មេឃខៀវចាញ់ ភ្ញៀវមាន់ខ្នាយមាស ខណៈដែលហង្សក្រហម លត់ម្ចាស់ផ្ទះមិនឲ្យ តដៃរួច(មានវីដេអូ)

ឡុងដ៏៖  ក្លឹបហង្សក្រហម Liverpool កាលពីរាត្រីយប់មិញនេះបានលត់ក្លឹបម្ចាស់ផ្ទះ Aston Villa ក្នុងលទ្ធផល ៦-០ ខណៈដែលក្លឹបមាន់ខ្នាយមាស យកឈ្នះម្ចាស់ផ្ទះមេឃខៀវ Manchester City ក្នុងលទ្ធផល២-១  នេះបើយោងតាម BBC ចុះផ្សាយ។

ក្នុងទិវានៃក្តីស្រឡាញ់ យប់មិញនេះ ក្លឹបហង្សក្រហម Liverpool បានយកឈ្នះក្លឹប Aston Villa ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៦-០ ដោយគ្រាប់បាល់ទី១ រកបានដោយកីឡាករ  Daniel Sturridge នៅនាទី១៦  នាទី២៥ រកបានដោយកីឡាករ James Milner  ។

នៅតង់ទី១នេះ ក្លឹបហង្សក្រហមបានយកឈ្នះបណ្តោះអាសន្នជាមួយនឹងក្លឹបម្ចាស់ផ្ទះ ក្នុងលទ្ធផល ២-០ ។

រហូតដល់តង់ទី២វិញ ក្លឹប ហង្សក្រហមមួយនេះបានបន្តរកគ្រាប់បាល់ជូនក្លឹប នៅនាទី ៥៨ រកបានដោយ Emre Can នាទី៦៣ រកបានដោយ Divock Origi  នាទី ៦៥ រកបានដោយ Nathaniel Clyne និងនាទី៧១ រកបានដោយ Kolo Toure ។

ដោយឡែកសម្រាប់ក្លឹបដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះ គឺ ក្លឹបមាន់ខ្នាយមាស ប្រកួតជាមួយនឹង ក្លឹបមេឃខៀវ Manchester City  ។ វាជារឿងអកុសលសម្រាប់ក្លឹប Manchester City ដែលមិនអាចយកឈ្នះក្លឹបមាន់ខ្នាយមាសបាន ដោយចាញ់ក្នុងលទ្ធផល ២-១ ។

គ្រាប់បាល់ដែលរកមាន់ខ្នាយមាសរកបានដំបូងនៅនាទី ៥៤ ដោយការស៊ុតប៉េណ័លទី របស់កីឡាករ Harry Kane ប៉ុន្តែនៅនាទី៧៤ កីឡាករ Kelechi Iheanacho ជួយឲ្យមេឃខៀវតាមស្មើក្លឹបភ្ញៀវ មាន់ខ្នាយមាស វិញ  ។ ទោះបីជាតាមស្មើ តែក្លឹបមេឃខៀវគ្មានឱកាសឈ្នះឡើយ ដោយនាទី ៨៣ កីឡាករ  Christian Eriksen ជួយឲ្យមាន់ខ្នាយមាសឈ្នះ ក្នុងលទ្ធផល ២-១ ឡើងទៅកាន់តារាងលេខរៀងទី២ ក្នុងលីកកំពួលអង់គ្លេស ។

បញ្ជាក់ផងដែរថា ក្លឹបដែលឈរនៅលើកំពូលតារាងក្នុងលីកកំពូលអង់គ្លេសគឺ ក្លឹប Leicester City មាន៥៣ពិន្ទុ ក្លឹប Tottenham Hotspur នៅលេខរៀងទី២មាន ៥១ពិន្ទុ ក្លឹប កាំភ្លើងធំ Arsenal ធ្លាក់មកលេខរៀងទី៣ មាន៥១ពិន្ទុ  ក្នុងចំណោម២៦ ប្រកួតដូចគ្នា៕

ទស្សនាវីដេអូឃ្លិបដូចខាងក្រោម៖

មេឃខៀវចាញ់ ភ្ញៀវមាន់ខ្នាយមាស ខណៈដែលហង្សក្រហម លត់ម្ចាស់ផ្ទះមិនឲ្យ តដៃរួច(មានវីដេអូ)