសាលាដំបូងរខេត្ត កាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០១៦ នេះ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ចែកចាយថ្នាំញៀន